អន្តរជាតិ
បក្សកុម្មុយនីស្តចិនបិទសមាជលើកទី២០, សមាសភាពដឹកនាំថ្មីនឹងបង្ហាញនៅថ្ងៃស្អែក
22, Oct 2022 , 1:59 pm        
រូបភាព
បក្សកុម្មុយនីស្តចិន បិទបញ្ចប់សមាជលើកទី២០ របស់ខ្លួននៅថ្ងៃទី២២ ខែតុលា។ កិច្ចប្រជុំបានអនុម័តរបាយការណ៍លទ្ធផលរបស់គណៈមជ្ឈិមបក្សអាណត្តិទី១៩ និងជ្រើសរើសសមាជិកគណៈមជ្ឈិមបក្សអាណត្តិទី២០ ។ នៅថ្ងៃទី២៣ ខែតុលា គណៈមជ្ឈិមបក្សថ្មីនឹងបើកកិច្ចប្រជុំលើកដំបូងដែលរំពឹងថា នឹងបន្តជ្រើសរើសលោក ស៊ី ជិនភីង ឱ្យកាន់តំណែងលេខាបក្ស៥ឆ្នាំទៀត និងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីផង។


បន្ទាប់ពីដំណើរការមួយសប្ដាហ៍ដែលភាគច្រើនរៀបចំក្នុងលំនាំបិទទ្វារ សមាជលើកទី២០ របស់បក្សកុម្មុយនីស្តចិន បានបិទវាំងននហើយនៅថ្ងៃទី២២ ខែតុលា។ អ្វីគួរកត់សម្គាល់នោះ ខណៈដែលអង្គប្រជុំកំពុងដំណើរការ អតីតមេដឹកនាំ ហ៊ូ ជិនថាវ ក៏ត្រូវដឹកដៃចេញពីសាលប្រជុំ។ មិនទាន់មូលហេតុនៃការចាកចេញនេះឡើយ។
 
នៅថ្ងៃបញ្ចប់នេះ អង្គសមាជ បានបោះឆ្នោតអនុម័តរបាយការណ៍ការងាររបស់គណៈមជ្ឈិមអាណត្តិទី១៩ និងអនុម័តដំណោះស្រាយលើវិសោធនកម្មធម្មនុញ្ញបក្សដោយបញ្ចូលគោលការណ៍ថ្មីចំនួន២ ដែលសំដៅលើដម្កើងអំណាចរបស់លោក ស៊ី ជិនភីង ពិសេសតួនាទីស្នូលរបស់លោកក្នុងការដឹកនាំបក្ស។ សមាជិកទាំងអស់ ក៏បោះឆ្នោតជ្រើសរើសគណៈមជ្ឈិមបក្សសម្រាប់អាណត្តិទី២០ដែរ ប៉ុន្តែបញ្ជីសមាជិកថ្មីដែលជាទូទៅមានជាង២០០នាក់ មិនត្រូវបានបង្ហាញឡើយ។ 
 
ចំពោះមុខអ្នកចូលរួម លោក ស៊ី ជិនភីង ស្នើឱ្យសមាជិកបក្សទាំងអស់តស៊ូ និងសម្លឹងទៅមុខដើម្បីសម្រេចគោលដៅរបស់បក្ស។ លោកនិយាយថា៖ «ហ៊ានមោះមុត ហ៊ានឈ្នះ និងព្យាយាមបំពេញការងារ ហើយតាំងចិត្តឆ្ពោះទៅមុខ។»
 
បន្ថែមពីលើនោះ អង្គសមាជបក្សកុម្មុយនីស្តចិន ក៏អនុម័តបញ្ចូលជំហរប្រឆាំងឯករាជ្យតៃវ៉ាន់ក្នុងធម្មនុញ្ញរបស់ខ្លួនទៀត។ 
 
នៅថ្ងៃទី២៣ ខែតុលា គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដោយនឹងបោះឆ្នោតបន្តអាណតិ្តឱ្យលោក ស៊ី ថែមទៀត។ លោក ស៊ី នឹងក្លាយជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។
 
ជាមួយគ្នានេះ គណៈមជ្ឈិម ក៏បោះឆ្នោតជ្រើសរើសសមាជិការិយាល័យនយោបាយ និងគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយដ៏មានឥទ្ធិពលផងដែរ។ បេក្ខជននាយករដ្ឋមន្រ្តីបន្តពីលោក លី ខឹឈាំង នឹងបង្ហាញវត្តមានពេលនោះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com