អន្តរជាតិ
លោក Biden សន្យា​ស្ដារ​សិទ្ធិ​រំលូត​កូន​នៅ​សហរដ្ឋ​អាមេរិក​ឡើង​វិញ
21, Oct 2022 , 9:29 pm        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សន្យា​កាលពី​ថ្ងៃ​អង្គារ​ថា សំណើ​ច្បាប់​ដំបូង​បង្អស់​ដែល​លោក​នឹង​ផ្ញើ​ទៅ​កាន់​សភា​នៅ​ឆ្នាំ​ក្រោយ​គឺ​សំណើ​ច្បាប់​ស្ដីពី​ការ​ការពារ​ការ​រំលូត​កូន ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​មាន​អាសនៈ​គ្រប់គ្រាន់​នៅ​ក្នុង​សភា​ដែល​អាច​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​បាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។



លោក Biden សន្យា​ដូច្នេះ ស្រប​ពេល​ដែល​លោក​ព្យាយាម​ជំរុញ​ទឹកចិត្ត​ក្រុម​អ្នក​បោះឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នៅ​មុន​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ។
 
លោក Biden បាន​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ចងចាំ​អំពី​ការ​យល់​ឃើញ​របស់​ពួកគេ​កាលពី​ចុង​ខែ​មិថុនា ដែល​នៅ​ពេល​នោះ តុលាការ​កំពូល​បាន​លុបចោល​ការ​សម្រេច​ឆ្នាំ ១៩៧៣ ក្នុង​សំណុំ​រឿង Roe v. Wade ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រំលូត​កូន​ដោយ​ស្រប​ច្បាប់។
 
លោក Biden បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​សាល​សិល្បៈ Howard Theater ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ខ្ញុំ​ចង់​រំឭក​យើង​ទាំង​អស់​គ្នា​អំពី​អារម្មណ៍​ដែល​យើង​យល់​ឃើញ​នៅ​ពេល​ដែល​ការ​សម្រេច​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កាលពី ៥០ ឆ្នាំ​មុន​ត្រូវ​បាន​គេ​លុបចោល។ អារម្មណ៍​ទាំង​នោះ​គឺ​ការ​ខឹង​សម្បា ការ​ព្រួយ​បារម្ភ និង​ការ​មិន​ជឿជាក់»។
 
លោក​បាន​រិះគន់​ខ្លាំងៗ​លើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​រូប​ណា​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ដាក់​កំហិត​លើ​ដំណើរការ​រំលូត​កូន​នេះ​ដែល​ជា​រឿយៗ​ដាក់​កំហិត​ដោយ​គ្មាន​ការ​លើកលែង ហើយ​លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​វត្តមាន​ចូលរួម​ស្ដាប់​ការ​ថ្លែង​របស់​លោក​ថា «ប្រសិនបើ​អ្នក​ខ្វល់​អំពី​សិទ្ធិ​រំលូត​កូន អ្នក​ត្រូវតែ​បោះឆ្នោត»។
 
ដូច​ដែល​លោក​ធ្លាប់​បាន​លើកឡើង​ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ លោក Biden បាន​សង្កត់ធ្ងន់​ថា មានតែ​សភា​តែ​ប៉ុណ្ណោះ​ដែល​អាច​ស្ដារ​ឡើង​វិញ​ទាំងស្រុង​នូវ​សិទ្ធិ​រំលូត​កូន​ឱ្យ​ដូច​ពី​មុន។ ប៉ុន្តែ​លោក​ក៏​បាន​ទទួលស្គាល់​ផង​ដែរ​ថា​នៅ​ពេល​ឥឡូវ​នេះ «គណបក្ស​ប្រជាធិបតេយ្យ​ខ្វះ​សំឡេង​ឆ្នោត​តិចតួច» ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិ​រំលូត​កូន​នេះ​នៅ​កម្រិត​ថ្នាក់​ជាតិ ដោយ​លោក​បាន​ជំរុញ​អ្នក​បោះឆ្នោត​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​គណបក្ស​នេះ​អាច​មាន​អាសនៈ​បន្ថែម​ទៀត​នៅ​ក្នុង​សភា។
 
លោក Biden បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ ខ្ញុំ​សន្យា​ចំពោះ​អ្នក​និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ថា សំណើ​ច្បាប់​ដំបូង​បង្អស់​ដែល​ខ្ញុំ​នឹង​បញ្ជូន​ទៅ​សភា​គឺ​សំណើ​ច្បាប់​ដែល​ជំរុញ​ឱ្យ​សភា​អនុម័ត​លើ​សេចក្ដី​សម្រេច Roe v. Wade។ ហើយ​នៅ​ពេល​ដែល​សភា​អនុម័ត​លើ​សំណើ​ច្បាប់​នេះ ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​ឱ្យ​ក្លាយជា​ច្បាប់​នៅ​ខែ​មករា គឺ​ក្នុង​ពេល ៥០ ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ករណី​នេះ​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com