ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតអាម៉េរិក៖ ដល់ពេលផ្តល់សិទ្ធិនយោបាយ ជូនលោក កឹម សុខា វិញហើយ
25, Oct 2022 , 12:59 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា មេដឹកនាំប្រឆាំង និង ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទុតអាម៉ែរិក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
ជំនួបរវាងលោក កឹម សុខា មេដឹកនាំប្រឆាំង និង ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទុតអាម៉ែរិក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
ខណៈការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ចូលមកកាន់តែកៀក លោក ផាទ្រិក មើហ្វី (Partick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានបង្ហាញបំណងរបស់លោកជាថ្មីម្តងទៀត គឺចង់ឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិនយោបាយឡើងវិញ។ លោក បង្ហាញការចង់បាននេះ តាមរយៈសារលើបណ្តាញធ្វីតធឺ បន្ទាប់ពីបានជួបពិភាក្សាជាមួយលោក កឹម សុខា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ 



លោកឯកអគ្គរដ្ឋទូតអាម៉េរិក សរសេរដូច្នេះថា៖«ក្រោយរយៈពេល៥ឆ្នាំនៃការឃុំឃាំង និងកាត់ក្តីលោក កឹម សុខា វា ដល់ពេលដែលត្រូវឃើញសិទ្ធិនយោបាយ និងសិទ្ធិជាពលរដ្ឋរបស់គាត់ ត្រូវបានស្តារឲ្យពេញលេញឡើងវិញហើយ។ ការផ្តល់សិទ្ធិជូនគាត់ នឹងអាចផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា»។  
 
មិនសូវខុសពីរាល់ដងឡើយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅតែបកស្រាយថា រដ្ឋាភិបាល ពុំមានដែនសមត្ថកិច្ច ឬសិទ្ធិទៅលូកលាន់ក្នុងកិច្ចការរបស់តុលាការឡើង។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដូច្នេះថា៖«ការលើកឡើង [លោកអគ្គរដ្ឋទូតអាម៉េរិក] នេះ មិនមានសុពលភាពជំនួសតុលាការទេ»។ 
 
រីឯលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់មតិត្រឡប់ទៅវិញថា បើយល់ថា លោក កឹម សុខា គ្មានទោសកំហុស លោក ផាទ្រិក មើហ្វី គួរផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីការពារលោក កឹម សុខា ក្នុងសវនាការ។ លោក មានប្រសាសន៍មកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមបែបនេះថា៖«ការយល់ឃើញរបស់មនុស្ស គឺជាការយល់ឃើញទៅតាមនិន្នាការ និងរបៀបវារៈនយោបាយរៀងៗខ្លួន។ តែការអនុវត្តច្បាប់ ជារឿងដោយឡែក គឺការសម្រេច ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់»។ 
 
លោកឯកអគ្គរដ្ឋទូតអាម៉េរិក លើកឡើងលើបណ្តាញធ្វីតធឺថា លោក និងលោក កឹម សុខា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកទាំង២ ចំពោះសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឲ្យប្រទេសរីកចម្រើន និងមានប្រជាធិបតេយ្យ។ 
 
លោក កឹម សុខា បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា ជំនួបនេះ ប្រព្រឹត្តទៅនៅនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតអាម៉េរិក។ លោក ប្រាប់ថា លោក និងលោកទូត បានផ្លាស់ប្តូរមតិជាមួយគ្នា អំពីការវិវត្តនៃដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់លោក ព្រមទាំងលម្ហប្រជាធិបតេយ្យនៅកម្ពុជា។ 
 
មេដឹកនាំប្រឆាំង ដែលមិនទាន់អាចធ្វើនយោបាយរូបនេះ អះអាងដូច្នេះថា៖«គឺជាកិត្តិយសសម្រាប់ខ្ញុំ ដែលតំណាងប្រទេសមហាអំណាចជាមិត្តរបស់កម្ពុជា ដែលបានជួប និងគ្រោងជួបជាមួយខ្ញុំ ដោយចាត់ទុកខ្ញុំជាមេដឹកនាំខ្មែរ១រូប ដោយលើកយកប្រធានបទសំខាន់ៗដែលមិនមែនតែជាប្រយោជន៍ខ្ញុំទេ តែគឺដើម្បីជាផលប្រយោជន៍របស់កម្ពុជាផងដែរ»។ 
 
តុលាការភ្នំពេញ ទើបនឹងប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសំណុំរឿងនេះ អូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះអស់៦៣លើក។ តុលាការ នឹងបើកសវនាការជាថ្មី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងខែកញ្ញា ឆ្នាំ២០១៧មក ពីបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 កឹម សុខា
  Partick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com