ជាតិ
សង្គមជាតិ
គ្រប់មនុស្ស ត្រូវតែធ្វើតេស្តរកសារជាតិគ្រឿងញៀន មុនអាចចូលបម្រើការងារ
03, Nov 2022 , 2:29 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 
 
អ្នកណាក៏ដោយ មិនថាដាក់ពាក្យសុំបម្រើការងារក្នុងមុខតំណែងអ្វី មិនថាដាក់ពាក្យសុំបម្រើការងារតាមក្រុមហ៊ុនឯកជន ឬតាមស្ថាប័នរដ្ឋ ម្ចាស់ក្រុមហ៊ុនឯកជន ឬអ្នកគ្រប់គ្រងស្ថាប័នរដ្ឋទាំងនោះ ចាំបាច់ត្រូវតែធ្វើតេស្តរកសារជាតិគ្រឿងញៀនលើពួកគេជាមុនសិន។ ពួកគេ ដាច់ខាតមិនត្រូវទទួលឲ្យចូលបម្រើការងារឡើយ បើរកឃើញសារជាតិគ្រឿងញៀនក្នុងខ្លួន។



សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅថ្ងៃមុខ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវធ្វើវិសោធនការកម្ម ដើម្បីបញ្ចូលចំណុចអំពីការធ្វើតេស្តរកសារជាតិគ្រឿងញៀនលើមនុស្សទាំងអស់ ដែលដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន។ ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ដូច្នេះថា៖«អ្នកទៅធ្វើការអីក៏ដោយ ត្រូវធ្វើតេស្ត [រកសារជាតិគ្រឿងញៀន] តែម្តង»។
 
សម្តេចឧបនាយករដ្ឋមន្រ្តី លើកយកករណីមួយចំនួន មកបញ្ជាក់ថា ដូចជា អ្នក ដែលដាក់ពាក្យសុំបម្រើការងារ ជាអ្នកបើករថយន្តតាមក្រុមហ៊ុនឯកជន ជាអ្នកបម្រើការងារតាមភោជនីយដ្ឋាន ជាអ្នកបម្រើការងារតាមសណ្ឋាគារ ជានគរបាល ជាមន្រ្តីរាជការ និងជាគ្រូបង្រៀន ជាដើម ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនទាំងអស់គ្នាជាមុនសិន។ សម្តេច បានបន្ថែមពីករណីអ្នកបើករថយន្តក្រុមហ៊ុនឯកជនថា ពួកគេ មិនមែនត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនតែម្តង ពេលដាក់ពាក្យសុំបម្រើការងារនោះទេ គឺត្រូវធ្វើតេស្តជាប់ជានិច្ចតាមកាលកំណត់ ក្រោយពួកគេ បានចូលបម្រើការងារ។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ លើកឧទាហរណ៍ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងត្រូវធ្វើវិសោធនកម្ម ហើយអាចនឹងត្រូវកំណត់ថា រយៈពេល៣ខែ ឬ៦ខែ អ្នកបើករថយន្តទាំងនោះ ត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនម្តង។ សម្តេច បន្តថា ការតម្រូវឲ្យអ្នកដាក់ពាក្យសុំចូលបម្រើការងារជាអ្នកបើករថយន្តក្រុមហ៊ុនឯកជន ត្រូវឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុន និងការកំណត់ពេលវេលាសម្រាប់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាប់ជាប្រចាំ ពេលពួកគេ បានចូលបម្រើការងារ នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវបញ្ចូលទៅក្នុងច្បាប់នេះ។ 
 
សម្តេចឧបនាយករដ្ឋមន្រ្តី ស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំធ្វើវិសោធនកម្មលើច្បាប់ស្តីពីការត្រួតពីពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបញ្ចូលអ្វីដែលសម្តេចមានប្រសាសន៍ខាងលើទៅក្នុងច្បាប់ទាំង២នេះ។ សម្តេច មើលឃើញថា ការធ្វើវិសោធនកម្មលើច្បាប់ទាំង២ឲ្យមានភាពតឹងរ៉ឹងបែបនេះ គឺជាវិធានការ១ ដែលអាចទប់ស្កាត់គ្រឿងញៀន និងអាចការពារកូនខ្មែរ កុំឲ្យផុងខ្លួនក្នុងគ្រឿងញៀន៕ 
 
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com