អន្តរជាតិ
ក្រោយលោកស្រី Truss ចុះពីតំណែង អាម៉េរិកប្ដេជ្ញារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអង់គ្លេស
21, Oct 2022 , 11:59 am        
រូបភាព
សេតវិមាន នៅថ្ងៃទី២០ ខែតុលា បញ្ជាក់ពីការបន្តទំនាក់ទំនងជិតស្និទ្ធរវាងអាម៉េរិកជាមួយ​ចក្រភព​អង់គ្លេស និងមេដឹកនាំថ្មីដែលនឹងបន្តតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss ដែលទើបលាលែង។



«ប្រទេសរបស់យើងតែងតែមានទំនាក់ទំនងពិសេសជាមួយចក្រភពអង់គ្លេសដោយមិនគិតពីការជាប់ពាក់ព័ន្ធរបស់ប្រធានាធិបតីរបស់យើង ឬនយោបាយរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសមួយនេះ»។ ប្រធានបុគ្គលិកសេតវិមាន Ron Klain ប្រាប់ទូរទស្សន៍ MSNBC នៅក្នុងបទសម្ភាស​មួយនៅថ្ងៃទី២០ ខែតុលាបែបនេះ។ 
 
បញ្ហាជាច្រើនរួមទាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាផ្នែកមួយដែលសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំងពីរនឹងបន្តធ្វើការដោះស្រាយរួមគ្នា។ លោក Klain ក៏អះអាងថា អាម៉េរិក នឹងធ្វើការយ៉ាងស្អិតល្មួតជាមួយមេដឹកនាំអង់គ្លេសថ្មី។
 
គួរបញ្ជាក់ថា លោកស្រី Truss ប្រកាសពីការចាកចេញពីតួនាទីជាប្រធានបក្សអភិរក្សនិយមនៅ​ថ្ងៃទី​២០ ខែតុលា។ ពោល គឺ៤៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានចូលកាន់តំណែង។ បញ្ហា​ចម្បង​ដែល​ជំរុញ​ឱ្យ​លោកស្រីចុះចេញពីតំណែងគឺមកពីការបរាជ័យផែនការក្នុងការកាត់បន្ថយពន្ធដែលបានធ្វើឱ្យ​ប៉ះ​ពាល់​ដល់ទីផ្សារហិរញ្ញវត្ថុរហូតនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់តែម្ដង។
 
បក្សកាន់អំណាចអង់គ្លេស នឹងចាប់ផ្ដើមនីតិវិធីជ្រើសរើសមេដឹកនាំថ្មីនៅសប្ដាហ៍ក្រោយ ហើយលោកស្រី Truss នឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីរហូតមានអ្នកជំនួស៕
 
 
 
 
 
 
 

Tag:
 អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com