កីឡាជាតិ
ជាតិ
គ្រូបង្វឹកភ្នំពេញក្រោន៖ ឈ្នះបឹងកេត ជារឿងសំខាន់ ដើម្បីឈរលេខ៣
22, Oct 2022 , 4:39 pm        
រូបភាព
ការហ្វឹកហាត់របស់កីឡាករក្រុមភ្នំពេញក្រោន ត្រៀមទទួលភ្ញៀវបឹងកេត។ រូបពី ភ្នំពេញក្រោន
ការហ្វឹកហាត់របស់កីឡាករក្រុមភ្នំពេញក្រោន ត្រៀមទទួលភ្ញៀវបឹងកេត។ រូបពី ភ្នំពេញក្រោន
ដោយ:
ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ទទួលភ្ញៀវបឹងកេតនៅកីឡដ្ឋានស្មាត អ.អេស.អិន ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៦៖៣០នាទី។

 
មុនការប្រកួតនេះ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន តាំងចិត្តយ៉ាងមុតមាំថា ក្រុមរបស់លោកនឹងទទួលបាន៣ពិន្ទុ ដើម្បីឈរលេខ៣ បណ្ដោះអាសន្នក្នុងលីគ។ លោក Oleg Starynskyi ថ្លែងដូច្នេះ៖ «សម្រាប់ការប្រកួតនេះយើងចង់ឡើងមកឈរលេខ៣ ក្នុងតារាងវាជារឿងដ៏សំខាន់ក្នុងការកាត់បន្ថយពិន្ទុរបស់ពួកគេ(បឹងកេត) មុននឹងឈានទៅវគ្គ៤ក្រុមចុងក្រោយ»។ 
 
សម្រាប់ភ្នំពេញក្រោន ប្រកួតចុងក្រោយឈ្នះណាហ្គាវើលដ៍ ២-០។ ចំណែកបឹងកេត ឈ្នះគីរីវង់សុខសែនជ័យ ៥-០។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៨លើក ភ្នំពេញក្រោន ឈ្នះ៣ ស្មើ៣ និងចាញ់២។ ក្នុងពេលជាមួយគ្នាព្រះខ័នរាជស្វាយរៀង ក៏នឹងត្រូវទៅជួបម្ចាស់ផ្ទះវិសាខា នៅកីឡដ្ឋានព្រីនស៍ផងដែរ។ ជួបគ្នា៧លើក ព្រះខ័នរាជ ឈ្នះ៣ ស្មើ២ និងចាញ់២។ ព្រះខ័នរាជស្វាយរៀង ប្រកួតចុងក្រោយឈ្នះអង្គរថាយហ្គឺរ ៦-០ ។ រីឯវិសាខា ឈ្នះកងយោធពលខេមរភូមិន្ទ ២-១។
 
ចំណែកម្ចាស់ផ្ទះអង្គរថាយហ្គឺរ ត្រូវទទួលភ្ញៀវណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន។ ក្នុងជំជួប៥លើក អង្គរថាយហ្គឺរឈ្នះ៣ និងចាញ់២។ អង្គរថាយហ្គឺរ ប្រកួតចុងក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ៦-០។ រីឯណាហ្គាវើលដ៍ ចាញ់ភ្នំពេញក្រោន ២-០។ ស្របពេលជាមួយគ្នាក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) ក៏ត្រូវជួបគីរីវង់សុខសែនជ័យ នៅកីឡដ្ឋានគីរីវង់ ផងដែរ។
 
គីរីវង់សុខសែនជ័យ ប្រកួតចុងក្រោយចាញ់បឹងកេត ៥-០។ ចំណែកទ័ព ចាញ់វិសាខា ២-១។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៦លើកកន្លងមក ទ័ពឈ្នះ៥ និងចាញ់១។ ចំពោះគីរីវង់សុខសែនជ័យ ត្រូវប្រកួត ជាមួយក្រុមមកពីលីគទី២ បន្ទាប់ពីបញ្ចប់សប្តាហ៍ទី២១នេះ។
 
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន នឹងត្រូវលេងវគ្គខ្វែង៤ក្រុមចុងក្រោយ ប្រជែងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២២។ ការប្រកួតក្រុមលេខ១ ជួបលេខ៤ ហើយលេខ២ ត្រូវប៉ះលេខ៣៕

Tag:
 (កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ)
© រក្សាសិទ្ធិដោយ thmeythmey.com