ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋ២៩៣គ្រួសារ​ក្នុងឃុំក្ដីដូងមានប័ណ្ណក្រីក្រ ខណៈឃុំនេះគ្រួសារក្រីក្រកើនឡើង
02, Nov 2022 , 8:59 am        
រូបភាព
 ពលរដ្ឋ២៩៣គ្រួសារ ក្នុងឃុំក្ដីដូង ខេត្តកំពង់ធំ ទទួលបានប័ណ្ណក្រីក្រ។
ពលរដ្ឋ២៩៣គ្រួសារ ក្នុងឃុំក្ដីដូង ខេត្តកំពង់ធំ ទទួលបានប័ណ្ណក្រីក្រ។
ដោយ៖ ស៊ត សុខឡឹម (យុវជនឃុំក្ដីដូង)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋរស់នៅក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន២៩៣គ្រួសារ ទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ក្នុងនោះ​៧៨គ្រួសារទទួលបានប័ណ្ណសមធម៌ ប្រភេទ១ និង២១៥គ្រួសារទៀត ទទួលប័ណ្ណសមធម៌ កម្រិតក្រីក្រ២។ មេឃុំក្ដីដូង អះអាងថា ការផ្ដល់ប័ណ្ណសមធម៌ក្នុងឃុំខ្លួន គឺមានយុត្តិធម៌ ស្របតាមស្ថានភាពជាក់ស្ដែងរបស់គ្រួសារជនងាយរងគ្រោះ និងក្រីក្រ។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នេះមក គ្រួសារដែលទទួលប័ណ្ណសមធម៌ នៅក្នុងឃុំក្ដីដូង គឺមានការកើនឡើង។


ប័ណ្ណសមធម៌ ឬពលរដ្ឋទូទៅស្គាល់ថា ប័ណ្ណក្រីក្រ វាជាមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ពលរដ្ឋដែលមានប័ណ្ណនេះ គឺទទួលបានសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ។ 
 
ប័ណ្ណនេះ ត្រូវបានផ្ដល់ដោយអាជ្ញាធរភូមិឃុំមូលដ្ឋាន។ ដើម្បីបានប័ណ្ណនេះ ជនងាយរងគ្រោះ ឬក្រីក្រ ត្រូវទៅស្នើសុំទៅអាជ្ញាធរភូមិឃុំ ដើម្បីទទួលបានការសម្ភាសន៍ និងវាយតម្លៃពីស្ថានភាពគ្រួសារ ហើយប័ណ្ណដែលទទួលបាននោះមានសុពលភាពរយៈពេល៣ឆ្នាំ។ ប័ណ្ណសមធម៌នេះ គឺសម្រាប់ពលរដ្ឋក្រីក្រ ឬងាយរងគ្រោះ គ្រប់បណ្ដារាជធានី-ខេត្តទាំងអស់ ក្នុងប្រទេស។ ប័ណ្ណសមធម៌នេះទៀតសោត ត្រូវបានបែងចែកជាពីកម្រិត គឺកម្រិតក្រីក្រ១ និង កម្រិតក្រីក្រ២។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយយុវជនឃុំក្ដីដូង លោក ថូ ថាំង មេឃុំក្ដីដូង អះអាងថា ក្នុងឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានពលរដ្ឋចំនួន ២៩៣គ្រួសារ ដែលទទួលបានប័ណ្ណសមធម៌នេះ នៅក្នុងនោះគ្រួសារចំនួន ២៨គ្រួសារទទួលបានប័ណ្ណក្រីក្រកម្រិត១។ សម្រាប់ឃុំក្ដីដូង លោក ថូ ថាំង បន្ថែមទៀតថា នៅក្នុងឃុំក្ដីដូង ការផ្ដល់ប័ណ្ណសមធម៌នេះ បានផ្ដល់ជូនពលរដ្ឋងាយរងគ្រោះ និង ក្រីក្រ តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ 
  

 លោក ថូ ថាំង មេឃុំក្ដីដូង ខេត្តកំពង់ធំ។

មេឃុំក្ដីដូងរូបនេះ បញ្ជាក់ទៀតថា ការផ្ដល់ប័ណ្ណសមធម៌នេះ គឺមើលលើស្ថានភាពក្រីក្រីជាក់ស្ដែងរបស់ពួកគេ ដូចជា លំនៅឋាន សម្ភារៈប្រើប្រាស់ សមាជិកគ្រួសារជាដើម។ លោក ថូ ថាំង ពន្យល់បន្ថែមដូច្នេះ៖ « ចំពោះការផ្ដល់ប័ណ្ណក្រីក្របាន គឺទាល់តែគ្រួសារនោះ ជីវភាពខ្វះខាតដុនដាបខ្លាំង ខ្វះផ្ទះសម្បែងក៏ខ្វះខាត សម្ភារៈប្រើប្រាស់ក៏គ្មាន ហើយកូនចៅក៏មិនបានរៀនសូត្រច្រើន។ ទាំងនេះយើងទុកជាគ្រួសារខ្វះខាតក្រីក្រហើយ»។ 
 
លោក ថូ ថាំង អះអាងទៀតថា ការផ្ដល់ប័ណ្ណសមធម៌ក្នុងឃុំក្ដីដូង គឺមានភាពយុត្តិធម៌ និង តម្លាភាព ពោលគឺមិនជ្រើសរើសតាមតែចិត្តឯង​ ខ្សែ ឬបក្សពួកនោះទេ។ លោកសង្កត់ធ្ងន់ដូច្នេះ៖«ការផ្ដល់ប័ណ្ណក្រីក្រនេះ គឺយើងសន្និដ្ឋានថា គឺយុត្តិធម៌ ព្រោះការសម្ភាសន៍តាំងពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២២នេះ គឺយើងធ្វើការនឹងម៉ាស៊ីនទាំងអស់»។ 
 
