អន្តរជាតិ
អាម៉េរិក ពិចារណាផលិតសព្វាវុធរួមគ្នាជាមួយតៃវ៉ាន់
20, Oct 2022 , 10:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
រដ្ឋាភិបាល​អាម៉េរិក​កំពុង​ពិចារណា​ផែនការ​ផលិត​សព្វាវុធ​រួមគ្នា​ជាមួយ​តៃវ៉ាន់ ដើម្បីពន្លឿនការផ្ដល់អាវុធដល់តៃវ៉ាន់ប្រឆាំងនឹងចិន។ ប្រធានក្រុមប្រឹក្សាធុរកិច្ចរវាងអាម៉េរិកតៃវ៉ាន់លើកឡើងបែបនេះនៅថ្ងៃទី១៩ ខែតុលា។ ដំណើរការផលិតរួមគ្នាទំនងធ្វើតាមរយៈអាម៉េរិកផ្តល់បច្ចេកវិទ្យាផលិតអាវុធទៅតៃវ៉ាន់ ឬផលិតអាវុធនៅអាម៉េរិកដោយប្រើគ្រឿងបន្លាស់របស់តៃវ៉ាន់។



ប្រធានាធិបតី​អាម៉េរិក​បាន​អនុម័ត​លក់​សព្វាវុធ​មានតម្លៃជាង២០ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ដើម្បីប្រឆាំង​ចិន​ដែលបង្កើន​សម្ពាធ​យោធា​លើ​កោះគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ។ យ៉ាងណាមិញ ដំណើរការដឹកជញ្ជូនសព្វាវុធត្រូវបានពន្យាពេល ដោយសារតែមានបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ និងមកពីសង្គ្រាមនៅអ៊ុយក្រែន។ 
 
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-តៃវ៉ាន់ លោក Rupert Hammond-Chambers នៅថ្ងៃទី១៩ ខែតុលា លើកឡើងថា រដ្ឋាភិបាលអាម៉េរិក កំពុងពិចារណាលើគំនិតផ្ដួចផ្ដើមចូលរួមផលិតសព្វាវុធជាមួយតៃវ៉ាន់ ដើម្បីពន្លឿនការបញ្ជូនអាវុធជំរុញការរារាំងរបស់តៃវ៉ាន់ប្រឆាំងនឹងចិន។ 
 
លោក Hammond-Chambers អះអាងបន្តថា គម្រោងផលិតសព្វាវុធមិនទាន់បានកំណត់ប្រភេទអាវុធមួយណានឹងត្រូវផលិតនៅឡើយ តែវាទំនងជាផ្តោតលើការផលិតគ្រាប់កាំភ្លើង និងបច្ចេកវិទ្យាផលិតមីស៊ីល។ ប៉ុន្តែ​លោក​ Hammond-Chambers ​ព្រមាន​អំពី​គម្រោងបែប​នេះតម្រូវ​ឱ្យ​អ្នក​ផលិត​សព្វាវុធ​ទទួល​បាន​អាជ្ញាប័ណ្ណ​សហការ​ផលិត​ចេញពីក្រសួងការពារជាតិអាម៉េរិក។ 
 
ក្រសួងការបរទេសតៃវ៉ាន់បានបដិសេធសុំមិនធ្វើការអធិប្បាយចំពោះរឿងគម្រោងនោះឡើយ ប៉ុន្តែបានរំលឹកឡើងវិញថាទំ នាក់ទំនងតៃវ៉ាន់ និងអាមេរិកគឺជាទំនាក់ទំនងជិតស្និទ្ធនិងបែបមិត្តភាព។ បើតាម សាព័ត៌មាន Nikkei អាម៉េរិកមានលទ្ធភាពផ្តល់បច្ចេកវិទ្យាផលិតអាវុធទៅតៃវ៉ាន់ ឬផលិតអាវុធនៅអាម៉េរិកដោយប្រើគ្រឿងបន្លាស់របស់តៃវ៉ាន់៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com