កីឡាជាតិ
ជាតិ
បាល់ទះមិត្តភាពអន្តរជាតិ៖ វឿន វាសនា បង្ហាញទម្រង់លេងដ៏ល្អដើម្បីជួយកម្ពុជា ឈ្នះគុយបា ៣-១ សិត
21, Oct 2022 , 11:38 am        
រូបភាព
កីឡាករ វឿន វាសនា (អាវខៀវលេខ២០)លោត វាយផ្តាច់ក្នុងសិតទី២ ដោយយកឈ្នះគុយបា ពិន្ទុ ៣០-២៨។ រូបពី VFC
កីឡាករ វឿន វាសនា (អាវខៀវលេខ២០)លោត វាយផ្តាច់ក្នុងសិតទី២ ដោយយកឈ្នះគុយបា ពិន្ទុ ៣០-២៨។ រូបពី VFC
ដោយ:
ក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានយកឈ្នះយុវជនអាយុក្រោម២១ឆ្នាំ គុយបា ដោយលទ្ធផល ៣-១ សិត កាលពីថ្ងៃទី២០ ខែតុលា នៅទីលានបាល់ទះក្នុងសាលព្រីនស៍ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ កីឡាករ វឿន វាសនា សមាជិកក្រុមកម្ពុជា បង្ហាញទម្រង់លេងលេចធ្លោជាងគេទាំងជំនួបទល់គុយបា និងសិង្ហបុរី។

 
ក្នុងសិតទី១ ម្ចាស់ផ្ទះកម្ពុជា បាននាំមុខភ្ញៀវគុយបា ដោយពិន្ទុប្រកៀកគ្នា ២៥-២៣ និងសិតទី២ ពិន្ទុរវាងក្រុមទាំងពីរស្មើគ្នា ២៨-២៨ តែយ៉ាងណាការវាយសេវា ចេញពីគុយបា ធ្លាក់ទៅចំកីឡាករ គួន ម៉ុម ជាអ្នកទទួលហើយបញ្ជូនបន្តទៅ សួន ចាន់ណារ៉ូ និងលើកបន្តឱ្យ វឿន វាសនា វាយផ្តាច់នាំមុខពិន្ទុ ២៩-២៨ និងបន្ថែមពិន្ទុជ័យជម្នះសិតទី២ ដោយកីឡាករគុយបា លោតវាយតែត្រូវបាន វឿន វាសនា លោតធ្វើរនាំងបាំងជាប់។ បញ្ចប់សិតទី២ កម្ពុជា ឈ្នះគុយបា ដោយពិន្ទុ ៣០-២៨។


 កីឡាករ វឿន វាសនា សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ 
 
ចូលដល់សិតទី៣ គុយបា វាយបកមកវិញដោយពិន្ទុ ២៥-១៨ ហើយដល់សិតទី៤ ការវាយសេវាពីក្រុមគុយបា ធ្លាក់ទៅដល់ថ្នក់កីឡាករ សឿន ហេង ដក់បញ្ជូនឱ្យ ចាន់ដារ៉ូ លើកហើយ វឿន វាសនា ជាអ្នកបញ្ចប់ដោយចុចបាល់ចូលច្រករនាំងបាំងរបស់គុយបា នាំកម្ពុជា ឈ្នះពិន្ទុ ២៥-២៣។
 
ឆ្លងកាត់ជំនួបមិត្តភាពអន្តរជាតិ ២ប្រកួតកន្លងទៅកីឡាករ វឿន វាសនា ជាសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា បង្ហាញការលេងបានយ៉ាងល្អ ទាំងការវាយផ្តាច់ និងឡើងធ្វើជារនាំងបាំងគូប្រកួត។ ជំនួបទល់នឹងសិង្ហបុរី កម្ពុជាបានយកឈ្នះដោយលទ្ធផល ២-១ សិត ហើយទល់នឹងគុយបា(អាយុក្រោម២១ឆ្នាំ) កម្ពុជា បន្តឈ្នះដោយលទ្ធផល ៣-១សិត៕
 
 
 
 

Tag:
 កីឡាបាល់ទះក្នុងសាល
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com