អន្តរជាតិ
តើនីតិវិធីរើសប្រធានបក្សអភិរក្សនិយមថ្មីនៅអង់គ្លេសមានដំណើរការបែបណា?
21, Oct 2022 , 8:45 pm        
រូបភាព
លោកស្រី Liz Truss​ ប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅថ្ងៃទី២០ ខែតុលា។ រូបភាព៖ AFP
លោកស្រី Liz Truss​ ប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅថ្ងៃទី២០ ខែតុលា។ រូបភាព៖ AFP
ជារឿងគួរឱ្យភ្ញាក់ផ្អើលនៅអង់គ្លេស នាយករដ្ឋមន្រ្តី លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីបានជាង ៤០ថ្ងៃប៉ុណ្ណោះ។ ការប្រកាសលាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយមបែបនេះ ជាការត្រួសត្រាសផ្លូវសម្រាប់រើសប្រធានបក្សអភិរក្សនិយម និងនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ បន្ទាប់ពីបញ្ហានេះ លោកស្រី Truss បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ដែលកាន់តំណែងបានខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។

 
ក្រោយកាន់តំណែងបានប្រមាណ ៦សប្តាហ៍ លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម ក្នុងសុន្ទរកថានានិវេសនដ្ឋាននាយករដ្ឋមន្រ្តី 10 Downing Street។ ក្នុងសុន្ទរកថាដោយអមជាមួយទឹកមុខស្រពោន លោកស្រី Truss បានទទួលស្គាល់ថា លោកស្រីបានកាន់តំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេសក្នុងអំឡុងពេលសេដ្ឋកិច្ចមានអស្ថិរភាពយ៉ាងខ្លាំង។ 
 
ការលាលែងពីតំណែងប្រធានបក្សនេះ ធ្វើឡើងក្រោយលោកស្រី Truss បានបណ្តេញរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Kwasi Kwarteng ដែលជាមិត្តភក្តិរបស់លោកស្រីផង ចេញពីតំណែង។ កាលពីចូលកាន់តំណែងដំបូង លោកស្រី Truss បានសន្យាកាត់បន្ថយពន្ធ និងជួយបង្កើនសេដ្ឋកិច្ចប្រទេស រួមទាំងផែនការចំណាយ ដើម្បីការពារប្រជាជនអង់គ្លេសផង។ ខុសផ្ទុយនឹងការសន្យា ការចំណាយលើការនាំចូល និងការចំណាយលើបំណុល កាន់តែហក់ឡើង។ វិបត្តិទាំងនោះ ទំនងដរចេញពីសង្រ្គាមនៅអ៊ុយក្រែន ខណៈប្រទេសជាច្រើនទើបតែងើបចេញពីជំងឺឆ្លងសកលផង។  
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកស្រី Truss ត្រូវបង្ខំចិត្តផ្លាស់ប្តូរគោលនយោបាយមួយចំនួន ហើយឈានទៅដល់ការបណ្តេញចេញលោក Kwasi Kwarteng ចេញពីរដ្ឋាភិបាល និងដាក់លោក Jeremy Hunt ជារដ្ឋមន្រ្តីហិរញ្ញវត្ថុជំនួសវិញ។ ការបណ្តេញចេញនេះ បានធ្វើឱ្យសមាជិកបក្សអភិរក្សនិយមមួយចំនួនរិះគន់ និងជំរុញឱ្យលោកស្រី Truss ចុះចេញពីតំណែង។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលអង់គ្លេសរូបនេះ បានបដិសេធ។ 
 
ប៉ុន្តែក្រោយការជួបជាមួយលោក Graham Brady អ្នកនយោបាយបក្សអភិរក្សនិយម ដែលទទួលបន្ទុកលើការបោះឆ្នោតថ្នាក់ដឹកនាំ និងផ្លាស់ប្តូរ លោកស្រី Truss បានសម្រេចលាលែងពីតំណែងប្រធានបក្សក្នុងថ្ងៃទី២០ ខែតុលា។ អ្នកស្នងតំណែងលោកស្រី នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៥ ក្នុងរយៈពេល ៦ឆ្នាំ។ 
 
តើនីតិវិធីក្នុងការជ្រើសរើសប្រធានបក្សអភិរក្សនិយមថ្មីត្រូវធ្វើឡើងបែបណា? 
 
នៅពេលប្រធានបក្សអភិរក្សនិយម ចុះចេញពីតំណែង ការបោះឆ្នោតរើសប្រធានបក្សថ្មី នឹងត្រូវធ្វើឡើង។ យ៉ាងណាមិញ នីតិវិធីលើកនេះ គឺខុសពីនីតិវិធីរើសប្រធានបក្សក្រោយលោក បូរីស ចនសុន លាលែងពីតំណែង។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងប្រធានបក្ស បានបើកទទួលហើយ រហូតដល់ថ្ងៃទី២៤ ខែតុលា។ 
 
ដើម្បីចូលរួមក្នុងការប្រជែងតំណែងប្រធានបក្ស បេក្ខជននីមួយៗ ត្រូវតែទទួលបានការតែងតាំងពីសមាជិកសភាបក្សអភិរក្សនិយមយ៉ាងហោចណាស់ ១០០រូប ខណៈការគាំទ្រកន្លងមក ត្រូវការតែ២០រូបប៉ុណ្ណោះ។ 
 
ក្នុងការប្រជែងតំណែងប្រធានបក្សលើកនេះ មានតែបុគ្គលចំនួន ៣រូបប៉ុណ្ណោះ ដែលអាចឆ្លងទៅដំណាក់កាលបន្ទាប់ ដោយសារសមាជិកសភាមកពីបក្សអភិរក្សនិយមមានត្រឹមតែ ៣៥៧រូបប៉ុណ្ណោះ។ ការបោះឆ្នោតជម្រុះបេក្ខជន នឹងធ្វើនៅថ្ងៃទី២៤ ខែតុលា។ នៅសល់សមាជិកពីររូប សមាជិកបក្សអភិរក្សនិយម នឹងត្រូវបោះឆ្នោតរើសតាមប្រព័ន្ធអនឡាញ។ 
 
ប៉ុន្តែបើមានបុគ្គលតែមួយរូបគត់ ដែលអាចរកសំឡេងគាំទ្រពីសមាជិកសភាបានលើសពី ១០០ បុគ្គលរូបនោះ នឹងក្លាយជាប្រធានបក្សដោយស្វ័យប្រវត្តិ ពោលគឺគ្មាននីតិវិធីបន្ទាប់ឡើយ។ បុគ្គលរូបនោះ នឹងស្នងតំណែងជានាយករដ្ឋមន្រ្តីបន្តពី លោកស្រី Truss ផង។ បន្ទាប់ពីក្លាយជាប្រធានបក្ស មហាក្សត្រអង់គ្លេសនឹងស្នើប្រធានបក្សអភិរក្សនិយមថ្មីរៀបចំរដ្ឋាភិបាលមួយ។ មកទល់ពេលនេះ មិនទាន់មានសមាជិកបក្សអភិរក្សនិយមរូបណាប្រកាសចូលរួមការប្រជែងតំណែងប្រធានបក្សឡើយ៕ 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com