កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ «ការគាំទ្រកីឡាមិនមែនតែនៅពេលឈ្នះទេ ពេលចាញ់ក៏គាំទ្រ»
21, Oct 2022 , 7:59 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ(អាវដៃខ្លីខាងស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
លោក អាំង សិរីពិសិដ្ឋ(អាវដៃខ្លីខាងស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មើលឃើញគុណផលកីឡាករជម្រើសជាតិកម្ពុជា មានភាពរីកចម្រើនហួសពីការរំពឹងទុក បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិ​ជាប្រវត្តិសាស្រ្តជាមួយភ្ញៀវសិង្ហបុរី និងការប្រកួតក្រៅផ្លូវការកម្តៅសាច់ដុំជាមួយគុយបាយ អាយុក្រោម២១ឆ្នាំ។ អគ្គលេខាធិការរូបនេះ ស្នើអ្នកគាំទ្រវិស័យកីឡាបាល់ទះ និងកីឡាផ្សេងៗ សូមកុំគាំទ្រតែពេលឈ្នះ។

 
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗនាទីលានបាល់ទះក្នុងសាលព្រីនស៍ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក អាំង សិរីពិសិដ្ឋរៀបរាប់ថា៖ «គុណផលរបស់កីឡាករស្តែងចេញលើការអនុវត្តជាក់ស្តែងនៅលើទីលាន ទោះបីជាការប្រកួតកម្តៅសាច់ដុំក៏ពិតមែន ខ្ញុំពេញចិត្តពេញថ្លើមនៃគុណផលដែលកីឡាបាល់ទះកម្ពុជារបស់យើងធ្វើដល់កម្រិតនេះអាចលេងតទល់ជាមួយជម្រើសជាតិគុយបា ទោះបីជាអាយុក្រោម២១ឆ្នាំក៏ពិតមែន ប៉ុន្តែខ្ញុំគិតថាវាហួសពីអ្វីដែលខ្ញុំរំពឹងទុក»។
 
លោកអគ្គលេខាធិការ បានបន្ថែមថាទោះបីជាមានការហ្វឹកហាត់បិទខ្ទប់រយៈពេលយូរក៏ដោយ តែសមត្ថភាពកីឡាករក្រុមជម្រើសជាតិមានកើនឡើងជាងមុន។ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺកីឡាករពុំមានពេលសម្រាកឡើយ ពោលគឺព្យាយាមហ្វឹកហាត់ទ្វេរដងដើម្បីបំពេញបេសកកម្មនៅឆ្នាំ២០២៣ នាកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
លោក សិរីពិសិដ្ឋ ក៏បានអំពាវនាវដល់មហាជនអ្នកគាំទ្រវិស័យកីឡាបាល់ទះ សូមកុំបង្អាប់បង្អាក់ទឹកចិត្តកីឡាករ និងថ្នាក់ដឹកនាំ នៅពេលដែលប្រកួតបរាជ័យ។ ជាធម្មតាកីឡាករគឺពិតជាចង់ឈ្នះដើម្បីមុខមាត់ប្រទេសជាតិខ្លួន។
 
លោក អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា៖«ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិការគាំទ្រវិស័យកីឡាមិនមែនគាំទ្រតែនៅពេលឈ្នះទេ ពេលចាញ់ក៏គាំទ្រ នោះវិស័យកីឡារបស់យើងនឹងទៅមុខ នៅលើពិភពលោកនេះគ្មានអ្វីអមតៈទេគ្មានភាពខ្លាំងណាដែលនៅឋិតថេរទេ»។ 
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ សូមណូមពរ អ្នកគាំទ្របន្តលើកទឹកចិត្តកីឡាករក្រោយពេលបរាជ័យណាមួយ ស្របពេលថ្នាក់ដឹកនាំ ព្រមទាំងកីឡាករបន្តខិតខំប្រឹងប្រែងដើម្បីកែប្រែចំណុចខ្វះខាត ដើម្បីឱ្យវិស័យបាល់ទះ ក៏ដូចជាកីឡាករដទៃរបស់កម្ពុជាឈានដល់កម្រិតកំពូល៕
 
 
 
 
 
 
 
 
 
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com