កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ជាក្រុមអង់គ្លេសទី៤ បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ Champions League
02, Nov 2022 , 10:29 am        
រូបភាព
Tottenham Hotspur កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយវាយបកយកឈ្នះ Marseille ២-១ ក្នុងជំនួបវគ្គសន្សំពិន្ទុចុងក្រោយពូល D។ Spurs ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ជាក្រុមអង់គ្លេសទី៤ បន្ទាប់ពី Manchester City, Chelsea និង Liverpool ដែលបន្តទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ។


នាជំនួបចុងក្រោយពូល D ដែលជាពូលដ៏តឹងតែបំផុតក្នុងចំណោមពូលទាំង៨ នៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ម្ចាស់ផ្ទះ Marseille បានបើកការវាយសម្រុកតាំងពីដើមវគ្គទី១ រហូតធ្វើបានសម្រេចគ្រាប់បាល់នៅចុងតង់នាទី៤៥+២ ដោយខ្សែការពារ Chancel Mbemba។
 
ចូលដល់វគ្គទី២នៅនាទី៥៤ ខ្សែការពារ Clement Lenglet តែតបញ្ចូលទីជួយ Spurs តាមស្មើវិញ មុនពេល Pierre Hojbjerg បន្ថែមគ្រាប់ជ័យជម្នះនៅនាទី៩០+៥។ ចប់ការប្រកួត Spurs ឈ្នះ Marseille ២-១។ ជំនួបនេះ ម្ចាស់ Marseille ត្រូវការឈ្នះជាចាំបាច់ ខណៈ Spurs ត្រូវការត្រឹមស្មើប៉ុណ្ណោះក៏បានកៅអីទៅវគ្គ១៦ក្រុមដេរ។
 
ក្នុងពូល D ក្រុមមាន់ខ្នាយមាសបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន១១ពិន្ទុ ឡើងទៅវគ្គខ្វែងជាមួយ Frankfurt ដែលឈរលេខ២ មាន១០ពិន្ទុ​​ ក្រោយឈ្នះ Sporting ២-១។ Sporting បញ្ចប់ចំណាត់ថ្នាក់ទី៣ ដោយរកបាន៧ពិន្ទុ សល់កៅអីលេងនៅ Europa League ខណៈ Marseille នៅបាតតារាងមាន៦ពិន្ទុ ហាលអាវ។
 
មកទល់ពេល គេរកឃើញក្រុមដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយចំនួន១៤ក្រុមហើយ ដោយរង់ចាំតែ២ក្រុមទៀតប៉ុណ្ណោះ។ ក្រុមទាំង១៤រួមមាន Bayern Munich, Benfica, Chelsea, Liverpool, Man City, Spurs, Inter Milan, Real Madrid, Porto, Dortmund, Frankfurt, Club Bruges, Napoli និង PSG។
 
ដោយឡែក៦ក្រុមដែលធ្លាក់ទៅលេង Europa League រួមមាន Ajax, Leverkusen, Barcelona, Sporting, Shakhtar Donetsk និង Sevilla ខណៈពីរក្រុមទៀតត្រូវរង់ចាំដល់ប្រកួតចុងក្រោយ។
 
លទ្ធផលការប្រកួតពូលផ្សេងៗ៖
 
ពូល A 
Liverpool ២-០ Napoli
Rangers ១-៣ Ajax
 
ពូល B
FC Porto ២-១ AT-Madrid
Club Bruges ០-០ FC Porto
 
ពូល C
Bayern Munich ២-០ Inter Milan
Viktoria Plzen ២-៤ Barcelona៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com