ជាតិ
យុទ្ធនាការអន្ទាក់សូន្យ នឹងជំរុញឱ្យទេសចរទៅលេងខេត្តមណ្ឌលគិរីកាន់តែច្រើន
30, Oct 2022 , 8:00 pm        
រូបភាព
ខេត្តមណ្ឌលគិរី៖ សត្វព្រៃ ជាធនធានធម្មជាតិយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដោយផ្សារភ្ជាប់ជាមួយ តំបន់អេកូទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាន។ ជាពិសេសតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រិច ដែលអាចទាក់ទាញទេសចរជាច្រើន ក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ យុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន ដែលផ្តោតលើការបញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃនៅតាមតំបន់អភិរក្ស នឹងជំរុញឱ្យទេសចរមកលេងក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនផងដែរ។



យុទ្ធនាការរយៈពេល ១៨ខែក្នុងខេត្តមណ្ឌលគិរី ជាផ្នែកយ៉ាងសំខាន់ក្នុងការគាំពារសត្វព្រៃ តាមតំបន់អភិរក្ស បន្ទាប់ពីរដ្ឋបាលខេត្តនេះ បង្រា្កបបានសាច់សត្វព្រៃចំនួន ១ ៣៥៣គីឡូក្រាម។ ការបង្រា្កបនេះ នឹងជ្រួតជ្រាបទៅដល់ពលរដ្ឋឱ្យភ្ញាក់រឭក ពីការបាត់បង់សត្វព្រៃ ដែលផ្នែកសំខាន់ក្នុងការទាក់ទាញទេសចរ តាមតំបន់អភិរក្ស។
 
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានរៀបរាប់ថា ខេត្តសម្បូរការជួញដូរសត្វព្រៃ ភាគច្រើនជាខេត្តដែលស្ថិតនៅតាមតំបន់ការពារធម្មជាតិ។ លោក បន្តថា​ ចំពោះ​​យុទ្ធនាការអន្ទាក់សូន្យនៅ​ខេត្តមណ្ឌលគិរីនេះ​ អ្វីដែលចាប់អារម្មណ៍ គឺតាមទីប្រជុំជនដូចជា ទីរួមខេត្ត រួមស្រុកជាប់តំបន់ការពារធម្មជាតិ ជាកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ។ ជាមួយ​គ្នានេះ ប្រព័ន្ធអេកូឡូស៊ី មិនអាចបាត់បង់ភាវៈរស់ណាមួយឡើយ ព្រោះភាវៈនីមួយៗសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការលូតលាស់នៃធនធានធម្មជាតិ។
  

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន (រូបភាពដោយ ហេង _ស្រីលីន)

«ការការពារសត្វព្រៃ គឺផ្តល់ទេសចរណ៍ធម្មជាតិ ជាចំណុចសំខាន់។ ការដើរកម្សាន្តព្រៃ គឺជាការយល់ដឹងអំពីភូមិសាស្រ្តរបស់ប្រទេស ការយល់ដឹងអំពីធម្មជាតិដែលយើងមាន។ ប៉ុន្តែបើព្រៃកាន់តែមានសត្វ វានឹងមានភាពទាក់ទាញបន្ថែមទៀត ទៅលើភ្ញៀវទេសចរ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។
 
បើតាម​លោក នេត្រ ភក្រ្តា កន្លងមកប្រជាពលរដ្ឋអាចរកចំណូលពីទេសចរ តាមរយៈការទស្សនាសត្វព្រៃនៅតាមតំបន់ការពារធនធានធម្មជាតិ ដែលនៅជាប់នឹងទីកន្លែងរបស់ពួកគេរស់នៅ។ ពលរដ្ឋនៅតាមសហគមន៍ដែលស្ថិតនៅតាមតំបន់អភិរក្ស អាចរកថវិកាតាមរយៈការ​ទស្សនាសត្វព្រៃ និងពីទីកន្លែងស្នាក់នៅរបស់ទេសចរផងដែរ។


លោក សេង ទៀក នាយកអង្គការWWF កម្ពុជា(រូបភាពដោយ ហេង ស្រីលីន)

ទន្ទឹមនឹងនោះ លោក សេង ទៀក​ នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានអះអាងថា សត្វព្រៃដើរតួនាទីសំខាន់ណាស់ ប្រសិនបើព្រៃមិនមានអន្ទាក់, ការបរបាញ់ឬ កាំភ្លើង ប្រាកដណាស់សត្វព្រៃនឹងរស់រានទៅតាមលក្ខណៈធម្មជាតិរបស់វា។ លើសពី​នេះ​ សត្វព្រៃនឹងអាចកកើតបន្ថែមប្រមាណ ៣៥ភាគរយតាមរយៈការបង្កកំណើត។
 
លោក សេង ទៀក បញ្ជាក់ថា៖ «សត្វព្រៃមាននៅក្នុងព្រៃច្រើន នោះចំនួនទេសចរនឹងកើនឡើង។ ទេសចរណ៍ធម្មជាតិនៅកម្ពុជា គឺជាគ្រាប់ពេជ្រមួយមិនទាន់ច្នៃ ពីព្រោះវិស័យទេសចរណ៍ មិនទាន់ប្រើឱ្យអស់សក្តានុពលនៅឡើង។ កម្ពុជាមានតំបន់ស្អាតៗជាច្រើន ជាពិសេសតំបន់ភាគឦសាន»។


ការផ្សព្វផ្សាយពីយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តមណ្ឌលគិរី

គួរបញ្ជាក់ដែរថា អន្ទាក់ជាច្រើនប្រភេទ ត្រូវបានជនខិលខូចដាក់នៅតាមព្រៃ ដើម្បីប្រមាញ់ជីវិតសត្វ។ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២១ មានអន្ទាក់ចំនួន ៦១ ៦១១ ត្រូវបានដោះចេញ ពីតំបន់ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។ ចំនួនអន្ទាក់នេះ កើនឡើងជាង២០ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលមានអន្ទាក់មានត្រឹមចំនួន ៤៣ ២៧០៕
 

Tag:
 ThmeyThmey25
  យុទ្ធនាការអន្ទាក់សូន្យ
 ​​ ទេសចរ
 ​មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com