អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ហ្សេលេនស្គី៖ រុស្ស៊ីចង់ឱ្យប្រជាជនអ៊ុយក្រែនភៀសទៅអឺរ៉ុបទើបបំផ្លាញរោងចក្រអគ្គិសនី
21, Oct 2022 , 3:29 pm        
រូបភាព
រោងចក្រផលិតថាមពលអគ្គិសនី Zaporizhzhia ។ រូបថត AFP
រោងចក្រផលិតថាមពលអគ្គិសនី Zaporizhzhia ។ រូបថត AFP
ដោយ:
រុស្ស៊ីកំពុងតែវាយប្រហារលើរោងចក្រផលិតអគ្គិសនីនៅអ៊ុយក្រែន ដោយសារតែចង់បង្ខំឱ្យប្រជាជនអ៊ុយក្រែនចាកចេញពីផ្ទះរបស់ពួកគេ ហើយផ្លាស់ទៅបណ្តាប្រទេសអឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លើកឡើងបែបនេះនៅថ្ងៃទី២០ ខែតុលា ខណៈយោធារុស្ស៊ីបាញ់មីស៊ីលសំដៅបំផ្លាញរោងចក្រផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅអ៊ុយក្រែនជាបន្តបន្ទាប់។

 
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅអ៊ុយក្រែននៅចុងខែកុម្ភៈមក ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅសហភាពអឺរ៉ុប (EU) ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនអ៊ុយក្រែនប្រមាណ​៧,៧លាននាក់ដែលស្មើនឹងប្រជាជនអ៊ុយក្រែនសរុបមុនសង្រ្គាម១៩ភាគរយ កំពុងរស់នៅទូទាំងអឺរ៉ុប។ 
 
មកទល់ពេលនេះរុស្ស៊ីនៅតែបន្តធ្វើសង្រ្គាម ហើយបាញ់បំផ្លាញរោងចក្រផលិតអគ្គិសនីរបស់អ៊ុយក្រែនប្រហែល១ភាគ៣ដែលធ្វើឱ្យប្រទេសមួយនេះដាច់ភ្លើង។ រដ្ឋាភិបាលក្រុងកៀវប្រកាសរឹតបន្តឹងលើការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសជាលើកដំបូងដើម្បីទប់ទល់កង្វះអគ្គិសនីនារដូវរងារខាងមុខ។ 
 
«រុស្ស៊ីកំពុងបង្កឱ្យមានរលកថ្មីនៃចំណាកស្រុកអ៊ុយក្រែនទៅកាន់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប»។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងបែបនេះនៅថ្ងៃទី២០ ខែតុលាក្នុងវីដេអូសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូល EU ។ 
 
បើតាមសុន្ទរកថាដដែលរបស់លោកហ្សេលេនស្គីដែលចេញដោយការិយាល័យលោក ការណ៍ដែលរុស្ស៊ីប្រព្រឹត្តភេរវកម្មសំដៅហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនគឺមានបំណងបង្កើតបញ្ហាសម្រាប់អ៊ុយក្រែនទាក់ទងនឹងអគ្គិសនី និងកម្តៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងារនេះ។ ដូច្នេះ ប្រជាជនអ៊ុយក្រែនជាច្រើននឹងភៀសទៅអឺរ៉ុប។ 
 
ដើម្បីឆ្លើយតបនឹងទង្វើរបស់រុស្ស៊ី មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានទទូចឱ្យរដ្ឋសម្ព័ន្ធមិត្ត ក៏ដូចជា EU ផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះបន្ថែមទៀត ហើយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែមដែរ។ អ៊ីរ៉ងត្រូវបានលោកខាងលិចចោទថាបានផ្គត់ផ្គង់ដ្រូនទៅរុស្ស៊ី តែត្រូវបានច្រានចោលទាំងអ៊ីរ៉ង់ និងរុស្ស៊ី៕
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com