អន្តរជាតិ
ក្រោយបាញ់មីស៊ីលជាង១០គ្រាប់ កូរ៉េខាងជើងបន្តបាញ់កាំភ្លើងធំជាង ១០០គ្រាប់ទៅសមុទ្រខាងកើត រូបភាពKCNA
× យោធាកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែវិច្ឆិកា បានអះអាងថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាង ១០០គ្រាប់ទៅក្នុងតំបន់ទ្រនាប់ នៅសមុទ្រខាងកើត។ ការបាញ់នេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុងព្យុងយ៉ាងទើបតែបាញ់មីស៊ីលជាង ១០គ្រាប់។
កូរ៉េខាងជើង នៅថ្ងៃទី២ ខែវិច្ឆិកា បានបាញ់មីស៊ីលប្រមាណ១៧គ្រាប់។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់មីស៊ីល ៣គ្រាប់វិញ។
ប៉ុន្មានម៉ោងក្រោយ នាយសេនាធិការយោធាចម្រុះកូរ៉េខាងត្បូង (JCS) បានអះអាងថា ក្រុងព្យុងយ៉ាង បានបាញ់កាំភ្លើងធំជាង១០០គ្រាប់ចេញពីតំបន់ Kosong ខេត្ត Kangwon ទៅក្នុងតំបន់ទ្រនាប់ ក្នុងសមុទ្រខាងកើត នាម៉ោងប្រមាណ១ និង២៧នាទី (ម៉ោងនៅកូរ៉េខាងត្បូង)។
តំបន់ទ្រនាប់នេះ ត្រូវបានយោធាកូរ៉េទាំងពីរ កំណត់នៅក្នុងកិច្ចព្រមព្រៀងមួយធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងតាមតំបន់ព្រំដែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ជុំវិញបញ្ហាខាងលើ កូរ៉េខាងត្បូងបានផ្ញើលិខិតមួយ ជំរុញឱ្យក្រុងព្យុងយ៉ាង បញ្ឈប់សកម្មភាពបង្ករឿងតទៅទៀត។
ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានអំពាវនាវឱ្យចាត់វិធានការយ៉ាងរហ័សលើកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលជាច្រើនគ្រាប់។ បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូងក៏ទទូចឱ្យយោធាខ្លួនត្រៀមខ្លួនរួចរាល់ ដើម្បីប្រឆាំងនឹងសកម្មភាពបង្ករឿងបន្ថែមពីសំណាក់កូរ៉េខាងជើងផង។
ស្របគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំប្រឹក្សាសន្តិសុខជាតិបន្ទាន់ នាថ្ងៃទី២ ខែវិច្ឆិកា បានចាត់ទុកការបាញ់មីស៊ីលមួយគ្រាប់ឆ្លងកាត់បន្ទាត់ក្រិតខាងត្បូង (NLL) ជាការបំពានដែនដីរបស់ខ្លួន។ ការបាញ់មីស៊ីលឆ្លងកាត់នោះ គឺជាលើកដំបូង បើគិតចាប់ពីកូរ៉េត្រូវបានបែងចែកជាពីរមក៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com