ជាតិ
សង្គមជាតិ
តោថ្មដែលមានអាយុជិត៩០០ឆ្នាំកំពុងជួសជុល និងត្រៀមយកទៅដាក់ទីតាំងដើមវិញ
29, Oct 2022 , 9:29 pm        
រូបភាព
ការជួសជុលតោថ្មនៅបរិវេណអភិរក្សដ្ឋានអង្គរ
ការជួសជុលតោថ្មនៅបរិវេណអភិរក្សដ្ឋានអង្គរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងយករូបចម្លាក់តោចំនួន២ ដែលមានអាយុកាលជិត៩០០ឆ្នាំ ទៅដាក់នៅកន្លែងដើមវិញ ក្រោយពេលជួសជុលរួចរាល់។ ចម្លាក់តោទាំង២នេះ ត្រូវបានយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើងនៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ ដើម្បីរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

 
ក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលចម្លាក់តោទាំង២នេះ ឡើងវិញ ដែលរួចរាល់ជាង៩៥ភាគរយ។  ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរា នឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញដែលស្ថិតនៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២។
 
ចម្លាក់តោទាំង២នេះ ត្រូវបានចាកឆ្ងាយពីទីតាំងដើមប្រមាណ២៥ឆ្នាំ។ ចម្លាក់តោទាំង២នេះ ត្រូវបាន រក្សាទម្រង់ដើម លើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ បើតាមលោក ឡុង ណារី ប្រធានក្រុមជួសជុល និងអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា​ ស្របពេលដែលស្ពានហាលអង្គរវត្ត ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងជប៉ុន គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២២ តោថ្មដែលមានប្រភពពីកំពង់ទឹកស្ពានហាលទាំង២នេះ ក៏ត្រូវបានរៀបចំជួសជុលឡើងវិញ ផងដែរ។

លោក ឡុង ណារី អ្នកជំនាញជួសជុល _និងអភិរក្សថ្ម

លោក ឡុង ណារី បានបញ្ជាក់ថា តោថ្មនេះមានកម្ពស់ជាង២ម៉ែត្រ និងមានទម្ងន់ប្រមាណ៣តោន ក្នុងរូបមួយៗ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងសិក្សាពីបច្ចេកទេសរំកិលតោថ្មនេះទៅទីតាំងដើមវិញ ខណៈមានការបារម្ភពីការថាអាចប៉ះពាល់ដល់តួស្ពានហាល ដែលទើបជួសជុល នៅពេលប្រើប្រាស់រថយន្តដឹកចូល។
 
«ការជួសជុលមានការលំបាកបន្ដិចដែរ ដោយសារយើងត្រូវដាប់ថ្មធំៗ និងរឹង ដើម្បីតម្រូវតាមទម្រង់ជើងតោដែលបាត់ គឺយើងឆ្លាក់ថ្មបន្ដិចម្ដងៗ។ យើងសម្រេចយកថ្មភក់មកដាប់បំពេញរូបរាងតោវិញ និងដាប់ស៊ីម៉ង់ត៍ដែលបារាំងធ្លាប់បានជួសជុលនោះចោល ដោយសារវាអស់អាយុកាល លែងចាប់គ្នា»។ នេះជាការរៀបរាប់របស់លោក ឡុង ណារី។

ការដ្ឋានជួសជុលតោថ្មក្នុងបរិវេណអភិរក្សដ្ឋានអង្គរ មានក្រុមជាងប្រមាណ១០នាក់ កំពុងប្រញាប់បង្ហើយការងារដែលនៅសេសសល់បន្ដិចបន្ដួច ដូចជាឆ្លាក់បំពេញទីតាំងតូចៗដែលបាក់បែក និងបិទកាយលើថ្មដែលប្រេះស្រាំ​។ លោក ឡុង ណារី បញ្ជាក់ថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយ ជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។ 
 
ក្នុងការជួសជុល ក្រុមការងារក៏បានរក្សាលក្ខណៈដើម និងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេស និងការជួសជុលក៏ ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុក៕
 
 

Tag:
 តោថ្មអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com