ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ប្រាប់លោក សម រង្ស៊ី ឱ្យឈប់ប្រមាថរាជបល្ល័ង្ក
25, Oct 2022 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រីជាន់ខ្ពស់នានារបស់រដ្ឋាភិបាល ក្នុងកងកម្លាំងប្រដាប់អាវុធ ក្នុងស្ថាប័ននីតិប្បញ្ញត្តិ អភិបាលខេត្ត បានបញ្ចេញប្រតិកម្មជាលក្ខណៈបុគ្គលប្រឆាំងលោក សម រង្ស៊ី។ ក្នុងចំណោមនោះក៏មានលោក ហ៊ុន ម៉ានី ដែរ។ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Fresh News ឃ្លីបសំឡេងរបស់លោក សម រង្ស៊ី បានបែកធ្លាយ ហើយដែលគេឮលោក សម រង្ស៊ី និយាយប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។

 
ខុសពីមន្ត្រីជាន់ខ្ពស់នានាដែលផ្សព្វផ្សាយប្រតិកម្មរបស់ខ្លួននៅលើសារព័ត៌មាន Fresh News លោក ហ៊ុន ម៉ានី ដែលកំពុងដឹកនាំប្រតិភូយុវជនធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម បានសរសេរប្រតិកម្មរបស់លោកនៅលើទំព័រហ្វេសប៊ុករបស់លោកតែម្ដង។
 
តាមរយៈអត្ថបទប្រតិកម្មនោះ គេអាចអានពាក្យពេចន៍ប្រតិកម្មធ្ងន់ៗរបស់លោក ហ៊ុន ម៉ានី ប្រឆាំងលោក សម រង្ស៊ី ដែលលោក ម៉ានី អះអាងកំពុងជាន់ឈ្លីរាជបល្ល័ង្ក។ 
 
លោក ហ៊ុន ម៉ានី សរសរយ៉ាងដូច្នេះ៖«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។»។
 
លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រ និងជាមេដឹកនាំចលនាយុវជនដ៏ធំជាងគេនៅកម្ពុជាផងនោះបានចាត់ទុក សកម្មភាពរបស់លោក សម រង្ស៊ី ថាជាទង្វើដែលបង្ហាញពីអសីលធម៌នៃការដឹកនាំ ហើយថាសកម្មភាពរបស់លោក សម រង្ស៊ី ក៏ជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសរបស់កម្ពុជាដែរ។
 
«សូមលោកបញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ។»។ នេះជាសេចក្តីសន្និដ្ឋានរបស់លោក ហ៊ុន ម៉ានី។
 
ក្នុងពេលកន្លងមក លោក ហ៊ុន ម៉ានី តែងបានដឹកនាំចលនាយុវជនរបស់លោករៀបចំកម្មវិធីគោរពរាជបល្ល័ង្ក និងព្រះករុណា។ នៅក្នុងសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ដែលនិយាយដល់ជំហររបស់លោក ម៉ានី ចំពោះរាជបល្ល័ង្ក លោក ហ៊ុន ម៉ានី បាននិយាយប្រាប់អ្នកនិពន្ធថា រាល់ការប្រមាថចំពោះព្រះមហាក្សត្រ វាគឺជាទង្វើដែលអ្នកនយោបាយបន្តវេនរូបនេះមិនអាចទទួលយកបានឡើយ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com