ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រឈមការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ១ករណីទៀត
24, Oct 2022 , 4:09 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងក្នុងពិធី១ ដែលត្រូវបានរៀបចំឡើងក្នុងវត្តខ្មែរលើទឹកដីអាម៉េរិក កាលពីខែសីហា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក។
លោក សម រង្ស៊ី ថ្លែងក្នុងពិធី១ ដែលត្រូវបានរៀបចំឡើងក្នុងវត្តខ្មែរលើទឹកដីអាម៉េរិក កាលពីខែសីហា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក។
មានវីដេអូថ្មី១ទៀតអំពីលោក សម រង្ស៊ី ដែលទើបនឹងត្រូវបានបែកធ្លាយ ដោយក្នុងវីដេអូនោះ លោក បាននិយាយទាក់ទងនឹងព្រះមហាក្សត្រ។ ក្រសួងយុត្តិធម៌ ចាត់ទុកសម្តីរបស់មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ថាជាការប្រមាថដ៏ធ្ងន់ធ្ងរលើព្រះមហាក្សត្រ និងបានថ្កោលទោសលោក។



តាមរយៈញត្តិថ្កោកទោស ដែលចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់លើលោក សម រង្ស៊ី ចំពោះការប្រមាថលើព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងសាជាថ្មីនេះ។ 
 
ចំណែកតុលាការ ក៏មិននៅស្ងៀមដែរ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់សារព័ត៌មាថ្មីៗ ក្នុងក្រុមតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត នៅរសៀលថ្ងៃទី២៤ ខែតុលា ដូច្នេះថា៖«ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ​ដែលមានចែង​នៅក្នុងក្រមព្រហ្មទណ្ឌ​មាត្រា​ ៤៣៧​ (ស្ទួន)។​ តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ»។ 
 
ក្រៅពីក្រសួងយុត្តិធម៌ មន្រ្តីផ្សេងទៀតក្នុងជួររដ្ឋាភិបាល ក៏បានចេញញត្តិថ្កោលទោសដែរ។ ជាក់ស្តែង អ្នកដែលចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ទន្ទឹមនឹងក្រសួងយុត្តិធម៌ មានដូចជា លោក ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងក្រុមមេធាវីរដ្ឋាភិបាល ជាដើម។ 
 
សូមរម្លឹកថា កន្លងមក លោក សម រង្ស៊ី ធ្លាប់ត្រូវបានតុលាការកាត់ទោសរួចមកហើយ ពីបទប្រមាថព្រះមហាក្សក្សត្រ។ ហើយនាពេលថ្មីៗនេះ លោក ទើបនឹងត្រូវបានតុលាការ ដាក់ទោសដ៏ធ្ងន់ធ្ងរ ដោយឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ងកាត់ខេត្ត៤របស់ខ្មែរ ឲ្យទៅក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ារបស់វៀតណាម។ តែលោក បដិសេធថា លោក គ្មានបំណង ឬចុះកិច្ចសន្យាក្នុងការកាត់ទឹកដីខ្មែរឲ្យទៅបរទេសឡើយ៕ 
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com