សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការឡើងថ្លៃប្រាក់ដុល្លារ បង្កហានិភ័យដល់ប្រទេសនាំចូលស្បៀងអាហារ
20, Oct 2022 , 8:29 pm        
រូបភាព
ស្ត្រី និងកុមារក្នុងប្រទេសប៉ាគីស្ថាន ដែលជួបប្រទះនឹងអសន្តិសុខស្បៀងបានកំពុងឈរទទួលអំណោយសប្បុរសធម៌។ រូបពី AP ។
ស្ត្រី និងកុមារក្នុងប្រទេសប៉ាគីស្ថាន ដែលជួបប្រទះនឹងអសន្តិសុខស្បៀងបានកំពុងឈរទទួលអំណោយសប្បុរសធម៌។ រូបពី AP ។
ប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារ កំពុងទទួលរងឥទ្ធិពលនៃការកើនឡើងអត្រាការប្រាក់ ជាមួយប្រាក់ដុល្លារ និងការទូទាត់ទំនិញ។ នេះបើតាមសារព័ត៌មាន Bloomberg។



អ្នកនាំចេញអាហារពីប្រទេសហ្កាណាទៅប៉ាគីស្ថានកំពុងជួបការលំបាកក្នុងការចំណាយលើទំនិញរបស់ខ្លួន ខណៈដែលប្រាក់ដុល្លារឡើងថ្លៃ។ បើតាម Bloomberg អ្នកនាំចេញផលិតបានព្រមានពីកង្វះខាតទំនិញ មុនពេលបុណ្យណូអែល ឬ គ្រិស្តស្មាសខាងមុខ ខណៈកុងតឺន័ររ ដឹកស្បៀងអាហារ រាប់ពាន់គ្រឿង កំពុងកកស្ទះនៅកំពង់ផែប្រទេសប៉ាគីស្ថាន ។ រីឯអ្នកដុតនំនៅក្នុងប្រទេសអេហ្ស៊ីប បានដំឡើងថ្លៃ ក្រោយពីរោងចក្រខ្លះ អស់វត្ថុធាតុដើម ដោយសារតែស្រូវសាលី ត្រូវបានជាប់គាំងនៅការិយាល័យគយ។
 
ការពិតទៅបញ្ហានេះ មិនមែនជារឿងថ្មីទេ ដែលកំពុងកើតមាននៅប្រទេសជាច្រើន  ដោយសារតែការថយចុះកម្លាំងនៃការទិញ និងកង្វះប្រាក់ដុល្លារ ដែលធ្វើឱ្យពិបាកក្នុងការនាំចូលទំនិញ ស្របពេលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អូសបន្លាយពេលកាន់តែយូរ។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានអំពីគ្រោះមហន្តរាយធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដូចវិបត្តិ ស្បៀងអាហារពិភពលោក ដែលបានកើតឡើងក្នុងឆ្នាំ ២០០៧-២០០៨។ 
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen ក៏បានអំពាវនាវឱ្យមានជំនួយស្បៀងអាហារដល់អ្នកដែលងាយរងគ្រោះបំផុត។ ទន្ទឹមនឹងនេះ កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) បានឱ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រទំនើប។
 
តម្លៃប្រាក់Cendi របស់ប្រទេសហ្កាណាបានធ្លាក់ចុះប្រហែល ៤៤ភាគរយនៅឆ្នាំនេះ ធៀបនឹងប្រាក់ដុល្លារ ។ លោក Samson Asaki Awingobit លេខាធិការប្រតិបត្តិនៃសមាគមអ្នកនាំចូល-ចេញ នៃប្រទេសហ្កាណា បានលើកឡើងថា ហ្កាណានឹងកង្វះខាតម្ហូបមួយចំនួន នាពេលខាងមុខ។ 
លោក បញ្ជាក់ថា ៖«ប្រាក់ដុល្លារកំពុងលេបត្របាក់ប្រាក់Cendi ហើយពួកយើងកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម»។
 
ប្រទេសមួយចំនួន អាចប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត ដូចជាប្រាក់អឺរ៉ូ សម្រាប់ការទូទាត់ ខណៈតម្លៃម្ហូបអាហារ និងទំនិញសកល ក៏បានធ្លាក់ចុះរយៈពេល ៦ខែជាប់គ្នា ។
ជាមួយគ្នានេះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ស្បៀងអាហារពីសមុទ្រខ្មៅ (Black Sea) ខណៈដែលភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែឡើងកម្តៅ ជាមួយការប្រែប្រួលអាកាសធាតុខ្លាំងឡើង នាពេលចុងក្រោយនេះ ។ ចំណែកការត្រៀមស្តុកទុកស្បៀង និងថាមពលកើនឡើង ក៏បានបង្កើនថ្លៃដើមផលិតកម្មអាហារផងដែរ។
 
បើតាម IMF នៅពេលដែលធនាគារកណ្តាលនៃបណ្តាប្រទេសនីមួយៗ បន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ឬប្រាក់ដុល្លារកាន់តែឡើងថ្លៃ បើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត នៅក្នុងទីផ្សារប្រទេសទាំងនោះ ដែលបណ្តាលឱ្យមានការដាក់សម្ពាធអតិផរណា និងបំណុលកើនឡើង។  
 
លោក Muzzammil Rauf Chappal ប្រធានសមាគមគ្រាប់ធញ្ញជាតិប៉ាគីស្ថាន បានលើកឡើងថា ប្រទេសនេះកំពុងរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ហើយវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់លំហូរចេញនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស បានបណ្តាលឱ្យស្បៀងអាហារប្រមូលផ្តុំនៅកំពង់ផែ ដែលបណ្តាលឱ្យតម្លៃកើនឡើងទ្វេដង។ ស្ថានភាពនេះត្រូវបានធូរស្រាលវិញ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលទើបតែងតាំងថ្មី បានសន្យាថានឹងដោះស្រាយបញ្ហានេះ។
 
នៅក្នុងប្រទេសអេហ្ស៊ីបឯនោះវិញ រោងម៉ាស៊ីនកិនស្រូវប្រហែល ៨០ភាគរយបានអស់ស្រូវសាលី ហើយត្រូវបានបិទទ្វារ ខណៈដែលគ្រាប់ធញ្ញជាតិប្រហែល ៧០០ពាន់តោន បានជាប់គាំងនៅកំពង់ផែ ចាប់តាំងពីដើមខែកញ្ញា។ នេះបើយោងតាមសភាឧស្សាហកម្មគ្រាប់ធញ្ញជាតិអេហ្ស៊ីប៕
 

Tag:
 ស្បៀងអាហារ ប្រាក់ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com