អន្តរជាតិ
ម៉ាឡេស៊ី នឹងបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី១៩ ខែវិច្ឆិកា
20, Oct 2022 , 9:29 pm        
រូបភាព
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី Abdul Ghani Salleh (កណ្ដាល)។ រូបថត AFP
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី Abdul Ghani Salleh (កណ្ដាល)។ រូបថត AFP
ដោយ:
ម៉ាឡេស៊ី នឹងរៀបចំការបោះឆ្នោតជាតិលើកទី១៥នៅថ្ងៃទី១៩ ខែវិច្ឆិកា មុនកាលកំណត់ដល់ទៅមួយឆ្នាំ។ នេះបើតាមការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ីនៅថ្ងៃទី២០ ខែតុលា។



ដើម្បីពង្រឹងភាពស្របច្បាប់ និងស្វែងរកអាសនៈបក្សបន្ថែមក្នុងសភា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ismail Sabri Yaakob ប្រកាសរំលាយសភាកាលពីសប្តាហ៍មុនដើម្បីត្រួសត្រាយផ្លូវបោះឆ្នោតនេះ។
 
តាមពិតទៅទាល់តែខែកញ្ញា ឆ្នាំ២០២៣ ទើបដល់ថ្ងៃកំណត់បោះឆ្នោតជាតិលើកទី១៥របស់ម៉ាឡេស៊ី ប៉ុន្តែដោយសារតែរងសម្ពាធក្នុងរង្វង់បក្សចម្រុះរបស់សម្ព័ន្ធភាពកាន់អំណាច នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ismail Sabri Yaakob ប្រកាសរំលាយសភានៅថ្ងៃទី១០ ខែតុលាក្រោយទទួលបានការយល់ព្រមពីព្រះមហាក្សត្រដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ។ 
 
«កាលបរិច្ឆេទបោះឆ្នោតគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា»។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Abdul Ghani Salleh ប្រកាសបែបនេះនាសន្និសីទកាសែតថ្ងៃទី២០ ខែតុលា។ 
 
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី បេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តនឹងប្រកាសនៅថ្ងៃទី៥ ខែវិច្ឆិកា ហើយបក្សនីមួយៗមានរយៈពេល១៤ថ្ងៃសម្រាប់ឃោសនារកសំឡេងឆ្នោត។
 
នេះជាឆ្នាំដំបូងហើយដែលម៉ាឡេស៊ីទម្លាក់អាយុអ្នកមានសិទ្ធិបោះឆ្នោតពី២១មក១៨ឆ្នាំវិញ។ ដូច្នោះ ការរើសរដ្ឋាភិបាលសម្រាប់៥ឆ្នាំបន្ទាប់នេះនឹងមានការចូលរួមពីប្រជាជនម៉ាឡេស៊ីដល់ទៅ២១លាននាក់។ បក្ស ឬបក្សចម្រុះណាដែលទទួលសំឡេងគាំទ្រភាគច្រើនពោលគឺ១១២នៃ២២២អាសនៈនឹងអាចបង្កើតរដ្ឋាភិបាលសម្រាប់អាណត្តិបន្ទាប់បានហើយ។
 
បើតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នលោក Ismail Sabri Yaakob ដែលត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តីម្តងទៀតរបស់បក្ស United Malays National Organization ការបោះឆ្នោតនេះនឹងបញ្ចប់អស្ថិរភាពនយោបាយក្នុងប្រទេសប៉ុន្មានឆ្នាំមកនេះ។ ក្នុងរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ ម៉ាឡេស៊ីប្តូរនាយករដ្ឋមន្រ្តី៣ដង ក្រោយបក្សប្រឆាំងនៅឆ្នាំ២០១៨ជាប់ឆ្នោតជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត តែមិនដល់ពីរឆ្នាំផងក៏ចុះចេញពីតំណែងវិញ៕
 
 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com