ពាក់ព័ន្ធ​នឹងអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រនេះ លោក ថូ ថាំង ពលរដ្ឋដែលមានប័ណ្ណនេះ នឹងមិនត្រូវបានគិតសេវាទៅព្យាបាលជំងឺ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឡើយ។ ឯអត្ថប្រយោជន៍មួយទៀត គឺទទួលបានប្រាក់ឧបត្ថមដល់ជនចាស់ជរា និងអ្នកមានផ្ទៃពោះ។ 
 
តបទៅនឹងការលើកឡើងរបស់ លោកមេឃុំក្ដីដូង ពីអត្ថប្រយោជន៍នៃប័ណ្ណក្រីក្រនេះ ពលរដ្ឋរស់នៅក្នុងឃុំនេះ ដែលទទួលបានប័ណ្ណនេះ បញ្ជាក់ថា ប័ណ្ណមួយនេះមានសារៈសំខាន់ណាស់ ដើម្បីចូលរួមដោះស្រាយការចំណាយលើសេវាសុខាភិបាលរបស់ពួកគេ បើទោះជាប័ណ្ណនេះ អាចជួយដោះស្រាយជីវភាពពួកគេមួយគ្រាៗក៏ដោយ។ 
លោក ខាន់ សុខខ្ងុំ​ មានប័ណ្ណសមធម៌កម្រិតក្រីក្រ១ រយៈពេល៥ឆ្នាំមកហើយ ក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នគ្រួសារបុរសរូបនេះ មានសមាជិក ៧នាក់ ខណៈខ្លួនជាជាងសំណង់។ តាមរយៈប័ណ្ណសមធម៌នេះ គ្រួសាររបស់លោក សុខខ្ងុំ ទទួលបានថវិកាប្រចាំខែ ២៤៨ ០០០រៀល។ 
 

 លោក ខាន់ សុខខ្ងុំ ពលរដ្ឋទទួលប័ណ្ណក្រីក្រ ក្នុងឃុំក្ដីដូង ខេត្តកំពង់ធំ។ 

កំពុងអង្គុយលើគ្រែឫស្សី ក្រោមដំបូលប្រក់ស័ង្កសី លោក សុខខ្ងុំ រៀបរាប់ពីអត្ថប្រយោជន៍ប័ណ្ណសមធម៌ដូច្នេះ៖ «ថវិកាដែលទទួលបាន គឺបានដោះស្រាយក្នុងគ្រួសារមួយគ្រាៗ ហើយពេលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក៏គេអត់យកលុយដែរ។ លោកមេឃុំនៅក្ដីដូងនេះ មានការយកចិត្តទុកដាក់ អ្នកដែលអត់គាត់នឹងជួយ»។ 
 
អ្នកស្រី ហេង បូរ៉ែន ជាពលរដ្ឋមួយរូបទៀត ដែលទទួលបានប័ណ្ណ​សមធម៌កម្រិតក្រីក្រ២ រយៈពេល៤ឆ្នាំមកហើយ ដោយក្នុងមួយខែៗ អ្នកស្រីទទួលបានថវិកាចំនួន ១៦ម៉ឺនរៀលផងដែរ។ គ្រួសារមួយនេះ មានសមាជិកចំនួន១០នាក់ ហើយសមាជិកម្នាក់មានពិការភាព។ 
 
សម្រាប់គ្រួសារអ្នកស្រី បូរ៉ែន មិនខុសពី លោក សុខខ្ងុំ ឡើយ គឺថវិកាដែលទទួលបានពីប័ណ្ណសមធម៌នេះ អាចជួយដោះស្រាយជីវភាពគ្រួសារបានមួយពេលៗប៉ុណ្ណោះ ដោយសារសមាជិកគ្រួសារខ្លួនមានសមាជិកច្រើន ហើយខ្លួនមិនអាចទៅធ្វើការងារអ្វីបាន ព្រោះត្រូវមើលកូនៗនៅផ្ទះ។ ក្រៅពីទទួលបានថវិកាប្រចាំខែ គ្រួសារអ្នកស្រី ក៏ទទួលបានការផ្ដល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃផងដែរ។ 
 

 អ្នកស្រី ហេង បូរ៉ែន ពលរដ្ឋទទួលបានប័ណ្ណ​ក្រីក្រ ក្នុងឃុំក្ដីដូង ខេត្តកំពង់ធំ។

គួរជម្រាបផងដែរថា សម្រាប់ពលរដ្ឋក្រីក្រ ឬជនងាយរងគ្រោះ ដែលចង់ស្នើសុំប័ណ្ណសមធម៌នេះ លោក ថូ ​ថាំង បញ្ជាក់ថា​ជំហានដំបូង គឺពលរដ្ឋត្រូវស្នើសុំពាក្យធ្វើប័ណ្ណសមធម៌នេះ ទៅកាន់មេភូមិ ហើយមេភូមិ និងស្នើមកកាន់ឃុំ។ បន្ទាប់មកទៀតឃុំនឹងចុះទៅសម្ភាសន៍គ្រួសារក្រីក្រដែលស្នើសុំប័ណ្ណសមធម៌នេះ៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ThmeyThmey
  ប័ណ្ណក្រីក្រ
  ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com