ជាតិ
លោក ឌិត ទីណា ជំរុញ​ឱ្យមានការសិក្សាពីប្រភេទអង្ករដែលជាតម្រូវការអន្តរជាតិ
02, Nov 2022 , 9:59 pm        
រូបភាព
លោក ឌិត ទីណា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ កាលថ្ងៃទី៣១ ខែតុលា។ រូបពី ហ្វេសបុករបស់លោក
លោក ឌិត ទីណា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ កាលថ្ងៃទី៣១ ខែតុលា។ រូបពី ហ្វេសបុករបស់លោក
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់មន្រ្តី និងភាគីពាក់ព័ន្ធសិក្សា អំពីប្រភេទអង្ករដែលជាតម្រូវការទីផ្សារអន្តរជាតិ ដើម្បីងាយស្រួលជំរុញការផលិត និងដាំដុះ ស្រប​តាមតម្រូវការតែម្ដង។



​នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ កាលថ្ងៃទី៣១ ខែតុលា ដែលមានការចូលរួមពីមន្រ្តីជំនាញកសិកម្ម ភាគីពាក់ព័ន្ធនឹងការផលិតស្រូវ រួមទាំងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា។


   រូបភាពពីហ្វេសប៊ុកលោក ឌិត​ ទីណា
 
ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា ព្រមទាំងមន្រ្តី និងភាគីពាក់ព័ន្ធ បានសិក្សាអំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស។ លោក បន្តថា នេះជាការបោះជំហានទៅមុខមួយជំហានទៀត។ រដ្ឋមន្រ្តី​កសិកម្ម ស្នើភាគីទាំងអស់សិក្សា ពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការ។
 
ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម ក៏មានផែនការជំរុញផលិតកម្ម និងប្រើប្រាស់ពូជស្រូវដែលគុណភាពផងដែរ។  លោក ឌិត ទីណា បញ្ជាក់ថា ពូជ​ស្រូវ​ល្អ​មាន​សារៈសំខាន់​​​ក្នុង​ការ​ដាំដុះ​ស្រូវ ដោយបានជួយកាត់បន្ថយការចំណាយតិច តែទទួលបានទិន្នផលខ្ពស់ ហើយអត្រាដាំដុះគ្រាប់ក្នុងស្រែខ្ពស់។ ម្យ៉ាងទៀត ការប្រើប្រាស់ពូជល្អ ក៏ជួយឱ្យស្រូវ ដុះលឿន មានកម្លាំង ធន់នឹងជំងឺ ឬសត្វល្អិត ហើយនៅពេលប្រមូលផល ស្រូវទុំស្រុះគ្នា និងអត្រាលាយគ្រាប់ពូជផ្សេង ឬគ្រាប់ខ្មៅចង្រៃទាប។ 
 
នៅក្នុងផែនការផលិតពូជស្រូវសុទ្ធនេះដែរ លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។
 
ជាមួយគ្នានេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។ លោក បន្ថែមថា ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារទាំងក្នុងស្រុក និងបរទេស។
 
លោក បានស្នើដល់រដ្ឋមន្រ្តីកសិកម្ម ឱ្យជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញដល់​កសិករ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារ ដែលមានសក្ដានុពលថ្មីៗបន្ថែមទៀត៕
 

Tag:
 កសិកម្ម
  ស្រូវអង្ករ
  លោក ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com