ជាតិ
បុណ្យអុំទូក
កំពត និងព្រះសីហនុ រំពឹងទទួលបានទេសចរច្រើន នាបុណ្យអុំទូក
25, Oct 2022 , 4:29 pm        
រូបភាព
 រូបតំណាង៖កំពត និងព្រះសីហនុ  នឹងរពឹងទទួលបានទេសចរច្រើនក្នុងឱកាសបុណ្យអុំទូក
រូបតំណាង៖កំពត និងព្រះសីហនុ នឹងរពឹងទទួលបានទេសចរច្រើនក្នុងឱកាសបុណ្យអុំទូក
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តកំពត បានត្រៀមព្រឹត្តិការណ៍ និងកម្មវិធីជាច្រើន ដើម្បីទាក់ទាញទេសចរមកកម្សាន្ត ក្នុងឱកាស​បុណ្យ​អុំទូក​ ចាប់ពីថ្ងៃទី៧-៩ វិច្ឆិកាខាងមុខ។ សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ឆ្នេរ និងកោះ អាចស្នាក់នៅដោយការបោះតង់ អមដោយការការពារសន្តិសុខ និងសុវត្ថិភាពទៀតផង។

 
លោក សយ ស៊ីណុល ចបាននិយាយថា អាជ្ញាធរខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរមណីយដ្ឋានទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យអុំទូក។ មន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន នឹងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ ហើយតំបន់នីមួយៗ នឹងមានកម្មវិធីតូចៗរូមមាន ពិព័រណ៍ ផលិតផល ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីផងដែរ ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូក ថ្នាក់ខេត្ត នៅដងព្រែកកំពង់បាយ អមជាមួយនឹងការតាំងពិព័រណ៍បង្ហាញពីផលិតក្នុងតំបន់ នៅថ្ងៃទី៦ ដល់៧ វិច្ឆិកា។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ បានបញ្ជាក់ថា៖ « ភ្ញៀវនឹងមកលេងច្រើនដដែល ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន។ ក្នុងពិធីបុណ្យអុំទូក ខ្ញុំជឿថា ទេសចរជាច្រើន នឹងនៅតែទៅកម្សាន្តនៅខេត្តកំពត»។
 
  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត។ រូបភាពពី មន្ទីរទេសចរខេត្តកំពត

ទេសចរណ៍​សំខាន់ៗ មាន​រមណីយដ្ឋាន​ភ្នំ​បូកគោ​ ទឹកឈូ​ កំពង់ត្រាច់​ ភ្នំ​ឈ្ងោក​ ដូង​ទេរ​ ព្រែក​ត្នោត​ ព្រែក​កំពត​ ឧទ្យាន​ដងព្រែក​ ទឹកធ្លាក់​តា​ដា​ ទំនប់​ម្លិ​ច​ សហគមន៍​ត្រពាំង​សង្កែ​ ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។
 
យ៉ាងណាមិញលោក សយ ស៊ីណុល មិនទាន់អាចប្រាប់ពីការកក់កន្លែងស្នាក់នៅបានទេ ព្រោះមិនទាន់មានទិន្នន័យច្បាស់លាស់។ «ប៉ុន្តែរាល់ពិធីបុណ្យទាននានា កន្លែងស្នាក់នៅក្នុងខេត្តនេះមិនដែលសល់ឡើយ ដូច្នេះទេសចរត្រូវកក់កន្លែងស្នាក់នៅយ៉ាងហោចណាស់មួយសប្តាហ៍  ។  បច្ចុប្បន្ន ខេត្តកំពត មានកន្លែងស្នាក់នៅចំនួន៤៦០០បន្ទប់។លើសពីនេះ ក្រៅពីកន្លែងស្នាក់នៅ ខេត្តកំពត ក៏មានជាកន្លែងបោះតង់ សម្រាប់សម្រាកលំហែកាយផងដែរ»។ នេះបើតាមប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត។

 
​ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលខ្មែរ អមជាមួយការរត់ប្រណាំងអន្តរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ៩ វិច្ឆកា ។ 
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ៖« ក្នុងឱកាសពិធីបុណ្យអុំទូកការតាំងពិព័រណ៍ខាងមុខនេះ ខ្ញុំរពឹងថាទទួលបានទេសចរជាង២០ម៉ឺននាក់ដែលមកកម្សាន្ត និងមានម្ហូបអាហារក្នុងស្រុក ម្ហូបអាហារបរទេសចម្រុះ តាំងផលិតផលខ្មែរ និងការរត់ប្រណាំងអន្តរជាតិ ដែលត្រៀមទទួលទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុទទួលបានភាពរីករាយ»។
 
   លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រូបភាពពី ក្រសួងមហាផ្ទៃ

ទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ អាចបោះតង់តាមឆ្នេរ និងតាមកោះ ដោយមានសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់។ នេះបើតាមលោក គ្រឹស្នា។
រដ្ឋបាលខេត្តទាំង២ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ឱ្យរក្សាតម្លៃ និងគុណភាពម្ហូបអាហារ កុំដំឡើងថ្លៃក្នុងពិធីបុណ្យអុំទូកខាងមុខ៕
 

Tag:
 ThmeyThmey25
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com