ជាតិ
សង្គមជាតិ
អ្នកពាក់ព័ន្ធវិស័យទេសចរណ៍ជាង១ពាន់នាក់ បានបញ្ចប់វគ្គពង្រឹងជំនាញដើម្បីត្រៀមទទួលទេសចរក្រោយវិបត្តិកូវីដ
29, Oct 2022 , 11:59 am        
រូបភាព
សិក្ខាកាមជាមគ្គុទ្ទេសក៍ទេសចរណ៍ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម
សិក្ខាកាមជាមគ្គុទ្ទេសក៍ទេសចរណ៍ទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម
សៀមរាប៖ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ផ្នែកពង្រឹងជំនាញឡើងវិញ ដើម្បីត្រៀមទទួលទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។

 
ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា គម្រោងបណ្ដុះបណ្ដាលនេះ បានចាប់ផ្តើមពីចុងខែ សីហា និងបញ្ចប់នៅចុងខែ តុលា។ ការបណ្ដុះបណ្ដាលមានចំនួន១០ផ្នែក លើជំនាញសំខាន់ៗក្នុងវិស័យទេសចរណ៍ ដែលរួមមាន ផ្នែកទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍, មគ្គុទ្ទេសក៍ទេសចរណ៍, ការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារនិងភេសជ្ជៈ, ផ្នែកផ្ទះបាយ, ធនធានមនុស្ស, ផ្នែកលក់ និងទីផ្សារឌីជីថល, ផ្នែកស្ប៉ានិងម៉ាស្សា និងផ្នេកវិស្វកម្ម។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។

កម្មវិធីបិទវគ្គបណ្ដុះបណ្ដាល

លោកស្រី ឆាយ ស៊ីវលីន បន្ថែមទៀតថា អ្នកចូលរៀនវគ្គបណ្ដុះបណ្ដាលខាងលើសរុបប្រមាណ ១២០០នាក់ ដែលលោកស្រីមានសុទិដ្ឋនិយមថា ពួកគេបានរំឭកនូវមេរៀនដែលជាជំនាញរបស់ខ្លួនឡើងវិញ ហើយត្រៀមខ្លួនទទួលទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។ 
 
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម កោតសរសើរចំពោះវគ្គបណ្ដុះបណ្ដាលខាងលើ ហើយជាទស្សនៈវិស័យវែងឆ្ងាយដែលត្រូវគិតគូរដើម្បីស្ដារវិស័យទេសចរណ៍នៅកម្ពុជា។ 



ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដែលរៀបចំនៅរសៀលថ្ងៃទី២៨ តុលា នាភោជនីយដ្ឋានអាប៉ូឡូប្លាសា លោក ប៉ាក់ សុខុម ថ្លែងដូច្នេះថា៖« ពេលយើងមានទេសចរឡើងវិញ ប្រសិនបើយើងប្រងើយកន្ដើយមិនយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលរំឭកចំណេះយើងវិញទេ ដល់ពេលនោះយើងបាត់ម្ចាស់ការ។ ប្រៀបដូចភោជនីយដ្ឋានមួយដែលធ្លាប់ល្បី ដល់ពេលបាត់ភ្ញៀវយើងបិទ ខូចសម្ភារគ្រប់កន្លែង បុគ្គលិកក៏ឈប់ ដល់ពេលមានភ្ញៀវឡើងវិញយើងចង់បើក យើងប្រមូលបុគ្គលិកអត់ទាន់ ហើយបាត់ចំណេះដឹងទៀត ព្រោះវិបត្តិកូវីដ១៩ យើងធ្វើឱ្យបុគ្គលិករកការងារធ្វើថ្មី ដើម្បីដោះស្រាយជីវភាព»។ 
 
លោករដ្ឋលេខាធិការ បានសំណូមពរដល់សមាគមទេសចរណ៍ និងផ្នែកពាក់ព័ន្ធ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញនេះឱ្យបានកាន់តែច្រើន ក្នុងន័យពង្រឹងជំនាញបុគ្គលិកក្នុងវិស័យទេសចរណ៍ កុំឱ្យភ្លេចជំនាញវិជ្ជាជីវៈរបស់ពួកគេ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។



សូមរំឭកថា កម្មវិធីបណ្ដុះបណ្ដាលខាងលើ ធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និងរំឭកឡើងវិញសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ឬត្រូវបាត់បង់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។ កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ សមាគមCATA និងគាំទ្របច្ចេសទេសដោយទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈទេសចរណ៍ អេធីភី និងស៊ីអេចធី ដែលទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ៕
 
 
 
 
 

Tag:
 វិស័យទេសចរណ៍
  CATA
© រក្សាសិទ្ធិដោយ thmeythmey.com