ជាតិ
សង្គមជាតិ
អភិបាលស្រុកកណ្ដៀង៖ ទឹកជំនន់អូសបន្លាយយូរ ធ្វើឱ្យដីបាក់ស្រុត ខូចខាតតូបលក់អីវ៉ាន់មួយកន្លែង
02, Nov 2022 , 2:07 pm        
រូបភាព
បាក់ស្រុតដីត្រង់ចំណុចតូបលក់អីវ៉ាន់មួយកន្លែងនៅឃុំស្វាយលួង ស្រុកណ្ដៀង ខេត្តពោធិ៍សាត់។ រូបភាព៖ រដ្ឋបាលស្រុកកណ្ដៀង
បាក់ស្រុតដីត្រង់ចំណុចតូបលក់អីវ៉ាន់មួយកន្លែងនៅឃុំស្វាយលួង ស្រុកណ្ដៀង ខេត្តពោធិ៍សាត់។ រូបភាព៖ រដ្ឋបាលស្រុកកណ្ដៀង
ដោយ:
តូបលក់អីវ៉ាន់មួយកន្លែង បានធ្លាក់ចូលស្ទឹងពោធិ៍សាត់ ដោយសារបាក់ស្រុតដី នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ការបាក់ស្រុតនេះ ដោយសារទឹកជំនន់អូសបន្លាយយូរពេក ធ្វើឱ្យដីជ្រាយ។ នេះបើតាមលោក ឆាយ គីមម៉ុង អភិបាលស្រុកកណ្ដៀង។



អភិបាលស្រុកកណ្ដៀង លោក ឆាយ គីមម៉ុង បានឱ្យដឹងថា តូបលក់អីវ៉ាន់ដែលរងការខូតខាត ដោយសារបាក់ស្រុតដី កាលពីថ្ងៃទី១ វិច្ឆិកា នោះ ស្ថិតនៅចំណុចផ្លូវយាយអាន ជាប់មាត់ស្ទឹងពោធិ៍សាត់ ។ ការបាក់ស្រុតនោះ មិនមានរងប៉ះពាល់អាយុជីវិត ឬរងរបួសស្នាមដល់ប្រជាពលរដ្ឋនោះទេ។ លោកបន្តថា បញ្ហាខូចខាត ក៏មិនធ្ងន់ធ្ងរនោះដែរ ព្រោះប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានជួយជញ្ជូនអីវ៉ាន់ និងសម្ភារប្រើប្រាស់បានទាន់ពេលវេលា។
  

បាក់ស្រុតដីត្រង់ចំណុចតូបលក់អីវ៉ាន់មួយកន្លែងនៅឃុំស្វាយលួង ស្រុកណ្ដៀង ខេត្តពោធិ៍សាត់។ រូបភាព៖ រដ្ឋបាលស្រុកកណ្ដៀង
 
សម្រាប់តូបដែលបាក់ស្រុត អាចនឹងត្រូវរុះរើសធ្វើថ្មីនៅកន្លែងសមស្របណាមួយ តែមិនឱ្យធ្វើនៅទីតាំងដដែលទេ ដោយអាជ្ញាធរ នឹងយកកន្លែងនោះ ការពារច្រាំងកុំឱ្យបាក់កាន់តែខ្លាំងបន្ថែមទៀត។ នេះបើតាមលោក ឆាយ គីមម៉ុង។
 
«មិនបាក់ស្រុតតែកន្លែងចំណុចឃុំស្វាយលួងតែមួយទេ ពីទីរួមខេត្តតាមបណ្ដោយច្រាំងទន្លេគឺមានស្នាមបាក់ស្រុតច្រើន ព្រោះចំណុចទាំងនោះដីមានសភាពទន់ជ្រាយ ដោយសារទឹកជំនន់អូសបន្លាយពេលយូ»។ នេះជាការបញ្ជាក់របស់លោក ឆាយ គីមម៉ុង។
 
ជាមួយគ្នានេះ លោក គីមម៉ុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹង ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ៕
 


Tag:
 បាក់ស្រុតដី
  ស្រុកកណ្ដៀង
© រក្សាសិទ្ធិដោយ thmeythmey.com