ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ផ្ញើលិខិតទៅអបអរលោក ស៊ី ជិនភីង ដែលបន្តជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនីស្តចិនអាណត្តិទី៣
23, Oct 2022 , 4:19 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅប្រទេសចិន កាលពីឆ្នាំ២០១៩ ។ រូបពី CGTN
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅប្រទេសចិន កាលពីឆ្នាំ២០១៩ ។ រូបពី CGTN
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនទៅលោកប្រធានាធិបតី ស៊ី ជិនភីង ដើម្បីអបអរសាទរលោក ដែលទើបនឹងជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មនីស្តចិនសាជាថ្មី។ ក្រៅពីអបអរសាទរដល់លោក ស៊ី ជិនភីង សម្តេច ហ៊ុន សែន ក៏បានរំលេចឡើងពីទំនាក់ទំនងទ្វេភាគីផងដែរ គឺទាំងទំនាក់ទំនងក្នុងក្របខ័ណ្ឌប្រទេស ទាំងទំនាក់ទំនងក្នុងក្របខ័ណ្ឌបក្ស។



ប្រមុខបក្សកាន់អំណាចនៅកម្ពុជា ជម្រាបអគ្គលេខាធិការបក្សកម្មុយនីស្តចិន តាមរយៈលិខិត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ដូច្នេះថា៖«កម្ពុជា និងចិន មានទំនាក់ទំនងដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បានពង្រឹងទំនាក់ទំនងដែកថែប ដែលបានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២»។
 
មានវ័យ៦៩ឆ្នាំ លោក ស៊ី ជិនភីង ត្រូវបានបោះឆ្នោតឲ្យបន្តធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងមហាសន្និបាតបក្សលើកទី២០ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ វាជាអាណត្តិទី៣ហើយ ដែលលោក បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តចិន។ ក្នុងបក្សកុម្មុយនីស្តចិន តំណែងជាអគ្គលេខាធិការ គឺជាតំណែងខ្ពស់បំផុត និងមានអំណាចលំដាប់ទី១៕  
 

Tag:
 ហ៊ុន សែន
  ស៊ី ជិនភីង
  CPP
  CPC
© រក្សាសិទ្ធិដោយ thmeythmey.com