កីឡាជាតិ
សង្គមជាតិ
ពលរដ្ឋជាង៣០០គ្រួសារនៅស្រុកអង្គរធំ ឱ្យអាជ្ញាធរបកស្រាយរឿងបោះបង្គោលចូលដីពួកគេ
20, Oct 2022 , 8:59 pm        
រូបភាព
ការតវ៉ារបស់ពលរដ្ឋ។ រូបភាពពីហ្វេសប៊ុក
ការតវ៉ារបស់ពលរដ្ឋ។ រូបភាពពីហ្វេសប៊ុក
សៀមរាប៖ ពលរដ្ឋជាច្រើននាក់ បានផ្ទុះការតវ៉ានៅព្រឹកថ្ងៃទី២០ តុលា នាបរិវេណសាលាឃុំពាក់ស្នែង ស្រុកអង្គរធំ ដើម្បីសុំឱ្យអាជ្ញាធរពន្យល់ករណី ដែលមានការបោះបង្គោលព្រំចូលដីអាស្រ័យផលពួកគេ។

 
ពលរដ្ឋទាំងនោះ បានបង្ហាញក្ដីបារម្ភចំពោះចេតនានៃការបោះបង្គោលកំណត់ព្រំចូលដីស្រែរបស់ខ្លួន។ 
តើការបោះបង្គោលព្រំនេះមានមូលហេតុអ្វី? នេះជាសំណួរដែលអ្នកភូមិសួរទៅអាជ្ញាធរ និងដោយសំឡេងបន្ទរគ្នាច្រើនទៀតថា ពួកគេមិនសប្បាយចិត្តទេចំពោះការបោះបង្គោលដីនោះទេ។ ពួកគេអះអាងថា ដាច់ខាតមិនឱ្យបាត់បង់ដីទាំងនោះឡើយ។ 


 សកម្មភាពតវ៉ារបស់ពលរដ្ឋឃុំពាក់ស្នែង និងស្វាយចេក នាព្រឹកថ្ងៃទី២០ តុលា នៅមុខសាលាស្រុកពាក់ស្នែង។ រូបភាពពីហ្វេសប៊ុក
 
ជុំវិញករណីនេះ នាយករដ្ឋបាលស្រុកអង្គរធំ លោក ខាន់ ម៉ាង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពលរដ្ឋចំនួន២ឃុំ ដែលមានជាង៣០០គ្រួសារ បានលើកគ្នាតវ៉ានៅពេលនេះ គឺនៅឃុំពាក់ស្នែង និងស្វាយចេក។ លោកពន្យល់ថា បញ្ហានេះ កើតឡើងដោយសារពួកគេមិនយល់ពីករណីបោះព្រំបង្គោលដីក្នុងគម្រោងអភិវឌ្ឍន៍ពាក់ស្នែង ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ដោយក្រុមការងារតម្រង់ទិសដោះស្រាយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។
 
តាមការពន្យល់របស់លោក ខាន់ ម៉ាង ករណីនេះលោកមិនច្បាស់ថា ការបោះបង្គោលពិតជាចូលដីរបស់ប្រជាពលរដ្ឋប្រាកដឬយ៉ាងណាទេ ដោយសារជាគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ តែកន្លងមកប្រជាពលរដ្ឋពិតជាអាស្រ័យផលនៅទីនោះពិតមែន ដូចជាធ្វើស្រែ ដាំដំឡូងមី និងផ្នែកខ្លះដាំដំណាំចន្ទីផង។
 
ការតវ៉ាដោយសន្ដិវិធី បានបញ្ចប់ទៅវិញនៅវេលាម៉ោងប្រមាណ១១ព្រឹក ដោយអាជ្ញាធរស្រុក និងឃុំ បានទទួលយកសំណូមពរពីពលរដ្ឋ ដោយសន្យាថា នឹងដាក់ទៅថ្នាក់លើដើម្បីមានដំណោះស្រាយចំពោះបញ្ហានេះ។ ពលរដ្ឋបានស្នើឱ្យមានការបកស្រាយពីករណីបោះបង្គោលព្រំ ហើយថាប្រសិនបើរដ្ឋពិតជាចង់អភិវឌ្ឍន៍ដីពួកគេមែន អ្វីទៅជាគោលនយោបាយដោះស្រាយជូនគ្រួសាររងគ្រោះ? នេះជាការលើកឡើងរបស់លោក ខាន់ ម៉ាង។
 
យ៉ាងណា ករណីរបស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបាននាយករដ្ឋបាលស្រុកអង្គរធំអះអាងថា ការអាស្រ័យផលរបស់ពួកគេ គឺនៅលើដីគម្របព្រៃឈើរបស់រដ្ឋ។ លោក ខាន់ ម៉ាង៖« ពួកគាត់អាស្រ័យផលទីនេះ គឺទីតាំងអាស្រ័យផលគម្របព្រៃឈើ២០០២ ក៏ដូចជាស្ថិតក្នុងដីការដកហូតរបស់សាលាខេត្ត១១៦ផងដែរ ចេញដោយសាលាខេត្ត ២០០៥»៕
 
 
 
 
 
 

Tag:
 ពាក់ស្នែង
  ដីអភិវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com