កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ឈរលេខ៣ដូចបំណង ខណៈព្រះខ័នរាជ និងវិសាខា ចែកគ្នា១ពិន្ទុ
23, Oct 2022 , 3:20 pm        
រូបភាព
ការប្រជែងបាល់រវាងកីឡាករព្រះខ័នរាជស្វាយរៀង(ក្រហម) និងវិសាខា (ខៀវ)។ រូបពីCPL
ការប្រជែងបាល់រវាងកីឡាករព្រះខ័នរាជស្វាយរៀង(ក្រហម) និងវិសាខា (ខៀវ)។ រូបពីCPL
ដោយ:
ក្រុមបាល់ទាត់ភ្នំពេញក្រោន ឡើងមកឈរលេខ៣ បន្ទាប់ពីឈ្នះបឹងកេត ៣-០។ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើជាមួយវិសាខា ១-១។ ចំណែកណាហ្គាវើលដ៍ ឈ្នះអង្គរថាយហ្គឺរ ២-១ និងកងយោធពលខេមរភូមិន្ទ លត់គីរីវង់សុខសែនជ័យ ៤-១ ក្នុងការប្រកួតជុំទី៣ សប្តាហ៍ទី២១ នៃពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ កាលពីថ្ងៃទី២២ ខែតុលា។

ភ្នំពេញក្រោន ដណ្តើមបានដំណែងលេខ៣ ពីភ្ញៀវបឹងកេត ក្នុងទឹកដីរបស់ខ្លួននាកីឡដ្ឋានស្មាតអ.អេស.អិន។ គ្រាប់បាល់ទី១ រកបានដោយខ្សែបម្រើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ជួន ចាន់ចាវ នៅនាទី៥ ដើមវគ្គទី១ និង២គ្រាប់ទៀតសម្រេចទីបានដោយខ្សែប្រយុទ្ធ Fareed Sadat នៅនាទី៦៥ និង៧៤។ 
 
ក្នុងម៉ោងដំណាលគ្នា វិសាខា បានត្រឹមស្មើភ្ញៀវព្រះខ័នរាជស្វាយរៀង ១-១។ ក្នុងវគ្គទី១ ខ្សែការពារម្ចាស់ផ្ទះវិសាខា បើកការនាំមុខមុន១គ្រាប់ហើយនៅនាទី៤ ដោយខ្សែការពារ វុធ តុលា។ អ្នកគាំទ្រម្ចាស់ផ្ទះសប្បាយរីករាយជាមួយការនាំមុខបណ្តោះអាសន្ននោះផងដែរ។ 
 


ជំនួបរវាងភ្នំពេញក្រោន(ក្រហម) ទល់នឹងបឹងកេត(ស)។ រូបពី CPL

អ្វីៗបានផ្លាស់ប្តូរនៅវគ្គទី២ ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងដែលតែងតែរកបានគ្រាប់បាល់ជារឿយៗនោះ គឺ Marcus Haber ជាអ្នករកគ្រាប់បាល់បានតាមស្មើ ១-១ នៅនាទី៦៩។ បញ្ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ។
 
ចំណែកគីរីវង់សុខសែនជ័យ បន្តភាពចាញ់លើកទី១៨ នាសប្តាហ៍ចុងក្រោយនេះដោយភ្លាត់ឱ្យក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) លត់ ៤-១ ក្នុងទឹកដីរបស់ខ្លួន។ គីរីវង់ រកគ្រាប់បាល់បានដោយខ្សែបម្រើ ហ៊ត ឆេងចេន នៅនាទី៤៥។ ចំណែកទ័ព ខ្សែប្រយុទ្ធ Takumu Nishihara រកបានពីរគ្រាប់(នាទី៣៧ និង៤០) ខ្សែការពារ Yuta Kikuchi រកបាននៅនាទី៣០ និងខ្សែប្រយុទ្ធ ណារ៉ុង កក្កដា នៅនាទី៣៩។
 
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបបឹងកេត និងវិសាខា ប៉ះភ្នំពេញក្រោន ម្តងទៀតនៅវគ្គ៤ក្រុមចុងក្រោយ។ ក្រុមទាំង៤ នឹងត្រូវប្រកួតក្នុងដី និងក្រៅដី ដើម្បីស្វែងរកម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២២។ ព្រះខ័នរាជឈរលេខ១ មាន៤៦ពិន្ទុ នាំមុខវិសាខា លេខ២ មាន៤០ពិន្ទុ ចំណែកលេខ៣ភ្នំពេញក្រោន មាន៣៦ពិន្ទុ លើសបឹងកេត ១ពិន្ទុ។ ជំនួបខ្វែងក្រុមលេខ១ ត្រូវជួបលេខ៤ និងលេខ២ ប៉ះលេខ៣៕
 
 

Tag:
 (កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ)
© រក្សាសិទ្ធិដោយ thmeythmey.com