អន្តរជាតិ
កូរ៉េខាងត្បូងនឹងចូលរួមត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងតាមការអញ្ចើញរបស់ជប៉ុន រូបភាព៖ AFP
×
ដោយ៖ ហ៊ួយ ស៊ីវលី
កូរ៉ខាងត្បូង នឹងចូលរួមក្នុងការត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងអន្តរជាតិ ដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយនៅជិតទីក្រុងតូក្យូ។ បើទោះបីជាមានការរិះគន់ពីសមាជិកសភាក៏ដោយ ការសម្រេចចិត្តនេះធ្វើឡើង ក្រោមហេតុផលការពារសន្តិសុខជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែតុលា។
បើតាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៧ ខែតុលា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅឆ្នាំនេះ ក្រុងតូក្យូ នឹងចូលរួមត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងតាមការអញ្ចើញរបស់ភាគីក្រុងតូក្យូនៅឈូងសមុទ្រ Sagami ។ ការត្រួតពិនិត្យនេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា។
ជុំវិញរឿងនេះ សមាជិកសភាកូរ៉េខាងត្បូងមួយចំនួន បានរិះគន់រដ្ឋាភិបាលលោក យូន សុកយ៉ុល ដែលសម្រេចចិត្តចូលរួម ទោះបីដឹងរួចហើយថាភាគីជប៉ុននឹងប្រើប្រាស់ទង់ជាតិរូបព្រះអាទិត្យរះលើនាវាចម្បាំងជប៉ុន។ កូរ៉េខាងត្បូងមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទង់ជាតិនេះ ក៏ដោយសារជនជាតិកូរ៉េខាងត្បូងយល់ឃើញថា ជាសញ្ញានៃការឈ្លានពាន និងដាក់អាណានិគមរបស់យោធាជប៉ុនលើប្រទេសខ្លួនកាលពីសង្គ្រាមលោកលើកទី២។ នេះបើតាមទីភ្នាក់ងារពត៌មាន Reuters។
ឆ្លើយតបនឹងបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការសម្រេចចិត្តចូលរួមនៅឆ្នាំនេះ គឺដោយសាររដ្ឋាភិបាលផ្តល់អាទិភាពលើផលប៉ះពាល់ដល់សន្តិសុខជាតិ ស្របពេលដែលភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង រួមទាំងនៅឧបទ្វីបកូរ៉េផងដែរ ដែលការសាកល្បងអាវុធរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះស្ថិតក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។
ការបញ្ជាក់ជំហរចូលរួមរបស់កូរ៉េខាងត្បូង ជាសញ្ញាដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បង្ហាញពីឆន្ទៈធ្វើឱ្យប្រសើរឡើងទំនាក់ទំនងរបស់ខ្លួនជាមួយជប៉ុនដែលមានភាពល្អក់កករជាយូរមកហើយ ជុំវិញជម្លោះក្នុងសម័យសង្គ្រាម និងបញ្ហាផ្សេងៗទៀតដែលកើតឡើងក្នុងតំបន់។ សញ្ញានេះជាការតាំងចិត្តរបស់លោកប្រធានាធិបតីកូរ៉ាខាងត្បូងលោក យូន តាំងពីថ្ងៃដែលលោកចូលកាន់តំណែង ដោយបាននិយាយថាលោកចង់ពង្រឹងទំនាក់ទំនងជាមួយជប៉ុន។
គួរបញ្ជាក់ថា ជប៉ុនបានបដិសេដមិនចូលរួមក្នុងការត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងតាមការអញ្ចើញរបស់កូរ៉េខាងត្បូងចំនួន២ លើកមកហើយ។ លើកទី១ នៅឆ្នាំ២០១៨ ជប៉ុនមិនចូលរួម ក្រោមហេតុផលថាភាគីកូរ៉េខាងត្បូងស្នើមិនឱ្យជប៉ុនបង្ហោះទង់ជាតិរូបព្រះអាទិត្យរះទេ។ លើកទី២ គឺនៅឆ្នាំ២០១៩ ក៏ដោយសារពេលនោះទំនាក់ទំនងរវាងភាគីទាំងពីរមានភាពតានតឹងខ្លាំង និងព្រោះតែមានព្យុះទីហ្វុង
គិតត្រឹមថ្ងៃទី២៥ ខែតុលា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយថា នាវាចម្បាំងមកពីប្រទេសចំនួន១២ រួមមានអាម៉េរិក អង់គ្លេស និងអូស្ត្រាលី ក៏ដូចជាយន្តហោះចម្បាំងរបស់អាម៉េរិកចំនួន៥ រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com