ជាតិ
យុវជន១៦០នាក់ ត្រៀមឡើងភ្នំឱរ៉ាល់​
05, Nov 2022 , 11:02 am        
រូបភាព
ទិដ្ឋភាពនៅភ្នំឱរ៉ាល់
ទិដ្ឋភាពនៅភ្នំឱរ៉ាល់
ដោយ៖ សែម ប្រាក់់ដាវ

យុវជន១៦០នាក់ នឹងឡើងភ្នំឱរ៉ាល់ នៅថ្ងៃទី៦ វិច្ឆិកា ។ នេះបើតាម លោក ឈឺ​ន ឆី​ម ប្រធានសហគមន៍ភ្នំឱរ៉ាល់។


លោក ឆីម បានបន្ថែមថា ក្រុមយុវជនទាំងនោះ បានកក់ផ្ទះស្នាក់នៅ និងតង់ហើយ ។ បើតាមលោក ឆីម ដំណើរឡើងភ្នំឱរ៉ាល់នេះ គឺត្រូវប្រើពេល៨ ទៅ៩ ម៉ោង ទើបអាចដល់កំពូលភ្នំ។ ប៉ុន្តែបើទេសចរ មិនមានកម្លាំងគ្រប់គ្រាន់នោះ គឺត្រូវសម្រាកនៅត្រឹមចង្កេះភ្នំមួយយប់ ហើយសឹមពេលព្រឹកព្រលឹម បន្តដំណើរឡើងកំពូលភ្នំ ។
 
ប្រធានសហគមន៍ភ្នំឱរ៉ាល់រូបនេះ បានអះអាងថា ទេសចរ ដែលបានឡើងដល់កំពូលភ្នំពិតជាមិនខកបំណងឡើយ ព្រោះពួកគេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំ។ 
 
លោក ឆីម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ឈប់សម្រាក៣ថ្ងៃ នៅថ្ងៃទី៧-៩វិច្ឆិកា ខាងមុខនេះ ខ្ញុំសង្ឃឹមថានឹងទទួលបានទេសចរច្រើនមកកម្សាន្តនៅកំពូលភ្នំឱរ៉ាល់ ដោយសាររដូវវស្សា សម្រស់ភ្នំឱរ៉ាល់ហាកបីស្រស់ស្អាតខ្លាំងជាទីទស្សនា ដែលទេសចរអាចរំសាយអារម្មណ៍បានយ៉ាងល្អ»។  
 
បើតាមប្រធានសហគមន៍រូបនេះ រៀងរាល់ចុងសប្តាហ៍ តែងតែមានទេសចរ ២-៣ ក្រុម មកទទួលបទពិសោធន៍ឡើងភ្នំ ដែលមានកម្ពស់១៨១៣ម៉ែត្រនេះ។  «ទេសចរដែលចង់ទៅឡើងភ្នំឱរ៉ាល់ គួរទៅចាប់ខែមករា ដល់ខែមីនា ព្រោះអាកាសធាតុមិនសូវត្រជាក់ខ្លាំងនៅលើកំពូលភ្នំ។ ប៉ុន្តែសម្រាប់វិច្ឆិកាវិញ  អាកាសធាតុត្រជាក់ខ្លាំង ពិបាកពិតមែន ប៉ុន្តែសហគមន៍ភ្នំឱរ៉ាល់បានរៀបចំកន្លែងស្នាក់នៅ និងត្រៀមតង់ជាច្រើន ដើម្បីទទួលទេសចរមកកម្សាន្ត នៅថ្ងៃបុណ្យអុំទូកខាងមុខនេះ»។ នេះបើតាមលោក ឆីម៕
 

Tag:
 ThmeyThmey
 ទេសចរណ៍
 ខ្នងផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com