ជាតិ
ភ្លៀងធ្លាក់ខ្លាំង​ ធ្វើឱ្យទិ​ន្នផលអំបិលរបស់កសិករក្នុងខេត្តកំពត-កែប ធ្លាក់ចុះ
22, Oct 2022 , 8:19 am        
រូបភាព
វាលស្រែអំបិល (រូបភាពពីលោក  ប៊ុន_ បារាំង)
វាលស្រែអំបិល (រូបភាពពីលោក ប៊ុន_ បារាំង)
ភ្នំពេញ៖ កត្តាអាកាសធាតុ ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀងធ្លាក់​ខ្លាំង បាន​ធ្វើឱ្យការប្រមូលផលអំបិលរបស់ប្រជាកសិករក្នុងខេត្តកំពត-កែប បានធ្លាក់ចុះ ក្នុងនោះខេត្តកំពត​អាចប្រមូលអំបិលបានជាង ៣ម៉ឺនតោនប៉ុណ្ណោះ ខណៈតម្រូវការទីផ្សារនៅកម្ពុជាមានជាង ១១ម៉ឺនតោន។ ទន្ទឹមនឹងនោះ កម្ពុជាបន្តនាំចូលអំបិលពីឥណ្ឌាជាង ៥ម៉ឺនតោនក្នុង​ឆ្នាំ២០២២ បន្ទាប់ពីការផលិតអំបិលនៅកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់​គ្រាន់។


 
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករធ្វើស្រែអំបិល​ក្នុងខេត្តកំពត-កែប បានខាតបង់ប្រាក់ចំណូលពីការប្រមូលទិន្នផលអំបិលយ៉ាងច្រើន។ ម្ចាស់ដីស្រែអំបិលទាំងនោះ អាចផលិត និងផ្គត់ផ្គង់ក្នុងបរិមាណតិចតួចប៉ុណ្ណោះ​ ជាពិសេសការចែកចាយទៅតាមបណ្តាខេត្តក៏ស្ថិតនៅក្នុងកម្រិតទាប ខណៈការប្រមូលផលអំបិលនៅក្នុងខេត្តកំពត និងកែប ប្រចាំឆ្នាំ២០២១ មានចំនួន៧,៨ម៉ឺនតោន។


លោក ប៊ុន ណារិន ម្ចាស់ដីស្រែអំបិលក្នុងខេត្តកំពត (រូបភាពដោយ លោក សែម វណ្ណា)

លោក ប៊ុន ណារិន​ ជាម្ចាស់ដីស្រែអំបិល និងជាសិប្បករផលិតអំបិលកំពត-កែបមួយរូប ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ ជារៀងរាល់ឆ្នាំ ម្ចាស់ដីស្រែអំបិលទំហំចំនួន ២៦ហិកតារូបនេះ អាចប្រមូលផលអំបិលបានជាង ១ម៉ឺនតោន។ ដោយឡែក ក្នុងឆ្នាំ២០២២នេះ លោកអាចប្រមូលផលបានជាង ៥០០តោន ចំណែកការលក់ចេញទៅទីផ្សារ​នៅតែមានតម្លៃទាប។
 
អ្នកផលិតអំបិលជិត ៤០ឆ្នាំរូបនេះ ប្រាប់សារព័ត៌មានThmeyThmey២៥ តាមទូរស័ព្ទថា កសិករផលិតអំបិល ប្រមូលផលបានតិចណាស់ ពីព្រោះអាកាសធាតុមិនអំណោយផល។ រីឯអំបិល ១បាវទម្ងន់ ៥០គីឡូក្រាមគឺមានតម្លៃជិត ៣ម៉ឺនរៀល ដោយចែកចាយទៅតាមទីផ្សារតូច ធំ ស្ថិតក្នុងបរិមាណតិចតួច។
លោក រៀបរាប់​ដូច្នេះ៖«កាលណាភ្លៀងខ្លាំង យើងផលិតអត់បាន។ ទោះផលិតបាន ក៏បានក្នុងចំនួនតិចដែរ ណាមួយត្រូវចំណាយទៅលើការវេចខ្ចប់ទៀត។ បើនិយាយពីអ្នកប្រកបរបរផលិតអំបិលតែមួយមុខវិញ រឹតតែពិបាកពីព្រោះពួកគាត់ត្រូវបាត់បង់ចំណូលច្រើ​ន»។ ​
 

 លោក លី ចេង ម្ចាស់ដីស្រែអំបិល ខេត្តកំពត (រូបភាពពីលោក លី ចេង)
 
