អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីចូលកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែនវិញ ក្រោយផ្អាកជិត១សប្តាហ៍
03, Nov 2022 , 4:39 pm        
រូបភាព
ដោយ:
រុស្ស៊ី នៅថ្ងៃទី២ ខែវិច្ឆិកាប្រកាសបន្តចូលរួមកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិជាមួយអ៊ុយក្រែនដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីផ្អាកប្រហែល៥ថ្ងៃដោយចោទថាអ៊ុយក្រែនប្រើច្រករបៀងដឹកផលិតផលកសិកម្មនេះវាយប្រហារកងនាវាចរណ៍សមុទ្រខ្មៅរបស់ខ្លួន។

 
បន្ទាប់ព្យួរពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមរយៈសមុទ្រខ្មៅជិត១សប្តាហ៍​ រុស្ស៊ីនៅថ្ងៃទី២ ខែវិច្ឆិកាប្រកាសចូលកិច្ចព្រមព្រៀងនេះវិញ។ ប៉ុន្តែ បើទោះគ្មានការចូលរួមពីភាគីរុស្ស៊ីក្តី នាវាដឹកជញ្ជូនធញ្ញជាតិតាមសមុទ្រខ្មៅទៅប្រទេសផ្សេងៗដំណើរការធម្មតា។ 
 
«សហព័ន្ធរុស្ស៊ីចាត់ទុកថាការធានាដែលទទួលបាននៅពេលនេះដូចជាគ្រប់គ្រាន់ហើយ និងបន្តអនុវត្តកិច្ចព្រមព្រៀង»។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសបែបនេះនាថ្ងៃទី២ ខែវិច្ឆិកាដោយអះអាងថា ខ្លួនទទួលបានការធានាពីអ៊ុយក្រែនដែលថានឹងមិនប្រើច្រកនេះជាប្រតិបត្តិការយោធាវាយប្រហាររុស្ស៊ីនោះទេ។
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងក្នុងវីដេអូថា ការណ៍ដែលក្រុងមូស្គូទាមទារការធានាផ្នែកសន្តិសុខពីអ៊ុយក្រែនបង្ហាញពីបរាជ័យនៃការឈ្លានពានរបស់រុស្ស៊ី ហើយនេះក៏បញ្ជាក់ពីការរួបរួមដ៏ខ្លាំងក្លារបស់អ៊ុយក្រែនដែរ។ 
 
កិច្ចព្រមព្រៀងបើកផ្លូវឱ្យដឹកធញ្ញជាតិចេញពីអ៊ុយក្រែននេះសម្រេចបានកាលពីចុងខែកក្កដា ហើយត្រូវបានដាក់ឱ្យអនុវត្តដំបូង១២០ថ្ងៃដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកា។ មកទល់ពេលនេះ ធញ្ញជាតិជាង៩លានតោនត្រូវបានដឹកទៅកាន់ប្រទេសនានាដើម្បីជួយដោះស្រាយបញ្ហាស្បៀង៕
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com