អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឱ្យការពារការនាំចេញគ្រាប់ធញ្ញជាតិរយៈពេលវែង
02, Nov 2022 , 3:59 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី១ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការការពារលើច្រកដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ក្រោយរុស្ស៊ីបានផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀង។ ត្រង់ចំណុចនេះ មេដឹកនាំអ៊ុយក្រែន បានទទូចឱ្យពិភពលោក ត្រូវឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៊ី ក្នុងការបង្អាក់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។

 
ក្រោយមានការវាយប្រហារលើកងនាវាសមុទ្រខ្មៅ រុស្ស៊ី​បានព្យួរការចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ហើយថែមទាំងអះអាងថា ខ្លួននឹងមិនធានាចំពោះសុវត្ថិភាពរបស់នាវាស៊ីវិលឡើយ។ 
 
ក្រោយការផ្អាកបែបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យមានការការពារលើច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន។ 
 
«ការការពាររយៈពេលវែង និងពឹងផ្អែកបាន គឺចាំបាច់សម្រាប់ច្រកនាំចេញគ្រាប់ធញ្ញជាតិ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមក្នុងថ្ងៃទី១ ខែវិច្ឆិកា ដោយបន្តថា រុស្ស៊ី គួរតែត្រួវបានធ្វើឱ្យដឹងថា ខ្លួននឹងរងការឆ្លើយតបយ៉ាងមុតមាំពីពិភពលោក ក្នុងករណីបង្អាក់ការនាំចេញអាហាររបស់អ៊ុយក្រែន។ 
 
កន្លងមក កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលមានតួកគី និងអង្គការសហប្រជាជាតិធ្វើជាអន្តរការី  ត្រូវបានធ្វើឡើងក្នុងគោលបំណងជួយប្រទេសក្រីក្រ ជាពិសេសនៅតំបន់អាហ្វ្រិក ពីភាពខ្វះខាតស្បៀងអាហារ។ 
 
មកទល់ពេលនេះ បើទោះរុស្ស៊ីព្យួរការចូលរួមក្នុងកិច្ចព្រមព្រៀងខាងលើក៏ដោយ ប៉ុន្តែការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅតែបន្ត។ លោក Oleksandr Kubrakov រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានអះអាងលើបណ្តាញសង្គម Twitter ថា នាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន៨ ត្រូវបានរំពឹងថា នឹងឆ្លងកាត់ច្រកដឹកជញ្ជូននៅថ្ងៃទី៣ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ថែមពីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លើយតបនឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី លើទីក្រុងមួយចំនួនរបស់ខ្លួនដែរ ដោយការវាយប្រហារទាំងនោះ បានកាត់ផ្តាច់អគ្គិសនីនៅក្នុងតំបន់ជាច្រើន។ តំបន់ចំនួន ៩របស់អ៊ុយក្រែន ធ្លាប់ដាច់ភ្លើង ដោយសារការវាយប្រហារមីស៊ីលពីសំណាក់រុស្ស៊ី។ 
 
ក្នុងវីដេអូដដែល លោក​ ហ្សេលេនស្គី បានថ្លែងថា រដ្ឋាភិបាលក្រុងកៀវ នឹងធ្វើគ្រប់យ៉ាង ដើម្បីផ្តល់ថាមពល និងកម្តៅសម្រាប់ប្រជាជនខ្លួននារដូវត្រជាក់ខាងមុខ។ យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានសុំការយោគយល់ពីប្រជាជនផងដែរ ក្រោមហេតុផល រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ដើម្បីបង្អាក់ជីវភាពរបស់ប្រជាជនអ៊ុយក្រែន៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  តួកគី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com