ជាមួយគ្នានេះ លោក លី ចេង អ្នកផលិតអំបិលកំពត-កែប ដែលមានផ្ទៃដីផលិតជាង ៥០ហិកតា បានលើកឡើងថា ជាធម្មតាអាចផលិតអំបិលបានចន្លោះពី ២ទៅ៣ម៉ឺនតោន​។ ក្នុងឆ្នាំនេះ ទិន្នផលអំបិលរបស់លោក បានថយជាខ្លាំង គឺប្រមូលបានជិត ១ពាន់តោន​។ ដោយឡែកការលក់ចេញទៅទីផ្សារក្នុង ១បាវលក់បានតែ ១ម៉ឺន៣ពាន់រៀល ទៅ១ម៉ឺន៤ពាន់រៀលប៉ុណ្ណោះ។
«បើនិយាយទៅ យើងខ្វះអំបិលជាង ៤ឆ្នាំមកហើយ។ យើងប៉ះពាល់ច្រើន ទាំងតម្រូវការទីផ្សារ និងចំណូលពីការប្រមូលផលអំបិល។ អ្នកខ្លះត្រូវបោះបង់ របរនេះដោយសារមិនអាចផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃកម្លាំងពលកម្មដល់កម្មករ»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក លី ចេង ដោយ​បន្ថែមថា វាជារឿងល្អ នៅពេលកម្ពុជាបាននាំចូលអំបិលពីក្រៅប្រទេស ដើម្បីយកផ្គត់ផ្គង់ដល់ពលរដ្ឋ ចៀសពីការខ្វះខាតអំបិល បើទោះជាតម្លៃអំបិលមិនកើន ក៏វាបានបំពេញតម្រូវការទីផ្សារបានដែរ។
 
ទន្ទឹមនឹងនោះ លោក ប៊ុន បារាំង ប្រធានសមាគមអ្នកផលិតអំបិលខេត្តកំពត-កែប ប្រាប់ថា ទិន្នផលអំបិលរបស់​អ្នកផលិតចំនួន ២០០ក្រុម ត្រូវខូចខាតស្ទើរតែ ១០០ភាគរយ។ ជាមួយគ្នានេះ កម្ពុជាបាននាំចូលអំបិលជាង ៥ម៉ឺនតោនសម្រាប់យកមកផ្គត់ផ្គង់ទីផ្សារ និងប្រជាពលរដ្ឋ។ បើទោះកម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាយ៉ាងណាក្តី ក៏តម្លៃលក់ចេញអំបិលមិនបានកើននោះដែរ។
 

កសិករប្រមូលផលអំបិល (រូបភាពពី លោក ប៊ុន_ បារាំង)

ប្រធានសមាគមរូបនេះ អះអាងដូច្នេះ​៖ «អំបិលលក់បានថោក អំបិលលេខមួយយើងលក់បាន ១បាវ ២ម៉ឺន៨ពាន់រៀល ចំណែកលេខពីរ លក់បាន២ម៉ឺន៦ពាន់រៀល។ បើយើងនៅតែបន្តធ្វើមិន យើងមានតែនាំចូលអំបិលបន្ត អ៊ីចឹង! ប៉ុន្តែបច្ចុប្បន្ន ត្រូវមើលទៅលើទិន្នផលក្រុមអ្នកផលិតជាមុនសិន ដើម្បីអាចគ្រប់គ្រងពីការខ្វះខាតទៅថ្ងៃមុនបន្តទៀត»។
យ៉ាងណាមិញ លោក ប៊ុន បារាំង ក៏បានអំពាវនាវដល់ក្រុមអ្នកផលិតត្រូវ​ខិតខំបន្តទៀត ដើម្បីអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគាំទ្រអំបិលរបស់ខ្មែរ បើទោះលក្ខណៈអំបិលមានពណ៌ខ្មៅស្រអាប់បន្តិច តែគុណភាពគឺល្អសម្រាប់សុខភាព។
 

លោក ប៊ុន បារាំង ប្រធានសមាគមអ្នកផលិតអំបិលខេត្តកំពត-កែប (រូបភាពពី ThmeyThmey)

របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែប មានទំហំសរុប ៤ ៧៤៨ ហិកតា។ កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ កម្ពុជាប្រមូលផលអំបិលជាង១០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បរិមាណផលអំបិលនេះ ក៏បានធ្លាក់ចុះ នៅក្នុងរយៈពេល៣ឆ្នាំជាប់គ្នាវិញគឺពី២០១៧, ២០១៨ និងឆ្នាំ ២០១៩ ដែលកម្ពុជាត្រូវបញ្ជាទិញអំបិលពីប្រទេសឥណ្ឌា ចិន និងថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុកកន្លងមក៕​
 

Tag:
 ThmeyThmey
  ខេត្តកំពត
  អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com