អន្តរជាតិ
សហរដ្ឋអាមេរិក​ពិចារណា​ផលិត​អាវុធ​រួម​គ្នា​ជាមួយ​កោះ​​តៃវ៉ាន់
22, Oct 2022 , 8:59 am        
រូបភាព
ទាហានជើងទឹកតៃវ៉ាន់ដើរនៅកន្លែងចុះសំចត Yushan នៅក្រុង Kaohsiung កាលពីថ្ងៃទី៣០ ខែកញ្ញា
ទាហានជើងទឹកតៃវ៉ាន់ដើរនៅកន្លែងចុះសំចត Yushan នៅក្រុង Kaohsiung កាលពីថ្ងៃទី៣០ ខែកញ្ញា
ដោយ: VOA
 ​វ៉ាស៊ីនតោន - ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-តៃវ៉ាន់ (U.S.-Taiwan Business Council) បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​លើ​ផែនការ​ផលិត​អាវុធ​រួម​គ្នា​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ដែល​នេះ​ជា​គម្រោង​ផ្ដួចផ្ដើម​មួយ​ដែល​មាន​បំណង​បង្កើន​ល្បឿន​នៃ​ការ​បញ្ជូន​សព្វាវុធ​ដល់​តៃវ៉ាន់​ដើម្បី​ពង្រឹង​ការ​ទប់ទល់​របស់​តៃវ៉ាន់​ប្រឆាំង​នឹង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
តាំងពី​ឆ្នាំ ២០១៧ មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​លក់​សព្វាវុធ​ក្នុង​ទឹក​ប្រាក់​ជាង ២០ ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​ផ្នែក​យោធា​លើ​តៃវ៉ាន់ ដែល​ជា​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង និង​ដែល​ចិន​អះអាង​ថា​ជា​ដែនដី​របស់​ខ្លួន។
 
ប៉ុន្តែ តៃវ៉ាន់​និង​សភា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​អាច​មាន​ការ​ពន្យារពេល​ចំពោះ​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ទាំង​នេះ ដោយសារតែ​មាន​បញ្ហា​លំបាក​ផ្នែក​សង្វាក់​ផ្គត់ផ្គង់​និង​ឧបសគ្គ​ដែល​បណ្ដាល​មក​ពី​តម្រូវការ​កើនឡើង​លើ​ប្រព័ន្ធ​អាវុធ​មួយ​ចំនួន​ដោយសារតែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
 
ប្រធាន​ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-តៃវ៉ាន់​លោក Rupert Hammond-Chambers បាន​និយាយ​អំពី​ផែនការ​ផលិត​អាវុធ​រួម​គ្នា​នេះ​ថា៖ «ដំណើរ​បង្អាក់​នេះ​គឺ​កើតឡើង​នៅ​ដើម​ដំបូង​នៃ​ដំណើរការ​នេះ​ម្ល៉េះ»។
 
លោក Hammond-Chambers បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ​ថា​តើ​អាវុធ​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​ពិចារណា​នៅ​ក្នុង​ផែនការ​នេះ បើ​ទោះបីជា​គេ​ទំនងជា​ផ្ដោត​លើ​ការ​ផ្ដល់​ដល់​តៃវ៉ាន់​នូវ​គ្រាប់​រំសេវ​បន្ថែម​ទៀត​និង​បច្ចេកវិទ្យា​មីស៊ីល​ដែល​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​ក៏ដោយ។
 
ប៉ុន្តែ​លោក​បាន​រំឭក​ដោយ​ប្រយ័ត្ន​ប្រយែង​ថា វិធានការ​ដូច​នេះ​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ទទួល​បាន​អាជ្ញាបណ្ណ​សហ​ផលិតកម្ម​ពី​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។
 
ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ​លើ​រឿង​នេះ ប៉ុន្តែ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​គឺ​មាន​លក្ខណៈ «ជិតស្និទ្ធ​និង​រាក់ទាក់»។
 
ព័ត៌មាន​អំពី​ផែនការ​ផលិត​អាវុធ​រួម​គ្នា​នេះ​បាន​លេច​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​មួយ​នៅ​សាកលវិទ្យាល័យ Stanford កាលពី​ថ្ងៃ​ចន្ទ​ថា «ប្រទេស​ចិន​បាន​តាំងចិត្ត​បន្ត​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ឡើង​វិញ [ជាមួយ​នឹង​តៃវ៉ាន់] ក្នុង​ពេល​ដ៏​ឆាប់​បំផុត​ជាង​មុន»៕

© រក្សាសិទ្ធិដោយ thmeythmey.com