ជាតិ
សង្គមជាតិ
ប៉ូលិសប៉ុស្តិ៍ឃុំ-សង្កាត់ ត្រូវរើសតាមរយៈការសម្ភាស ដោយមិនឆ្លងកាត់ការប្រឡងដូចមុនឡើយ
28, Oct 2022 , 2:59 pm        
រូបភាព
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបពីទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦)
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបពីទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦)
ដោយ៖ ទេព​ញាណ 
មេឃុំ ឬចៅសង្កាត់ និងមេប៉ុស្តិ៍ ជាអ្នកជ្រើសរើស និងសម្ភាសបេក្ខជន ដែលសុំចូលធ្វើជានគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់។


 
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកែប្រែនីតិវិធីនៃការជ្រើសរើសបេក្ខជន ដែលត្រូវធ្វើជានគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ឲ្យមានលក្ខណៈងាយស្រួលនិងសាមញ្ញជាងមុន ដោយប្តូរពីការប្រឡង មកជាការសម្ភាសវិញ។ សម្តេច លើកឡើងថា អ្នកដែលត្រូវសម្ភាសឲ្យចូលធ្វើជានគរបាលតាមប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ គឺជាកូនៅចៅរបស់ប្រជាជន ក្នុងឃុំ-សង្កាត់នោះតែម្តង ដោយមិនរើសអ្នកដែលមកពីទីណាផ្សេងឡើយ។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មើលឃើញថា ការជ្រើសរើសកូនចៅរបស់ប្រជាជន ឲ្យចូលធ្វើជានគរបាលនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់របស់ពួកគេផ្ទាល់ និងការប្រើនីតិវិធីជ្រើសរើសដោយការសម្ភាសបែបនេះ គឺមានប្រយោជន៍ និងមានប្រសិទ្ធិភាព ជាងការជ្រើសរើសយកអ្នកមកឆ្ងាយ និងការប្រើនីតិវិធីជ្រើសរើសដោយការប្រឡង។ សម្តេច បន្តថា នៅពេលថ្នាក់លើបន្ថែមក្របខ័ណ្ឌចំនួនប៉ុន្មាន ទៅឲ្យប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ណាមួយ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់នោះ ត្រូវជ្រើសរើសនគរបាលថ្មី តាមចំនួនក្របខ័ណ្ឌប៉ុននោះ។ 

ការជ្រើសរើសនគរបាលឲ្យចូលបម្រើការងារតាមប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ដោយប្រើនីតិវិធីនៃការសម្ភាសនេះ គឺមានលក្ខណៈងាយស្រួល តែការដូរពួកគេចេញ ទៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ផ្សេង មានភាពតឹងរ៉ឹងខ្លាំង ពោលគឺ លុះត្រាតែរដ្ឋមន្រ្តីមហាផ្ទៃ ទើបមានសិទ្ធិប្តូរពួកគេ។ យ៉ាងណា សម្តេច ស ខេង មានប្រសាសន៍ជាលក្ខណៈសត្យានុម័តថា ពួកគេ នឹងមិនប្តូរចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ ដែលជាស្រុកកំណើតរបស់ពួកគេ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ដែលនៅឆ្ងាយនោះទេ។ 
 
ធ្វើជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«មានតែរដ្ឋមន្រ្តី [មហាផ្ទៃ] ទេ ដែលមានសិទ្ធិឲ្យផ្ទេរនគរបាលប៉ុស្តិ៍ចេញ ក្រៅពីហ្នឹង អត់មានសិទ្ធិទេ ហើយក៏គ្មានហេតុផលនឹងផ្ទេរផង ព្រោះគាត់ មានកំណើននៅហ្នឹង។ វា ងាយស្រួលថា ឪពុកម្តាយក៏នៅហ្នឹង ប្រពន្ធកូនក៏នៅហ្នឹង ផ្ទះសម្បែងនៅហ្នឹង។ វា ជិតកន្លែងធ្វើការ ព្រឹកល្ងាចអើតឈ្ងោកបាន ហើយយើង ក្តាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តពលរដ្ឋនៅក្នុងភូមិរបស់យើងស្រាប់។ អ៊ីចឹង វាងាយទាំងអស់»។ 
 

សម្តេច ស ខេង ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

បើតាមសម្តេច អ្នកដែលទទួលបន្ទុកក្នុងការសម្ភាស គឺមេឃុំ-ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ ទៅតាមសំណួរ ដែលនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ដាក់ឲ្យ។ ទន្ទឹមនេះ សម្តេច ប្រាប់ឲ្យអ្នកដែលមានសិទ្ធិជ្រើស្រើសនោះ ជៀសវាងការជ្រើសរើសយកតែកូនក្មួយឯង។ ប៉ុន្តែ សម្តេច នៅតែអនុញ្ញាតឲ្យជ្រើសរើសយកពួកគេ បើពួកគេ មានសមត្ថភាព និងមានលក្ខសម្បត្តិគ្រប់គ្រាន់។ លក្ខខណ្ឌដាច់ខាត១ ដែលសម្តេច ហាមមិនជ្រើសរើស គឺបុគ្គលនោះសេពគ្រឿងញៀន។  
 
តាមពិត ការជ្រើសរើសនគរបាលថ្មីឲ្យចូលបម្រើការងារនៅតាមប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ ដោយការសម្ភាសនេះ គឺចាប់ផ្តើមតាំងពី២០២១មក ព្រោះពេលនោះ ជំងឺកូវីដ-១៩ រីករាលដាលខ្លាំង ដែលមិនអាចរៀបចំការប្រឡើងបាន។ សម្តេច ស ខេង សង្កេតឃើញថា ការសម្ភាស មានប្រសិទ្ធិភាពជាងការប្រឡង ដូច្នេះហើយ ទើបបានជាសម្តេច សម្រេចបន្តប្រើយន្តការនៃការសម្ភាសនេះតែម្តង ក្នុងការជ្រើសរើសនគរបាលថ្មីឲ្យចូលបម្រើការងារតាមប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់៕ 
 
 

Tag:
 ស ខេង
  នគរបាលប៉ុស្តិ៍
© រក្សាសិទ្ធិដោយ thmeythmey.com