ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ បទល្មើសគ្រឿងញៀនក្នុងឃុំជុំគ្រៀលថយចុះ ពលរដ្ឋនៅតែទទូចឱ្យអាជ្ញាធ​រ​ពង្រឹងបន្ថែម
26, Oct 2022 , 8:59 am        
រូបភាព
បញ្ហាគ្រឿងញៀនថយចុះ តែពលរដ្ឋក្នុងភូមិជុំគ្រៀល ឱ្យអាជ្ញាធរពង្រឹងបន្ថែម។
បញ្ហាគ្រឿងញៀនថយចុះ តែពលរដ្ឋក្នុងភូមិជុំគ្រៀល ឱ្យអាជ្ញាធរពង្រឹងបន្ថែម។
 ដោយ៖ សៅ រ័ត្ថា (យុវជនឃុំជុំគ្រៀល)

ស្រុកទឹកឈូ, ខេត្តកំពត៖ លោក ចាន់ កក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជុំគ្រៀល ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពតនេះ អះអាងថាបញ្ហាគ្រឿងញៀន មានការថយចុះ ពោលគឺមិនមានករណីកើតឡើងនៅក្នុងឆ្នាំ២០២២នេះ។ ការដែលស្ថានភាពគ្រឿងញៀនក្នុងឃុំមានភាពប្រសើរដូច្នេះ ត្រូវបានលោកមេប៉ុស្តិ៍ពន្យល់ថាថា ដោយសារអាជ្ញាធរ បានរៀបចំវេទិកាសាធារណៈ អប់រំ ផ្សព្វផ្សាយជាប់ជាប្រចាំ។ ក្រៅពីរៀបចំជាវេទិកាសាធារណៈ​ អាជ្ញាធរក៏ចុះអប់រំពីបញ្ហាគ្រឿងញៀននេះ ទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដែរ។ លោក​ចាន់ កក បញ្ជាក់ដូច្នេះ រួចបន្ថែមថា ការចុះបង្ក្រាប និងយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន ក៏ជាទឡ្ហីករ នៃការថយចុះនៃករណីប្រើប្រាស់គ្រឿងញៀន​ដែរ។ 
 
លោកលើកឡើងជុំវិញបញ្ហាគ្រឿងញៀនដូច្នេះ៖ «បញ្ហាគ្រឿងញៀននេះគឺថយចុះ បង្ក្រាបឆ្នាំមុនមួយករណីទេ ។ តែឆ្នាំនេះវាអត់ឃើញមាន បានន័យថា វាថយចុះហើយ។ រាល់ថ្ងៃយើងមើលទៅ ដូចអត់ឃើញគាត់ប្រើប្រាស់  ឬចែកចាយ ហើយតាមរយៈទូរស័ព្ទប្ដឹងយើង ក៏អត់មាន»។ 
  

 លោក ចាន់ កក មេប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំជុំគ្រៀល។

ទោះបីការ​ចែកចាយ និងការប្រើ​ប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃុំ មើលឃើញថាថយចុះ ប៉ុន្តែពលរដ្ឋក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល នៅតែបារម្ភពីកូនចៅរបស់ពួកគេ ខ្លាចលង់ខ្លួនប្រើប្រាស់គ្រឿងញៀន។ អ្នកស្រី ឃួន សាម៉េ ជាពលរដ្ឋរស់នៅក្នុងភូមិជុំគ្រៀល និយាយពីកង្វល់របស់ខ្លួនដូច្នេះ៖ «នៅក្នុងភូមិយើងមិនឃើញមានសកម្មភាព (គ្រឿងញៀន)អីទេ។ ប៉ុន្តែយើងនៅតែបារម្ភ លើក្មេងៗនោះ ដែលទៅរៀន ដែលជះឥទ្ធិពលលើការសិក្សារបស់ក្មេងៗ»។


 អ្នកស្រី ឃួន សាម៉េត ពលរដ្ឋរស់នៅក្នុងឃុំជុំគ្រៀល។

មិនខុសពីអ្នកស្រី សាម៉េ ឡើយ អ្នកស្រី សូរ សាមុន ក៏បង្ហាញពីក្ដីកង្វល់របស់ខ្លួន ទៅលើក្មេង និងសន្តិសុខក្នុងភូមិផងដែរ ដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀននេះ។ ស្ត្រីវ័យ៦០ឆ្នាំរូបនេះ និយាយដូច្នេះ​៖ «ព្រួយបារម្ភ ខ្លាចក្មេងៗទៅសេព(គ្រឿងញៀន) ហើយខ្លាចបង្កើតជាអំពើហឹង្សា និង អសន្តិខុសក្នុងភូមិ»។
 

 អ្នកស្រី សូរ សាមុន ពលរដ្ឋរស់នៅឃុំជុំគ្រៀល។

ដោយមានកង្វល់ពីកូនចៅ និងសន្តិសុខក្នុងភូមិ ស្ត្រី​ខាងលើនេះ ស្នើដល់អាជ្ញាធរ បង្កើតការ​ត្រួតពិនិត្យតាមដាន និងចុះបង្ក្រាប ក៏ដូចជាពង្រឹងសកម្មភាពពាក់ព័ន្ធនានា ដើម្បីបញ្ឈប់ការប្រើប្រាស់ និងជួញដូរ គ្រឿងញៀនក្នុងមូលដ្ឋានខ្លួន។
 
ឆ្លើយតបនឹងសំណូមពរខាងលើនេះ លោក ចាន់ កក មេប៉ុស្ដិ៍ អះអាងថា ខ្លួនប្ដេជ្ញាចិត្ត ដើម្បីកំចាត់រាល់បញ្ហានានា ជាពិសេសបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានខ្លួន។ ជាមួយគ្នានេះ លោកក៏សំណូមពរ ឱ្យអាណាព្យាបាល ក៏ដូចជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ តាមរយៈការតាមដានសកម្មភាពកូនៗ ក៏ដូចជាអប់រំពួកគេ៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ThmeyThmey
  ជុំគ្រៀល
  កំពត
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com