កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa បញ្ចប់តំណែង Gerrard ក្រោយដឹកនាំបាន១១ខែ
21, Oct 2022 , 10:05 am        
រូបភាព
ក្លិប Aston Villa បានសម្រេចបញ្ចប់តំណែងលោក Steven Gerrard ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមបន្តចាញ់ Fulham ៣-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២១ ខែតុលា។ ឆ្លងកាត់១១ប្រកួតរដូវកាលនេះ Aston Villa ឈ្នះតែពីរប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Gerrard។



Aston Villa បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគកំពូលអង់គ្លេសមាន៩ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១១លើក​ ចាញ់៦ ឈ្នះ២ និងស្មើ៣លើក។ បន្ទាប់ពីការប្រកួតចុងក្រោយចាញ់ Fulham ក្លិប​ Aston Villa ក៏បានបញ្ចប់តំណែង Gerrard តែម្តង។
 
អ្នកនាំពាក្យក្លិប Aston Villa បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«យើងសូមអរគុណដល់ Steven Gerrard សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គាត់ ហើយជូនពរឱ្យគាត់ជោគជ័យនាពេលអនាគត» ។
 
Gerrard អ្នកចាត់ការសញ្ជាតិអង់គ្លេស បានឡើងកាន់តំណែងជំនួសលោក Dean Smith ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីតួនាទីអ្នកចាត់ការនៅ Rangers នៃលីគកំពូលស្កុតឡែន។
ដឹកនាំ Aston Villa សរុប៤០ប្រកួត ក្នុងរយៈពេល១១ខែ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស និង Liverpool វ័យ៤២ឆ្នាំរូបនេះ រកបានជ័យជម្នះតែ១១លើកប៉ុណ្ណោះ៕
 

Tag:
 Steven Gerrard
© រក្សាសិទ្ធិដោយ thmeythmey.com