ជាតិ
សង្គមជាតិ
ឱកាសការងារ ជាង២ម៉ឺនកន្លែងសម្រាប់យុវជន​មានក្នុងពិព័រណ៍ការងារថ្នាក់ជាតិ​ នៅមជ្ឈមណ្ឌលកោះពេជ្រ
25, Oct 2022 , 6:59 pm        
រូបភាព
សកម្មភាពអ្នកចូលរួមពិព័រណ៍ថ្នាក់ជាតិកន្លងមក នៅមជ្ឈមណ្ឌលកោះពេជ្រ។ រូបពីហ្វេសប៊ុក៖​ ពិព័រការងារថ្នាក់ជាតិ
សកម្មភាពអ្នកចូលរួមពិព័រណ៍ថ្នាក់ជាតិកន្លងមក នៅមជ្ឈមណ្ឌលកោះពេជ្រ។ រូបពីហ្វេសប៊ុក៖​ ពិព័រការងារថ្នាក់ជាតិ
ដោយ៖ ចៀន និតា
 
ពិព័រណ៍ការងារ និងផលិតភាពជាតិ២០២២ ត្រូវរៀបចំឡើងនៅថ្ងៃទី២៨-២៩តុលា នៅមជ្ឈមណ្ឌលកោះពេជ្រ នៃរាជធានីភ្នំពេញ។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈពិពិព័រណ៍នេះ នឹងផ្តល់ឱកាសការងារដល់យុវជន​រហូតជាង២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗចំនួន១៥០។

 
ក្រសួងការងារ បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះមានមកពីវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល… ជាដើម។​   ពិព័រណ៍ការងារនេះ​​ នឹងចាប់ផ្តើមពីម៉ោង៨ព្រឹកដល់៨យប់ ដែលវាជាឱកាសសម្រាប់អ្នកស្វែងរកការងារធ្វើដោយគ្រាន់តែយកCV ទៅដាក់នៅក្រុមហ៊ុនណាមួយខ្លួនពេញចិត្ត​ នោះខាងអ្នកជំនាញក្រុមហ៊ុននឹងសម្ភាសភ្លាមៗតែម្តង។​
 
 
បើតាមលោក ពេជ សោភ័ន ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ការធ្វើពិព័រណ៍ការងារនេះ គឺចង់បង្កើនការផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត និងចាប់ផ្តើមបណ្តុះផ្នត់គំនិតសាធារណជនដោយធ្វើយ៉ាងណាពង្រីកផលិតផលការងារ។​  លោក បន្តមានប្រសាសន៍ថា ៖ «យើងចាប់ផ្តើមអនុវត្តកន្លងមក គឺទទួលបានជោគជ័យ ដែលកត្តាផលិតភាពការងារខ្ពស់នោះធ្វើឱ្យសេដ្ឋកិច្ចកើនឡើង និងប្រជាជនមានជីវភាពធូរធារ»។
 
សូមជម្រាបថា​ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ​ ត្រូវបានរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក) រាជធានីភ្នំពេញ និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា  (GMAC) ៕ 
 

Tag:
 ពិព័រណ៍ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com