ជាតិ
សង្គមជាតិ
ក្រសួងការងារ រំពឹងមានអ្នកដាក់ពាក្យរកការងារ ៣ម៉ឺននាក់ ក្នុងពិព័រណ៍ការងារជាតិឆ្នាំ២០២២
29, Oct 2022 , 2:59 pm        
រូបភាព
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ កំពុងប្រព្រឹត្តិឡើងក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នៃរាជធានីភ្នំពេញ ពីថ្ងៃទី២៨ ដល់ ២៩តុលា។ រូបថត៖ ក្រសួងការងារ
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ កំពុងប្រព្រឹត្តិឡើងក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នៃរាជធានីភ្នំពេញ ពីថ្ងៃទី២៨ ដល់ ២៩តុលា។ រូបថត៖ ក្រសួងការងារ
 ដោយ៖ និតា​
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ កំពុងប្រព្រឹត្តិឡើងក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នៃរាជធានីភ្នំពេញ ពីថ្ងៃទី២៨ ដល់ ២៩តុលានេះ។ ពិពិរណ៍នេះ ត្រូវបានក្រសួងការងាររំពឹង មានអ្នកដាក់ពាក្យសុំរកការងារ រួមទាំងសម្ភាសនឹងកន្លែងផ្ទាល់​ ប្រមាណ៣ម៉ឺននាក់ នៅក្នុងវិស័យនានា។​

 
ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ពិព័រណ៍ការងារនេះ ត្រូវរៀបចំឡើងបន្ទាប់ពីខកខានអស់២ឆ្នាំ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ-១៩។​
 
សម្រាប់ពិព័រណ៍ការងារប្រចាំឆ្នាំ២០២២ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗជាង២ម៉ឺនកន្លែងនៅក្នុងវិស័យនាំមុខសំខាន់ៗជាច្រើន។ ក្នុងនោះមានវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។​

លោក ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ

ក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២  នាព្រឹកថ្ងៃទី២៨តុលា លោក ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលបានលើកឡើងថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកការបើចំហឱកាសការងារដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តទទួលនូវអត្ថប្រយោជន៍ជាអតិបរមា និងបំពេញតម្រូវការទាន់ពេលវេលា និងជាឱកាសការងារទាំងអស់ទៅជាមុនរបរកាន់តែប្រសើរសម្រាប់ ពលរដ្ឋគ្រប់រូប។

លោក ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ ទស្សនានៅតាមស្តង់ការងារនីមួយៗ។ រូបថត៖ ក្រសួងការងារ

បើតាមលោក ពេជ សោភ័ន ក្នុងពិព័រណ៍នេះ  គឺមានការតាំងបង្ហាញឱកាសការងារ និងដាក់ពាក្យស្វែងរកការងារ, ការទទួលបានព័ត៌មានថ្មីៗ អំពីតម្រូវការជំនាញក្នុងទីផ្សារការងារ, ការប្រឹក្សាយោបល់អាជីព និងការត្រៀមខ្លួនចូលទីផ្សារការងារ។  សិក្ខាសាលាស្ដីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព»  ដែលជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ  និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្តុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថនិងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។



ក្រៅពីនេះ ក្នុងពិព័រណ៍នេះក៏មាន កម្មវិធីជ្រើសរើសរោងចក្រដែលមានស្នាដៃល្អក្នុងការអនុវត្តវិធានការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ(OSH) ជាពិសេសលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដក្នុងឆ្នាំ២០២២ និងកម្មវិធីបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមនិយោជក និងភាគីពាក់ព័ន្ធដែលចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនូវលំហូរព័ត៌មានទៅវិញទៅមកស្តីពីឱកាសការងារ, ការជ្រើសរើសបុគ្គលិក, គោលនយោបាយផ្នែកធនធានមនុស្ស, ការបណ្តុះបណ្តាលជំនាញ និងការពង្រីកសក្តានុពលផ្នែកសហគ្រិនភាព ជាដើម។
 
លោករដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  រំពឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ មានអ្នកដាក់ពាក្យសុំរកការងារ និងសម្ភាសនឹងកន្លែងផ្ទាល់​ ប្រមាណ៣ម៉ឺននាក់។
 
សូមជម្រាបថា រយៈពេល៩ខែនៃឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:(NEA) បានចង់ក្រង និងឱកាសការងារគ្រប់ប្រភេទចំនួនប្រមាណ៧ម៉ឺនកន្លែង ជាមួយគម្រោងថ្មីៗផ្តល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយ:ពេល៦ខែ។ បើតាមក្រសួងការងារ​​ ឆមាសទីមួយឆ្នាំ២០២២ ឱកាសការងារថ្មី គឺប្រមាណជាង៦ម៉ឺនកន្លែងថែមទៀត៕
 
 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com