អន្តរជាតិ
ហ្វីលីពីន​ នឹង​ទិញ​ឧទ្ធម្ភាគចក្រយោធា​អាមេរិក​ ក្រោយលុបចោល​កិច្ចព្រមព្រៀងទិញពី​រុស្ស៊ី
21, Oct 2022 , 10:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី២០ ខែតុលា គាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលមុនក្នុងការលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់រុស្ស៊ីចំនួន១៦គ្រឿង។ លោក Marcos Jr. អះអាងថា រដ្ឋបាលរបស់លោកនឹងទិញពីអាម៉េរិកមកជំនួសការផ្គត់ផ្គង់វិញ។

 
រដ្ឋាភិបាលអតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ សម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mi-17 ពីរុស្សី ដែលមានតម្លៃ២១៦លានដុល្លារ នៅពេលដែលសង្គ្រាមរុស្សីអ៊ុយក្រែនផ្ទុះឡើង ជាមួយនឹងការភ័យខ្លាចជាប់ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់លោកខាងលិច។
 
ទាក់ទងរឿងនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅក្នុងសន្និសីទសារពត៌មាននៅថ្ងៃទី២០ ខែតុលា បញ្ជាក់ថា លោកសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាពីរុស្ស៊ី ដូចនឹងការសម្រេចចិត្តរបស់អតីតប្រធានាធិបតី ឌូទើតេ ដែរ។ លោកក៏ថែមទាំងអះអាងថានឹងទិញពីអាម៉េរិកជំនួសវិញ។ ទន្ទឹមនេះ រដ្ឋាភិបាលហ្វីលីពីន នឹងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ីដើម្បីយកប្រាក់កក់មួយចំនួនមកវិញ។ 
 
«ខ្ញុំគិតថា វាត្រូវបានកំណត់ដោយរដ្ឋបាលមុនរួចហើយ ដែលថាកិច្ចព្រមព្រៀងនេះនឹងមិនដំណើរការទេ ឬនឹងមិនបន្តទៅមុខទៀតនោះទេ។ យើងនឹងបញ្ជាទិញពីអាម៉េរិកវិញ ដើម្បីបំពេញការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រយោធាធុនធ្ងន់នេះ។» លោកលើកឡើងបែបនេះនៅក្នុងសន្និសីទដដែល។
 
ការសម្រេចចិត្តរបស់ហ្វីលីពីន ធ្វើឱ្យរុស្ស៊ីមិនសប្បាយចិត្តឡើយ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងម៉ានីល លោក Marat Pavlov ប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី១៩ ខែតុលាថា រដ្ឋាភិបាលហ្វីលីពីនមិនបានជូនដំណឹងជាផ្លូវការនៃការសម្រេចចិត្តរបស់ខ្លួនក្នុងការលុបចោលកិច្ចព្រមព្រៀងនេះទេ ហើយក្រុមហ៊ុនរុស្ស៊ីបានកំពុងដំណើរការផលិតឧទ្ធម្ភាគចក្រ Mi-17 នេះហើយ បន្ទាប់ពីហ្វីលីពីនបានបង់ប្រាក់កក់។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីន ឆ្លើយតបថា ប្រទេសខ្លួនបានជូនដំណឹងជាផ្លូវការដល់ក្រុមហ៊ុនផលិតយន្តហោះរុស្សីរួចហើយកាលពីខែមិថុនា និងនៅខែចុងក្រោយដែលហ្វីលីពីនសម្រេចចិត្តលុបចោលកិច្ចព្រមព្រាងនេះ៕ 
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com