ជាតិ
បុណ្យអុំទូក
ក្រចេះ មណ្ឌលគិរី រៀបចំខ្លួនជាស្រេច ដើម្បីទទួលទេសចរ នាថ្ងៃបុណ្យអុំទូក
03, Nov 2022 , 6:59 pm        
រូបភាព
ក្រចេះ មណ្ឌលគិរី រតនគិរី រៀបចំខ្លួនជាស្រេចដើម្បីទទួលទេសចរ នាថ្ងៃបុណ្យអុំទូក
ក្រចេះ មណ្ឌលគិរី រតនគិរី រៀបចំខ្លួនជាស្រេចដើម្បីទទួលទេសចរ នាថ្ងៃបុណ្យអុំទូក
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កំពុងរៀបចំលំអក្រុង ក៏ដូចជារៀបចំសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ នៅតាមតំបន់ទេសចរណ៍នីមួយៗ ដើម្បីផ្តល់ជូននូវសេវាកម្មដល់ភ្ញៀវ សម្រាប់ការឈប់សម្រាក ៣ថ្ងៃខាងមុខ ពីថ្ងៃ​ទី​៧-៩ វិច្ឆិកា។ រដ្ឋបាលខេត្តក្រចេះ និង​ខេត្ត​មណ្ឌលគិរី សង្ឃឹមថា​បុណ្យអុំទូកខាងមុខ ទេសចរនឹងមកកម្សាន្តច្រើន បើទោះជាមិនរៀបចំកម្មវិធីសម្រាប់អបអរក្តី។


ជារៀងរាល់ឆ្នាំ ទេសចរមិនភ្លេចឡើយ​នូវតំបន់ទេចរណ៍ពេញនិយមជាច្រើន ដែលស្ថិតនៅភាគឦសាន។ ជាក់ស្តែង ក្រចេះ មានសហគមន៍អេកូទេសចរណ៍កោះទ្រុង សហគមន៍ក្រឡាន ភ្នំសំបុក អន្លង់ផ្សោតកាំពី និងវិហារសរសរ១០០ សុទ្ធសឹងតែជាតំបន់ទេសចរណ៍ពេញនិយម សម្រាប់ភ្ញៀវមកកម្សាន្ត នាថ្ងៃឈប់សម្រាក និងពិធីបុណ្យទានផ្សេងៗ។
 
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបរាប់ថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាកន្លងទៅ ទេសចរបានដើរកម្សាន្តនៅខេត្តក្រចេះមានចំនួនច្រើនគួរឱ្យកត់​សម្គាល់។ នៅថ្ងៃបុណ្យអុំទូក  ខេត្តក្រចេះ​មិនមានរៀបចំព្រឹត្តិការណ៍អ្វីផ្សេងទៀតទេ ក្រៅពីការៀបចំសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យតាមតំបន់សហគមន៍ទេសចរណ៍គោលដៅនានា។


  លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ។ រូបភាពពី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
 
«ពេលវេលាជាក់ស្តែង គឺស្ថិតលើថ្ងៃខាងមុខ​ ប៉ុន្តែកន្លងមកខេត្តមានទេសចរជាង ១២ម៉ឺននាក់ក្នុងថ្ងៃបុណ្យអុំទូក។ ទេសចរដែលមកកម្សាន្តនៅខេត្តក្រចេះភាគច្រើនដើរកម្សាន្ត ឬធ្វើដំណើរឆ្លងកាត់ខេត្តនេះច្រើន រួមមាន តំបន់អន្លង់ផ្សោតកាំពី និងដែនជម្រកព្រៃឡង់ កោះព្រហ្មចារី កោះសាមសិប និងតំបន់ទេសចរណ៍សហគមន៍ជាច្រើនទៀត»។ នេះជាការបញ្ជាក់របស់ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
 
