ជាតិ
សង្គមជាតិ
លោក នេត សាវឿន ប្រាប់ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនថ្មី ឲ្យបង្ក្រាបករណីធំៗ កុំបង្ក្រាបករណីតូចតាច
27, Oct 2022 , 3:29 pm        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់អនុក្រឹត្យស្តីពីការតែងជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជូនលោក ឃឹង សារ់ាត់ ក្នុងពិធីដែលលោក ចូលកាន់តំណែងនេះ​ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់អនុក្រឹត្យស្តីពីការតែងជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជូនលោក ឃឹង សារ់ាត់ ក្នុងពិធីដែលលោក ចូលកាន់តំណែងនេះ​ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
 ដោយ៖ ទេពញាណ 
 
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ដែលទើបនឹងឡើងជានាយកមន្ទីរប្រឆាំងគ្រឿងញៀន មិនឲ្យបង្ក្រាបបទល្មើសគ្រឿងញៀនតូចតាច តែត្រូវបង្ក្រាបតែបទល្មើសគ្រឿងញៀនធំៗបានហើយ ព្រោះមន្ទីរប្រឆាំងគ្រឿងញៀន គឺជាកងកម្លាំងថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

 
ការផ្តល់ការណែនាំរបស់លោក នេត សាវឿន ស្ថិតក្នុងពិធីផ្ទេរតំណែងជានាយកមន្ទីរប្រឆាំងគ្រឿងញៀនជូនលោក ឃឹង សារ៉ាត់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ក្រៅពីលោក ឃឹង សារ៉ាត់ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏ត្រូវប្រកាសឲ្យចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីនេះដែរ។
 
នាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្ត និងតែងតាំងលោក លឹម ផាន់ភារៈ ជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 
 
ក្នុងពិធីខាងលើ លោកអគ្គស្នងការ កោតសរសើរកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដែលកន្លងមក បានប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន។ លោក ក៏បានណែនាំឲ្យពង្រឹងសមត្ថភាពមន្ដ្រី និងពង្រឹងអាកប្បកិរិយា ពោលគឺ ត្រូវមានឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់។ បន្ថែមពីនេះ លោក ប្រាប់ឲ្យគ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត តាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ចំពោះការសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ៕ 
 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com