អន្តរជាតិ
ជប៉ុននិងអាម៉េរិក នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅខែក្រោយ ដោយមានយន្តហោះ៣៧០គ្រឿង
22, Oct 2022 , 10:59 am        
រូបភាព
ក្រសួងការពារជាតិជប៉ុននៅថ្ងៃទី២២ ខែតុលា ប្រកាសថា យោធាជប៉ុន និងអាម៉េរិក នឹង​ធ្វើ​សមយុទ្ធ​រួមគ្នាចាប់ពីថ្ងៃទី១០ ខែវិច្ឆិកាដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខណៈដែល​ជប៉ុន ប្រទេសក្នុងតំបន់ និង​ព្រម​ទាំង​ប្រទេសក្រៅតំបន់កំពុងតែបារម្ភពីការកើនកម្លាំងយោធារបស់ចិន។​ សមយុទ្ធនេះគឺជាសមយុទ្ធយោធា​ដ៏ធំមួយរវាងប្រទេសទាំងពីរដែលរួមមានយន្តហោះចម្បាំងប្រមាណ៣៧០គ្រឿង។


សមយុទ្ធដែលមានឈ្មោះថា Keen Sword ធ្វើឡើងក្នុងរយៈពេលពីរឆ្នាំម្ដងនៅទឹកដីជប៉ុន។ ទាហានជា ង៣៦,០០០នាក់ នាវាចំនួន៣០ និងយន្តហោះចម្បាំងចំនួន៣៧០គ្រឿងរបស់កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន និងយោធាអាម៉េរិកនឹងចូលរួមក្នុងសមយុទ្ធឆ្នាំនេះក្នុងពេល៩ថ្ងៃ។ 
 
«តាមរយៈការបង្ហាញឆន្ទៈ និងការសម្របសម្រួលដ៏រឹងមាំរបស់ជប៉ុន និងអាម៉េរិក យើងមានគោល​បំណងចូលរួមចំណែកការពារជប៉ុន និងធានាសន្តិភាព ព្រមទាំងសុវត្ថិភាពក្នុងតំបន់»។ រដ្ឋមន្ត្រី​ការពារជាតិជប៉ុនលោក Yasukazu Hamada ប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី២២ ខែតុលា។
 
ក្រសួងការពារជាតិជប៉ុនក៏បញ្ជាក់ថា​ ក្រៅពីការចូលរួមនៃយោធាសម្ព័ន្ធមិត្តទាំងពីរ កាណាដា​នឹង​បញ្ជូន​នាវាពីរគ្រឿង ខណៈដែលអូស្ត្រាលី និងអង់គ្លេសនឹងបញ្ជូននាវាចម្បាំងមួយគ្រឿង​ទៅចូលរួមសមយុទ្ធ​នេះផងដែរ។ កោះភាគនិរតីរបស់ជប៉ុនរួមទាំងកោះ Tokunoshima ដែលនៅជិតតៃវ៉ាន់ ជាទីតាំង​ធ្វើ​សមយុទ្ធ។
 
គួរបញ្ជាក់ថា ការពង្រឹក និងពង្រីកសាច់ដុំរបស់ក្រុងប៉េកាំងបានធ្វើឱ្យប្រទេសជិតខាងមានជប៉ុន និង​សម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួនបង្កើន​ការ​ការ​ពារ​ខ្លួន​យ៉ាងខ្លាំង។ នៅក្នុងកិច្ចប្រជុំរបស់បក្ស​កុម្មុយនីស្ត​ចិនដែលបានចាប់ផ្តើមកាលពីអាទិត្យមុន ប្រធានាធិបតីចិន ស៊ី ជិនភីង បានអំពាវនា​វឱ្យ​ពន្លឿន​ផែនកា​ររបស់ប្រទេសក្នុងការកសាងយោធាលំដាប់ពិភពលោក ហើយ​និយាយថា ក្រុងប៉េកាំង​នឹង​មិន​បោះប​ង់​សិទ្ធិប្រើប្រាស់​កម្លាំងដើម្បីដោះស្រាយប​ញ្ហា​តៃវ៉ាន់​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com