ជាតិ
សង្គមជាតិ
២៣ឆ្នាំក្រោយ តោថ្មនៅស្ពានហាលអង្គរវត្តវិលមកទីតាំងដើមវិញ
05, Nov 2022 , 11:31 am        
រូបភាព
ការដឹកតោថ្មចេញពីអភិរក្សដ្ឋានអង្គរទៅស្ពានហាលអង្គរវត្ត
ការដឹកតោថ្មចេញពីអភិរក្សដ្ឋានអង្គរទៅស្ពានហាលអង្គរវត្ត
សៀមរាប៖ ក្រោយការជួសជុលកំពង់ទឹកស្ពានហាលអង្គរវត្ត វត្តមាននៃតោថ្មដែលដាក់សងខាងនៃកំពង់ទឹកនេះ ក៏ត្រូវបាននាំយកទៅតម្កល់ឡើងវិញ បន្ទាប់ពីត្រូវបានដឹកយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរអស់រយៈកាល ២៣ឆ្នាំ គឺពីឆ្នាំ ១៩៩៧មក។

 
កម្ពស់ជាង២ម៉ែត្រ និងមានទំហំជិត៣តោន នៃចម្លាក់តោថ្មនីមួយៗ ពិតជាមិនស្រួលប៉ុន្មានទេក្នុងលើកដាក់។ ក្រុមការងារគម្រោងជួសជុលស្ពានហាលអង្គរវត្តសរុបជិត២០នាក់ បានប្រើប្រាស់ចំណេះជំនាញច្រើនឆ្នាំ ចងរិតលើកតោថ្មដ៏ធំទាំងពីរនេះ តាមដងស្ទួច ដោយប្រើពេល១ម៉ោងទើបអាចលើកដាក់លើរថយន្តបាន។ ម៉ោង៩ព្រឹក នាថ្ងៃទី៤ វិច្ឆិកា រថយន្តដឹកតោថ្ម បានរំកិលខ្លួនតិចៗចេញពីអភិរក្សដ្ឋានអង្គរ ឆ្ពោះទៅស្ពានហាល នៃប្រាសាទអង្គរវត្ត។
 
ការលើកឡើងរថយន្តជារឿងពិបាកមួយ ហើយការលើកចុះវិញក៏ពិបាកមួយបែប។ តែមុនទម្លាក់តោចេញពីរថយន្ត គេបានរៀបចំពិធីសែនព្រេនតូចមួយតាមទំនៀមទម្លាប់ពីបុរាណ ដើម្បីសុំសេចក្ដីពេលបំពេញការងារនេះ។ 
 
ពិធីសាសនាបានចប់ គេបានប្រើប្រដាប់អូសចំនួនមួយ ដោយដាក់តោលើនោះ ហើយឱ្យក្រុមការងារអូសទាញបន្ដិចម្ដងៗ ដើម្បីរំកិលទៅកំពង់ទឹក។ ការធ្វើដូច្នេះ ដើម្បីធានាសុវត្ថិភាពតោថ្មផង និងខ្លាចមានការខូចខាតកម្រាលស្ពានហាលដែលទើបជួសជុលផង ដ្បិតតោមានទម្ងន់ធ្ងន់។ មធ្យោបាយនេះ ចាយពេលមិនក្រោមជិតមួយម៉ោងទេ ទើបរំកិលតោបានមួយ។


 ពិធីសែនព្រេនតាមសាសនាមុនលកតោថ្មចុះនៅមុខស្ពានហាលអង្គរវត្ត

ប្រធានគម្រោងជួសជុលស្ពានហាលអង្គរវត្ត លោក អន សុភាព បានឱ្យដឹងថា ការយកតោថ្មមកដាក់ទីតាំងដើមវិញនេះ គឺនៅពេលដែលគម្រោងជួសជុលស្ពានហាលហ៊ាបនឹងបញ្ចប់ទាំងស្រុងនាពេលដ៏ឆាប់ខាងមុខ។ លោក សុភាព រំឭកថា តោថ្មទាំងពីរនេះ ធ្លាប់បានជួសជុលម្ដងហើយនៅសម័យបារាំង តែនៅកំឡុងខែ តុលា ឆ្នាំ១៩៩៧ ដោយសារមានការបាក់ច្រាំងមុខតារាជ និងប៉ះពាល់ដល់តោថ្មផង ក៏ថ្នាក់ដឹកនាំសម្រេចយកចម្លាក់តោទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរជាបណ្ដោះអាសន្ន។  
 
តាមការបញ្ជាក់ពីលោក អន សុភាព ក្រុមការងារបស់លោក នឹងរៀបចំលើកតោថ្មទាំងពីរនេះដាក់នៅទីតាំងដើមវិញ ដើម្បីលើកតម្លៃកំពង់ទឹកឡើងវិញ ហើយរំពឹងថា ទីតាំងនេះនឹងមានភាពទាក់ទាញដល់ទេសចរក្រោយបើកដំណើរការឱ្យចរាចរណ៍ឡើងវិញ។
 
គួរបញ្ជាក់ថា តោថ្មទាំងពីរខាងលើ ត្រូវបានជួសជុលឡើងវិញពីខែ មេសា មក។ មុនជួសជុលតោថ្មនេះមានសភាពទ្រុឌទ្រោម មានបែកបាក់រូបរាងជាអន្លើរនៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយ។ល។ កាលសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ  ប៉ុន្តែក្រោយមក ស៊ីម៉ង់ត៍អស់អាយុកាល ធ្វើឱ្យបែកបាក់ជាបន្តបន្ទាប់។ ហើយការជួសជុលថ្មីនេះ គេប្រើប្រាស់ថ្មភក់ថ្មី ដាក់ឆ្លាក់បំពេញកន្លែងដែលបាត់ថ្ម និងបាក់បែក៕
 


 

Tag:
 តោថ្ម
  ស្ពានហាលអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com