ជាតិ
អាជីវកម្មទេសចរណ៍ នៅរាជធានី-ខេត្តគោលដៅ ទទួលបានការលើកលែងពន្ធ ៣ខែទៀត
26, Oct 2022 , 4:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលបន្តលើកលែងពន្ធប្រចាំខែ ដល់អាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង​ខេត្តព្រះសីហនុ រយៈពេល១ត្រីមាសទៀតក្នុងឆ្នាំ២០២២។ ចំណែកម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវពង្រឹងជំនាញដល់បុគ្គលិក​ និងអាចស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។



ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋានអាជីវកម្មនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ មិនតម្រូវឱ្យបង់ពន្ធប្រចាំខែគ្រប់ប្រភេទទាំងអស់ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មត្រូវបន្តដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។
 
ជាមួយគ្នានេះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ ក្នុងនោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។
 
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានអនុវត្តគម្រោង«សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដើម្បីស្តារ និងជំរុញវិស័យទេចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ  ដែលផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍៕
 
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
 ​ រដ្ឋាភិបាល
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com