ជាតិ
សត្វផ្សោតអ៊ីរ៉ាវ៉ាឌី ជារតនសម្បត្តិជាតិមានជីវិតនៅកម្ពុជា
26, Oct 2022 , 7:59 pm        
រូបភាព
សត្វផ្សោតអ៊ឺរ៉ារ៉ាឌី ត្រូវបានគេចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៅកម្ពុជា
សត្វផ្សោតអ៊ឺរ៉ារ៉ាឌី ត្រូវបានគេចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៅកម្ពុជា
ភ្នំពេញ៖  សត្វផ្សោតអ៊ីរ៉ាវ៉ាឌីកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ជាប្រភេទផ្សោតមួយប្រភេទ ស្ថិតក្នុងចំណោម៦ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក ត្រូវបានគេចាត់ទុកជារតនសម្បត្តិជាតិមានជីវិត។ ផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណមាន ៨៩ក្បាល កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុង​ឆ្នាំ​២០២០​។



សត្វ​ផ្សោតអ៊ីរ៉ាវ៉ាឌី ជាកត្តាចង្អុលបង្ហាញមួយ​អំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ដែលរាប់បញ្ចូលទាំង​ជីវៈ​ចម្រុះ​ ​ ផ្តល់នូវសេវាកម្មអេកូឡូស៊ីក្នុងការ​ទ្រ​ទ្រង់​ជីវិត​របស់​មនុស្ស។ ដោយឡែក សត្វ​ផ្សោតអ៊ីរ៉ាវ៉ាឌី ឬផ្សោតក្បាលត្រឡោក វាស៊ីត្រីជាចំណី ចូលចិត្តរស់នៅអន្លង់ទឹកជ្រៅ ដែលរស់នៅតាមដងទន្លេចំនួន៣ រួមមានទន្លេមេគង្គ ទន្លេAyeyawady និងទន្លេMahakam។
 
សត្វផ្សោតអ៊ីរ៉ាវ៉ាឌី វាមានរូបរាងដូចជាមានក្បាលមូល មាត់ទាប មានឆ្មេញប្រមាណ១២ ទៅ១៩ ដែលមានប្រវែងរហូតដល់ ២,៧៥ម៉ែត្រ និងទម្ងន់រហូតដល់ ២០០គីឡូក្រោម។ ជាពិសេសផ្សោតនេះ វាចេះបាញ់ទឹកពីមាត់ ហើយការបាញ់ទឹកនេះ ជាតិចនិចក្នុងការទាក់ទាញហ្វូងត្រី និងទាក់ទាញទេសចរ ដែលអាចផ្តល់ចំណូលដល់សហគមន៍ទេសចរណ៍ធម្មជាតិផងដែរ។
ជាមួយគ្នានេះដែរ សត្វ​ផ្សោត កំពុង​រង​ការគំរាមកំហែង នៅតាម​ដង​ទន្លេមេគង្គ ខេត្តក្រចេះ រហូតដល់​ព្រំដែនប្រទេស​ឡាវ​។ ដោយ​ឡែក សត្វ​ផ្សោត​ទាំងនោះ ត្រូវ​បានទទួល​ការការពារ និង​ការអភិរក្ស ដោយ​អង្គការ WWF និង​រដ្ឋបាល​ជន​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​។
 
បើតាម​របាយការណ៍រ​បស់​អង្គការ WWF មូលហេតុ​ដែល​ធ្វើ​ឲ្យ​សត្វ​ផ្សោត ប្រឈម​នឹង​ការគំរាមកំហែង ដោយសារ​តែមាន​សកម្ម​ភាពខុស​ច្បាប់ និង​ការ​​ប្រើ​មង​នេសាទ​ដើម្បី​ទាក់​យក​សត្វ​ផ្សោត។ លើស​ពីនេះ ការ​​ប្រើ​ឧបករណ៍​ឆក់ហួសកម្រិត ធ្វើឱ្យបាត់បង់ត្រីជាចំណីរបស់ផ្សោត និង​បណ្តាមកពី​​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​​កំពុង​សាងសង់ដែលប៉ះពាល់ដល់ការផ្លាស់ទីរបស់ផ្សោត។​
 
​អង្គការ​ WWF ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការនេសាទ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត ​ការពារសត្វ​ផ្សោត​ទន្លេ​មេគង្គ និងលើកកម្ពស់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ និង​សុខ​មាល​ភាពមនុស្ស​ ព្រមទាំងការ​រស់នៅ​ប្រកប​ដោយ​សុខដុម​រម​នា​ជាមួយ​ធម្មជាតិ៕
 
 

Tag:
 ThmeyThmey25
 សត្វផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com