ជាតិ
យុវជនសកម្ម សេវាល្អ
ទោះល្បែងស៊ីសងស្ងាត់ ស្ត្រីក្នុងឃុំជុំគ្រៀល ស្នើអាជ្ញាធរបន្តតាមដានដើម្បីសុវត្ថិភាពក្នុងឃុំ
22, Oct 2022 , 6:29 pm        
រូបភាព
ពលរដ្ឋជាស្ត្រី ក្នុងឃុំជុំគ្រៀល ស្នើអាជ្ញាធរ បន្តតាមដាន សកម្មភាពល្បែងស៊ីសង ក្នុងឃុំជុំគ្រៀល ខេត្តកំពត។
ពលរដ្ឋជាស្ត្រី ក្នុងឃុំជុំគ្រៀល ស្នើអាជ្ញាធរ បន្តតាមដាន សកម្មភាពល្បែងស៊ីសង ក្នុងឃុំជុំគ្រៀល ខេត្តកំពត។
 ដោយ៖ សៅ រ័ត្ថា (យុវជនឃុំជុំគ្រៀល)

ស្រុកទឹកឈូ, ខេត្តកំពត៖ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ឱ្យអាជ្ញាធរចេញចំណាត់ការក្ដៅ លើអ្នកលេងល្បែងស៊ីសងនៅទូទាំងប្រទេសរួចមក សកម្មភាពល្បែងស៊ីសង ក្នុងឃុំជុំគ្រៀល ខេត្តកំពត មានភាពស្ងប់ស្ងាត់។ បើទោះជាសកម្មភាពល្បែងស៊ីមិនមានសកម្មភាព ប៉ុន្តែពលរដ្ឋក្នុងឃុំនេះ នៅតែទទូចឱ្យអាជ្ញាធរ មានសមត្ថកិច្ច បន្តការតាមដានបន្តទៀត ដើម្បីឱ្យប្រាកដថា សកម្មភាពល្បែងស៊ីសងទាំងនោះមិនរើបឡើងវិញ។


 
ល្បែងភ្នាល់អនឡាញ, បៀរ, កន្ទុយលេខ, បញ្ជល់មាន់ ជាដើម ក្នុងឃុំជុំគ្រៀល ខេត្តកំពត ត្រូវបានពលរដ្ឋ និងអាជ្ញាធរ អះអាងថា ស្ងប់ស្ងាត់ មិនឃើញមានអ្នកប្រព្រឹត្តិបន្តទៀត។ អ្នកស្រី អាំ សារ៉ាវី ជាពលរដ្ឋមួយរូប រស់នៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ អ្នកស្រី ថា បច្ចុប្បន្នសកម្មភាពល្បែងស៊ីសង ក្នុងមូលដ្ឋានខ្លួន មិនមានអ្នកប្រព្រឹត្តិទៀតឡើយ ក្រោយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបកាលពីពេលថ្មីៗនេះ។ 
 

 អ្នកស្រី អាំ សារ៉ាវី ពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
បើទោះជាការបង្ក្រាបពីកម្លាំងអាជ្ញាធរ លើអ្នកប្រព្រឹត្តកន្លងមក ហាក់មានប្រសិទ្ធភាព ប៉ុន្តែស្ត្រីវ័យ៣៧ឆ្នាំរូបនេះ បារម្ភខ្លាចសកម្មភាពល្បែងស៊ីសងទាំងនោះ រើបឡើងវិញ។ អ្នកស្រីបង្ហាញពីការបារម្ភរបស់ខ្លួនដូច្នេះ៖ «ខ្ញុំមានកូនស្រីនៅរៀន ហើយរៀនដល់យប់ៗ ដូច្នេះនៅពេលមានល្បែងស៊ីសង វាអាចបង្កើតជាការឆក់ប្លន់។ អ៊ីចឹងខ្ញុំបារម្ភខ្លាចក្នុងភូមិ អសន្តិសុខ ប៉ះពាល់ដល់ការរស់នៅក្នុងភូមិ»។ 
 
