ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ជម្រាបលោក ស៊ី ជិនភីង៖ មិត្តភាពកម្ពុជា-ចិន ក្លាយជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ
24, Oct 2022 , 12:59 pm        
រូបភាព
សម្តេច ហ៊ុន សែន នាំលោក ហ៊ុន ម៉ាណែត ចូលជួបលោក ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ចាប់ដៃ ជាមួយលោក ស៊ី ជិនភីង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
សម្តេច ហ៊ុន សែន នាំលោក ហ៊ុន ម៉ាណែត ចូលជួបលោក ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ចាប់ដៃ ជាមួយលោក ស៊ី ជិនភីង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានសរសេរលិខិតជូនទៅលោកប្រធានាធិបតី ស៊ី ជិនភីង ទន្ទឹមគ្នាជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាឪពុក ដើម្បីចូលរួមអបអរសាទរលោក ស៊ី ជិនភីង ដែលបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនម្តងទៀត។ ក្នុងការសរសេរលិខិតអបអរសាទរនេះ លោក ហ៊ុន ម៉ាណេត ប្រើតួនាទីរបស់លោក ជាប្រធានយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។



តាមរយៈលិខិត ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដូចលិខិតសម្តេច ហ៊ុន សែន ដែរនោះ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជា ជម្រាបលោកប្រធានាធិបតីចិនដូច្នេះថា៖«មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់កម្ពុជា-ចិន កាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិតល្មួតរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ប៉ុន្មានឆ្នាំមកនេះ គណបក្សទាំង២ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។ មិត្តភាពនេះ បានក្លាយជាគំរូ១ក្នុងទំនាក់ទំនងអន្តរជាតិ»។ 
 
លិខិតរបស់លោក ហ៊ុន ម៉ាណែត មានខ្លឹមសារប្រហាក់ប្រហែលនឹងលិខិតរបស់សម្តេច ហ៊ុន សែន ដែរ។ ក្នុងលិខិតអបអរសាទរលោក ស៊ី ជិនភីង សម្តេច ហ៊ុន សែន បានប្រើឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ 
 
លោក ស៊ី ជិនភីង ដែលមានវ័យ៦៩ឆ្នាំ ត្រូវបានបោះឆ្នោតឲ្យបន្តធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនអាណត្តិទី៣ ក្នុងមហាសន្និបាតបក្សលើកទី២០ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ លោក ជាមេដឹកនាំទី១របស់ចិន ដែលកាន់តំណែងជាអគ្គលេខាធិការបក្សលើសពី២អាណត្តិ។ ក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្ត ជាទូទៅ លេខាបក្ស ឬអគ្គលេខាបក្ស ប្រៀបដូចជាប្រធានបក្ស៕ 
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន ម៉ាណែត
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com