អន្តរជាតិ
លីទុយអានី ពង្រឹងទំនាក់ទំនងជាមួយជប៉ុន ខណៈទំនាក់ទំនងជាមួយចិននៅតែល្អក់កករ នាយករដ្ឋមន្រ្តីលីទុយអានី Ingrida Simonyte ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
× នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ នៅថ្ងៃទី២៦ ខែតុលាបានលើកឡើងថា ជប៉ុន និង លីទុយអានីយល់ព្រមគ្នាបង្កើនទំនាក់ទំនងស្និទ្ធស្នាលជាងមុន និងចាប់ផ្ដើមកិច្ចសន្ទនាសន្តិសុខទ្វេភាគីថែមទៀត ស្របពេលលីទុយអានី កំពុងតែប្រឈមនឹងភាពតានតឹងជាមួយចិនជុំវិញកោះតៃវ៉ាន់។
«ជប៉ុន និងលីទុយអានី ជាដៃគូដ៏សំខាន់ដែលចែករំលែកតម្លៃជាមូលដ្ឋានដូចជា សេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ»។ នាយករដ្ឋមន្ត្រីជប៉ុនថ្លែងបែបនេះក្នុងសន្និសីទកាសែត រួមគ្នាមួយនៅទីក្រុងតូក្យូជាមួយនាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Ingrida Simonyte។
មេដឹកនាំជប៉ុនរូបនេះបន្តថា លោករីករាយដែលប្រទេសទាំងពីរអាចធ្វើឱ្យទំនាក់ទំនងប្រសើឡើងទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រទៀតផង។ ទន្ទឹមនេះប្រទេសទាំងពីរក៏សម្រេចចិត្តចាប់ផ្តើមការសន្ទនាផ្នែកសន្តិសុខផងដែរ។
ក្នុងសន្និសីទដដែលនេះ នាយករដ្ឋមន្ត្រីលីទុយអានីលើកឡើងថា បញ្ហាប្រឈមភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ ដូចជាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន និងព្រមទាំងសង្គ្រាមទ្រង់ទ្រាយធំដ៏ឃោរឃៅដែលរុស្ស៊ីបានចាប់ផ្តើមនៅអឺរ៉ុប បង្ហាញពីតម្រូវការសម្រាប់ប្រទេសដែលមានគំនិតដូចគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា។
លោកស្រី Simonyte បញ្ជាក់ថា ភាពជាដៃគូនេះបម្រើផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ ហើយជប៉ុន និងលីទុយអានីមានគោលបំណងធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាង មុននិងមានសុវត្ថិភាពជាងមុនសម្រាប់លទ្ធិប្រជាធិបតេយ្យនិងប្រជាជនទាំងអស់ដែលស្រឡាញ់សេរីភាព។
សូមបញ្ជាក់ថា លីទុយអានីតែងតែរងសម្ពាធពីក្រុងប៉េកាំងបន្ទាប់ពីប្រទេសមួយនេះសម្រេចចិត្តអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកស្ថានទូតនៅរដ្ឋធានីវីលនីញូស។ ចិនបានទម្លាក់កម្រិតការទូត និងជំរុញឱ្យក្រុមហ៊ុនចិនកាត់ផ្ដាច់ទំនាក់ទំនងជាមួយលីទុយអានីថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com