ដោយបារម្ភពីសុវត្ថិភាព ក្រុមគ្រួសារខ្លួន និងពលរដ្ឋក្នុងភូមិ ជាពិសេសក្មេងស្រីនោះ អ្នកស្រី ស្នើសុំទៅកាន់អាជ្ញាធរភូមិ-ឃុំ ក៏ដូចជាកម្លាំងសមត្ថកិច្ច បន្តតាមដានត្រួតពិនិត្យ ដើម្បីបំបាត់សកម្មភាពល្បែងស៊ីសងទាំងនោះ កុំឱ្យត្រឡប់មកវិញ។ 
 
មិនសុខពីអ្នកស្រី សារ៉ាវី ខាងលើឡើយ ស្ត្រីវ័យ៦៤ឆ្នាំមួយរូបទៀត រស់នៅក្នុងភូមិជុំគ្រៀលនេះ ក៏បារម្ភពីការរើបឡើងវិញ នៃល្បែងស៊ីសង ក្នុងមូលដ្ឋានខ្លួនដែរ។ អ្នកស្រី អុំ ម៉ាលី ថាខ្លួនមិនចង់ឱ្យល្បែងស៊ីសង ត្រឡប់មកម្ដងទៀតឡើយ ដោយសារល្បែងស៊ីសង អាចបង្កអសន្តិសុខក្នុងមូលដ្ឋានខ្លួន ដូចជា អំពើចោរកម្ម អំពើហឹង្សា និងប៉ះពាល់ដល់ការសិក្សាកុមារជាដើម។ 


 អ្នកស្រី អុំ ម៉ាលី ឋរស់នៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នានេះ អ្នកស្រី ក៏បានស្នើសុំទៅកាន់អាជ្ញាធរមានសមត្ថកិច្ច បន្តតាមដាន ត្រួតពិនិត្យ ដើម្បីបញ្ឈប់នូវសកម្មភាពលែងស៊ីសង ក្នុងមូលដ្ឋានឃុំជុំគ្រៀល។ 
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសង ក្នុងឃុំជុំគ្រៀលនេះ លោក ចាន់ កក នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំជុំគ្រៀល អះអាងថា សកម្មភាពល្បែងស៊ីសងក្នុងឃុំ មិនឃើញមានសកម្មភាពទៀតឡើយ ក្នុងដែនសមត្ថកិច្ចខ្លួន ក្រោយបង្ក្រាបកន្លងមក។ 
 

 លោក ចាន់ កក នាយប៉ុស្ដិ៍នគរបាល រដ្ឋបានឃុំជុំគ្រៀល។
លោកបញ្ជាក់បន្ថែមដូច្នេះ៖ «កត្តាដែលជំរុញឱ្យលែងមានល្បែងស៊ីសងក្នុងឃុំនេះ គឺយើងចុះណែនាំ បង្រាប និងហៅពួកគាត់មកណែនាំអប់រំ ហៅគាត់មកធ្វើកិច្ចសន្យា ហើយយើងធ្វើតាមអនុសាសន៍ពីថ្នាក់ដឹកនាំ ដែលឱ្យបញ្ឈប់ (ល្បែងស៊ីសង) ជាដាច់ខាត»។ 
 
ដ្បិតបច្ចុប្បន្នសកម្មភាព ល្បែងស៊ីសង ក្នុងភូមិមិនមានសកម្មភាពក៏ដោយ ប៉ុន្តែសកម្មភាព នៃការតាមដាន និងត្រួតពិនិត្យ លើសកម្មភាពទាំងនោះ នៅតែបន្តពីសម្នាក់កម្លាំងសមត្ថកិច្ច ដើម្បីប្រាកដថា ការអនុវត្តកន្លងមក មានប្រសិទ្ធភាព និងឈានដល់ការលុបបំបាត់ល្បែងស៊ីសងទាំងស្រុង។ នេះជាការអះអាងរបស់ លោក ចាន់ កក៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 

Tag:
 ThmeyThmey
  ជុំគ្រៀល
  កំពត
  ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com