ប្រធានមន្ទីរទេសចរណ៍រូបនេះ រំពឹងថា អុំទូកឆ្នាំនេះ ខេត្តក្រចេះ អាចទទួលបានច្រើនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ដ្បិតខេត្តបានពង្រីកតំបន់ទេសចរណ៍ថ្មីបន្ថែមដែរ។ ទន្ទឹងនឹងនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ក៏បានត្រៀមខ្លួនទទួលទេសចរដូចជាការផ្សព្វផ្សាយពី វិធានសុវត្ថិភាព ពង្រឹងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងបង្កើនកន្លែងស្នាក់នៅ ដូចជាមានការបោះតង់តាមរីសតជាដើម។
 
ដោយ​ឡែក​ខេត្ត​មណ្ឌល​គិរី ​ក៏​ត្រៀម​ទទួល​ភ្ញៀវទេសចរផង​ដែរ។ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី រំពឹងថា នឹងទទួលបានលំហូរទេសចរច្រើន។ ទីតាំងទេសចរណ៍សំខាន់ៗដែលទេសចរតែងតែទៅកម្សាន្តច្រើន ក្នុងខេត្តមណ្ឌលគិរី រួមមានទឹកជ្រោះប៊ូស្រា សមុទ្រឈើ ភ្នំដោះក្រមុំ និងភ្នំណាមលៀរជាដើម។
 
បើ​តាម​លោក ងិន សុវិមាន មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងរៀបចំសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ និងរៀបចំលំអភ្លើង គោមនៅតាមដងផ្លូវទំនប់ក្រោម ដើម្បីផ្តល់ជូននូវសេវាកម្មដល់ភ្ញៀវ។ បច្ចុប្បន្នកន្លែងស្នាក់នៅក្នុង​ខេត្ត​មណ្ឌលគិរីមាន​ចំនួន ១៦០០បន្ទប់។ ទេសចរមកកម្សាន្តខេត្ត​មណ្ឌលគិរី មិនដែលខ្វះកន្លែងស្នាក់នៅឡើយ។


  លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី
 
អភិបាលរងខេត្តមណ្ឌលគិរីរូបនេះ លើក​ឡើងថា៖ «រដូវវស្សានេះ ខេត្តមណ្ឌលគិរី មានអាកាសធាតុត្រជាក់ បរិយាកាសល្អ គួបផ្សំនឹងសម្រស់ធម្មជាតិខៀវស្រងាត់ ដែលទាក់ទាញទេសចរជាច្រើនមកកម្សាន្ត​លេងជារៀងរាល់ឆ្នាំ។ នាពិធីបុណ្យអុំទូកនៅថ្ងៃទី៧ ដល់៩ ខែវិច្ឆិកានេះ សង្ឃឹមថាទេសចរនឹងមកកម្សាន្តច្រើនប្រហែលឆ្នាំមុនៗដែរ»។ 
 
ព្រៃ​ស្រល់ និង​វាលស្មៅ​នៅ​មណ្ឌលគិរី​​ដ៏​ស្រស់បំព្រង និង​ខ្យល់​បរិសុទ្ធ​នា​រដូវ​លម្ហើយ នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ក​ម្ព​ជាមួយនេះ បាន​អន្ទង​អារម្មណ៍​អ្នកដំណើរ​តាម​វិថី​នេះ​ឱ្យ​កាន់តែ​ស្រស់ថ្លា និងជាទីតាំង​ថតរូប​ដ៏​ទាក់ទាញ​របស់​អ្នកទេសចរ។ លោក ងិន សុវិមាន បានអំពាវនាវ ដល់អាជីវកម្ម សេវាកម្មទេសចរណ៍សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត និងសេវាកម្មម្ហូបអាហារទាំងអស់ឱ្យពង្រឹងគុណភាព តម្លៃសេវាកម្មកុំដំឡើងថ្លៃក្នុងពិធីបុណ្យអុំទូកខាងមុខ៕​
 
 

Tag:
 ThmeyThmey25
  ភាគឦសាន
 ទេសចរ
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com