អន្តរជាតិ
អាមេរិក​គ្រោង​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 នៅ​ភាគ​ខាង​ជើង​អូស្ត្រាលី
03, Nov 2022 , 8:29 am        
រូបភាព
ដោយ: VOA
រូបឯកសារ៖ យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52 ត្រៀម​ចាក់​សាំង​នៅ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​បេសកកម្ម​ផ្លូវ​អាកាស​មួយ​។ To match Special Report USA-CHINA/BOMBERS
ចែករំលែក

 
សហរដ្ឋ​អាមេរិក​មាន​គម្រោង​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 ដែល​មាន​សមត្ថភាព​អាច​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​បាន​រហូត​ដល់​ទៅ ៦ គ្រឿង​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​ប្រភព​ដែល​ដឹង​អំពី​រឿង​នេះ​កាលពី​ថ្ងៃ​ចន្ទ។
 
កន្លែង​ផ្ទុក​យន្តហោះ B-52 ទាំង​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​តំបន់​ដាច់​ស្រយាល Tindal របស់​កងទ័ព​ជើង​អាកាស​ភូមិន្ទ​អូស្ត្រាលី (Royal Australian Air Force) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Darwin នៃ​ដែនដី Northern Territory របស់​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ប្រភព​ដែល​ដឹង​រឿង​នេះ ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ។
 
រឿង​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​នៅ​ក្នុង​កម្មវិធី Four Corners របស់​បណ្ដាញ​ព័ត៌មាន ABC របស់​អូស្ត្រាលី ដែល​សេចក្ដី​រាយការណ៍​នោះ​បាន​យោង​លើ​ឯកសារ​របស់​សហរដ្ឋ​អាមេរិក។
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី​ប្រឡូក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ការពារ «យូរៗ​ម្ដង»។
 
លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «ជា​ការពិត មាន​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​អូស្ត្រាលី។ នៅ​ក្នុង​ទីក្រុង Darwin គឺ​មាន​កងទ័ព​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក​ដែល​ប្ដូរ​វេន​គ្នា​ប្រចាំ​ការ​នៅ​ទីនោះ»។
 
ដែនដី Northern Territory របស់​អូស្ត្រាលី​បាន​ទទួល​រៀបចំ​កិច្ច​សហប្រតិបត្តិការ​យោធា​ជា​ញឹកញយ​រួច​មក​ហើយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ កងទ័ព​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​បាន​ប្ដូរ​វេន​គ្នា​នៅ​ទីនោះ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ការ​ហ្វឹកហាត់​និង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា ដែល​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ពេល​ដែល​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com