អន្តរជាតិ
នាយករដ្ឋមន្រ្តី លី ខឹឈាំង នឹងចូលនិវត្តន៍ ខណៈលោក ស៊ី ត្រៀមបញ្ចូលមនុស្សជំនិតក្នុងក្បាលម៉ាស៊ីនដឹកនាំថ្មី
22, Oct 2022 , 4:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានាធិបតី ស៊ី ជិនភីង ដែលជាលេខាបក្សក្នុងសមាជលើកទី២០។ រូបថត AFP
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានាធិបតី ស៊ី ជិនភីង ដែលជាលេខាបក្សក្នុងសមាជលើកទី២០។ រូបថត AFP
នាយករដ្ឋមន្រ្តីចិន លី​ ខឹឈាំង ដែលជាមេដឹកនាំចិនលំដាប់ទី២ បន្ទាប់ពីលោក ស៊ី ជិនភីង នឹងចូលនិវត្តន៍ហើយក្រោយសមាជបក្សលើកទី២០ ។ លោក លី មិនមានឈ្មោះក្នុងបញ្ជីសមាជិកគណៈមជ្ឈិមបក្សឡើយ ដែលនោះមានន័យយថា លោកមិនអាចកាន់តំណែងថ្នាក់ណាមួយឡើយ។​ ការចាកចេញរបស់លោក លី នឹងទុកកន្លែងសម្រាប់មនុស្សជំនិតរបស់លោក ស៊ី ដែលត្រូវមើលឃើញថា កំពុងក្ដាប់អំណាចពេញដៃ។

 
លោក លី ខឹឈាំង ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំកំពូល៤នាក់ ដែលគ្មានឈ្មោះក្នុងបញ្ជីសមាជិកគណៈមជ្ឈិមបក្សថ្មី ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។​ លោក វ៉ាង យ៉ាង ប្រធានសភាពិគ្រោះយោបល់, លោក លី ចាន់ស៊ូ ប្រធានសភាប្រជាជន និងឧបនាយករដ្ឋមន្ត្រី ហាន់ ចឹង ក៏គ្មានឈ្មោះដែរ។ អ្នកទាំង៤ សុទ្ធសឹងជាសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ។
 
តាមពិតទៅ លោក លី និងលោក វ៉ាង មិនទានដល់អាយុចូលនិវត្តន៍ឡើយទេ ហើយត្រូវរំពឹងថា នឹងបន្តជាសមាជិកគណៈអចិន្ត្រៃយ៍ដដែល ខណៈលោក លី ចាន់ស៊ូ និងលោក ហាន់ ចឹង ដល់វ័យចូលនិវត្តន៍ហើយ។ លោក វ៉ាង ផ្ទាល់ ក៏ត្រូវមើលឃើញថា អាចបន្តតំណែងនាយករដ្ឋមន្រ្តីពីលោក លី ទៀតផង។ លោក លី ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្រ្តីដែរ ព្រោះកាន់តំណែង២អាណត្តិហើយ។
 
មិនទាន់មានហេតុផលណាមួយទាក់ទងការចូលនិវត្តន៍ពេញលេញរបស់លោកនាយករដ្ឋមន្រ្តី លី ឡើយ ប៉ុន្តែលោក លី នឹងនៅតែជានាយករដ្ឋមន្រ្តីរហូតដល់ខែមីនា ឆ្នាំ២០២៣ ពេលដែលសភាប្រជាជនជ្រើសរើសអ្នកបន្តវេន។ ឯអ្នកបន្តវេនវិញ ទោះមិនទាន់អាចឡើងកាន់តំណែង នឹងបង្ហាញមុខនៅថ្ងៃទី២៣ ខែតុលា ពេលដែលគណៈមជ្ឈិមបក្សបោះឆ្នោតជ្រើសរើសសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយអាណត្តិថ្មី។ ជាធម្មតា នាយករដ្ឋមន្រ្តី ជាឥស្សរជននៅលំដាប់ទី២ ឬទី៣ ក្នុងជួរបក្ស។
 
ជាមួយការចាកចេញនេះ កៅអីគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នឹងទំនេរដល់ទៅ៤ឯណោះ។ បើគិតតាមសមាសភាពបច្ចុប្បន្នដែលមានសរុប៧នាក់។ លោក ស៊ី ជិនភីង, លោក វ៉ាង ហ៊ូនីង និងលោក ចាវ ឡឹជី ជាសមាជិកដែលនឹងបន្តកៅអីរៀងៗខ្លួន។​ ដូច្នេះ លោក ស៊ី ដែលនឹងជាប់ជាលេខាបក្សមួយអាណត្តិទៀត អាចបញ្ចូលមនុស្សជំនិតរបស់លោកដល់ទៅ៤នាក់ទៀតក្នុងគណៈអចិន្រ្តៃយ៍ការិយាល័យមជ្ឈិមបក្ស។ 
 
ប្រធានការិយាល័យគណៈមជ្ឈិមបក្សលោក តឹង សៀស៊ាំង, លេខាបក្សក្រុងសៀងហៃ លោក លី ឈាំង, លេខាបក្សខេត្តគ័ងតុង លី ស៊ី, លេខាបក្សក្រុងឆុងឈីង ឈិន មីនអឺ ទំនងជាបេក្ខជនដែលនឹងជំនួសកៅអីទំនេរ៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com